ភ្នំពេញៈ ក្រុមអត្តពលិក របស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ២ ឆ្នាំ ២០១៨ បន្ទាប់ពីប្រភេទកីឡាមួយនេះបានបញ្ចប់នៅពហុកីឡដ្ឋានមរតកតេជោកាលពីថ្ងៃចន្ទ ម្សិលមិញ។
នៅក្នុងពិធីបំពាក់មេដាយ ដោយមានការចូលរួមផ្ទាល់ពីលោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនោះ គឺក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាស ១២ ប្រាក់ ៤ និងសំរឹទ្ធ ១ ហើយតាមពីក្រោយដោយរាជធានីភ្នំពេញ ដែលបានមេដាយមាស ៤ ប្រាក់ ៤ និងមេដាយសំរឹទ្ធចំនួន ៦។
ចំណែកខេត្តត្បូងឃ្មុំ ដណ្តើមបានមេដាយមាស ១ និងប្រាក់ ២ ឯក្រុមខេត្តកំពង់ចាម ដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ហើយខេត្តព្រៃវែង បានប្រាក់ ២ ខណៈខេត្តកោះកុង ឈ្នះបានប្រាក់ ៣ និងសំរឹទ្ធ ៣ តាមពីក្រោយដោយខេត្តកំពត ដែលឈ្នះបានប្រាក់ ២ សំរឹទ្ធ ៤ និងខេត្តកណ្តាល ដណ្តើមបានមេដាយសំរឹទ្ធ ៣។
ចំពោះលទ្ធផលនៃការប្រកួត នៅលើវិញ្ញាសាមួយចំនួនដែលត្រូវបានដាក់ឲ្យប្រកួតនៅថ្ងៃ បិទកម្មវិធីកាលពីថ្ងៃចន្ទនោះ វិញ្ញាសាហែលមេអំបៅ ៥០ ម៉ែត្រ មេដាយមាសបានលើកីឡាការិនី សាន ស្រីឡែន មកពីខេត្តកំពង់ចាម ប្រាក់បានទៅ ឃឹន ប៊ុនពេជ្រ របស់ខេត្តកំពត និងមេដាយសំរឹទ្ធ បានលើ កាំង មុយនឹន មកពីខេត្តកោះកុង។
ចំណែកប្រកួតហែលកង្កែបចម្ងាយ ១០០ ម៉ែត្រ កីឡាករ ហែម ថុនពន្លឺ របស់រាជធានីភ្នំពេញ បានមេដាយមាស ចេង សុផា មកពីក្រសួងមហាផ្ទៃ បានប្រាក់ និង អ៊ួង លីហេង របស់ខេត្តកណ្តាល បានសំរឹទ្ធ។ រីឯហែលផ្ងារ ៥០ ម៉ែត្រ កីឡាការិនី ឆោម ស្រីវល័ក្ខណ៍ របស់រាជធានីភ្នំពេញ បានមាស ប៊ុន រក្សា របស់ក្រសួងមហាផ្ទៃ បានប្រាក់ និង វិច ហ្សង់ឆាយ មកពីខេត្តកំពត បានមេដាយសំរឹទ្ធ។
ចំពោះវិញ្ញាសាហែល៤របៀប ឯកត្តជនបុរសចម្ងាយ៤០០ម៉ែត្រ មេដាយមាសបានលើកីឡាករ លឹម កែវឧត្តម របស់ក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើ ភិន រដ្ឋា មកពីខេត្ត កោះកុង និងមេដាយសំរឹទ្ធ បានទៅ ឆោម ច័ន្ទថន របស់រាជធានីភ្នំពេញ។ ចំណែកមេដាយនារី ជាក្រុមបានទៅលើក្រសួងមហាផ្ទៃ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ប្រាប់ថា៖ «នៅក្នុងការប្រកួតកីឡាហែលទឹកនេះ មានមេដាយមាសសរុបចំនួន ១៨ (១៨ វិញ្ញាសា) ហើយក្រសួងមហាផ្ទៃឈ្នះបានមេដាយមាស ១២ និងទទួលបានលេខ ១ ខណៈដែលរាជធានីភ្នំពេញ បានមាសចំនួន ៤ ប៉ុណ្ណោះ ឈរលំដាប់ទី ២។ ចំណែកប្រភេទកីឡាផ្សេងទៀត កំពុងប្រកួតនៅឡើយប៉ុន្តែគូប្រជែងខ្លាំងស្រួចស្រាល់ជាមួយក្រសួងមហាផ្ទៃ គឺមានតែរាជធានីភ្នំពេញទេ ដែលប្រដេញគ្នាឡើងចុះ លើកំពូលតារាង ជាបណ្តោះអាសន្ន»៕