ភ្នំពេញៈ វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡា ដែលជាគម្រោងដើម ឆ្នាំ ២០១៨ របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តាមរយៈអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ (OS) ដែលជាស្ថាប័នជំនាញបណ្តុះបណ្តាលផ្នែកធនធានមនុស្សនោះ បានផ្ដល់ជូនដល់មន្ត្រីអប់រំកាយ និងកីឡា ប្រចាំខេត្តប៉ៃលិន មុនគេ គឺមានរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា នៅក្រុងប៉ៃលិន ក្រោមការផ្តួចផ្តើមពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
គ្រូឧទ្ទេសនាម ជាមន្ត្រីជំនាញកីឡា ដែលទទួលស្គាល់សមត្ថភាពពី IOC ចំនួន ៤ នាក់ គឺជាអ្នកបង្ហាត់បង្ហាញដល់សិក្ខាកាម ចំនួន ២៥ នាក់ (ស្រី ១ នាក់) មកពីការិយាល័យអប់រំ យុវជន និងកីឡា ថ្នាក់ស្រុក ខណ្ឌ និងតាមវិទ្យាល័យ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា ចំណុះក្នុងខេត្តប៉ៃលិន ឲ្យយល់ដឹងអំពីសកម្មភាពកីឡាសម័យទំនើប មានប្រធានបទផ្តោតទៅលើរដ្ឋបាលកីឡា និងទីផ្សារ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ឲ្យត្រឹមត្រូវតាមច្បាប់។
លោក មាស សារ៉េត នាយករងផ្នែកព័ត៌មាន NOCC និងជានាយបេសកកម្មគ្រប់គ្រងវគ្គនេះ បានឲ្យដឹងថា៖ «នេះជាវគ្គបណ្តុះបណ្តាលមុនគេបង្អស់ ក្នុងគម្រោងប្រចាំឆ្នាំ ២០១៨ ដែលបានផ្តល់ជូនខេត្តប៉ៃលិនមុនគេ ហើយបន្ទាប់មក មានគម្រោងផ្តល់ជូនដល់ខេត្ត៣ទៀតដូចជាខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ នៅចុងឆ្នាំ»។
លោកបន្ដថា វាគ្មិនសំខាន់ៗ ដែលចូលរួមជាគ្រូឧទ្ទេសនាម ក្នុងវគ្គនេះមាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។ លោកជា គ្រូឧទ្ទេសនាមស្តីពីប្រវត្តិ និងចលនាអូឡាំពិក ព្រមទាំងអំពីអង្គការសាមគ្គីអូឡាំពិកសម័យបុរាណ និងសម័យទំនើប ជាពិសេសស្ថាបនិកអូឡាំពិកសម័យទំនើប ដោយមានទស្សនៈអប់រំរាងកាយសុខភាព ច្រើនជាងប្រកួត ដែលប្រើប្រាស់ដោយកម្លាំងហិង្សា គឺសម្រួចស្វែងរកផ្នែកបច្ចេកទេស ជាចម្បង ហើយលោក ក៏នឹងបង្ហាញពីមូលហេតុ ដែលធ្វើឲ្យមានកំណើតនៃកីឡាអូឡាំពិក ផងដែរ។
ចំណែក លោក កែវ សារ៉េត នាយកសាលាបាល់ទាត់បាទី ជាគ្រូឧទ្ទេសនាម ស្តីពីការប្រកួតដោយយុត្តិធម៌ របៀបដោះស្រាយបញ្ហាវិវាទ ការកំណត់និស្ស័យរបស់កីឡាករ ការអភិវឌ្ឍគ្រូបង្វឹកកីឡា និងការអភិវឌ្ឍកីឡាករកម្រិតខ្ពស់ ដូចជាកីឡាជម្រើសជាតិ ជាដើម។
លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាគ្រូឧទ្ទេសនាមអំពីរបៀបធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ការរៀបចំអង្គប្រជុំ ការរៀបចំព្រឹត្តិការណ៍កីឡាមួយ ទំនាក់ទំនង និងចលនាស្ត្រី និងកីឡា ព្រមទាំងបង្ហាញពីការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍នីមួយៗ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្រ្ដអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបង្ហាញពីការត្រួតពិនិត្យសារធាតុជំនួយកម្លាំង (Doping) ការបញ្ជាក់ភេទ ការសង្គ្រោះបឋម ពេលប្រកួតមានបញ្ហា ពិសេសស្វែងយល់អំពីវេជ្ជសាស្រ្ដកីឡា។
លោក វ៉ាត់ ចំរើន បានប្រាប់ថា៖«វគ្គបណ្តុះបណ្តាលនេះ យើងទទួលបានការឧបត្ថម្ភថវិការួមគ្នាពី OS ព្រមទាំងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ អូឡាំពិកកម្ពុជា ស្របពេលដែលនយោបាយកីឡារបស់ជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងបញ្ជ្រាបជំនាញកីឡា ឲ្យដល់មូលដ្ឋានខេត្តឆ្ងាយៗ ក្នុងបំណងឲ្យកម្ពុជា មានធនធានមនុស្សជំនាញផ្នែកកីឡាសមស្របតាមការរីកចម្រើនរបស់ជាតិ ឆ្ពោះទៅរៀបចំជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
លោកបានបន្ថែមថា៖ «អ្នកដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ដោយពួកគេអាចទៅចូលរួមក្នុងសកម្មភាពកីឡាអន្តរជាតិបាន ព្រោះសិក្ខាកាមទាំងអស់ សុទ្ធតែទទួលបានលិខិតបញ្ជាក់ពីប្រធានអូឡាំពិកអន្តជាតិ»៕