ភ្នំពេញៈ ថ្នាក់ដឹកនាំ​កីឡា​របស់​ក្រសួងមហាផ្ទៃ គ្រោង​នឹង​ជំរុញ​ឲ្យ​ក្រុម​ប៉ូលិស នៅ​ទូទាំង​ប្រទេស​កម្ពុជា ធ្វើការ​ហ្វឹកហាត់​ក្បាច់​គុន រហូត​ដល់​ខ្សែ​ក្រវាត់​ខ្មៅ ដើម្បី​ឲ្យ​ប៉ូលិស មាន​សមត្ថភាព​កាន់​តែ​ខ្លាំង ក្នុង​ការ​យក​ក្បាច់​គុន​ទាំង​នេះ ទៅ​ប្រើ​ប្រាស់​ក្នុង​ភារកិច្ច​របស់​ខ្លួន និង​ការពារ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ។

ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ លោក ជា ប៊ុនហេង បាននិងកំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​នគរបាល​អន្តរជាតិ ដើម្បី​បណ្តុះ​ថ្នាក់​ថ្នាល និង​គ្រូបង្វឹក​នៅ​លើ​ប្រភេទ​កីឡា​ចំនួន ៥ មុន​ពេល​ឈាន​ទៅ​ដល់​ការ​បញ្ចូន​គ្រូបង្វឹក​ជំនាញ​ទាំង​នោះ​ចេញ​ទៅ​បង្វឹក​ដល់​ក្រុម​ប៉ូលិស នៅ​តាម​ស្នងការ​នគរបាល ទូទាំង​ប្រទេស​កម្ពុជា។

លោក ប៊ុនហេង បញ្ជាក់ថា៖ «យើង នឹង​បង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​កីឡា​យុទ្ធសិល្ប៍​នគរបាល​អន្តរជាតិ ដើម្បី​ប្រមូល​កម្លាំង​សរុប​ទាំង​អស់​ឲ្យ​ក្លាយ​ទៅ​ជា​គ្រូបង្វឹក និង​ថ្នាក់​ដឹកនាំ ហើយ​យើង​នឹង​បញ្ជូន​ពួកគេ​ឲ្យ​បង្វឹក​ដល់​គ្រប់​ប៉ូលិស នៅ​តាម​ស្នងការ​រាជធានី​ខេត្ត​ទាំង ២៥ ដើម្បី​ឲ្យ​កង​កម្លាំង​នគរបាល​របស់​យើង​ទូទាំង​ប្រទេស សុទ្ធ​តែ​មាន​ជំនាញ​ខាង​កីឡា​ប្រយុទ្ធ និង​ស្នៀត​ការពារ​ខ្លួន»។

លោក​បន្តថា៖ «កាលណា​ពួកគាត់ មានចំណេះ​ជំនាញ​ខាង​កីឡា​ប្រយុទ្ធ គឺ​គាត់​អាច​បំពេញ​បេសកកម្ម ចាប់​ចង​ជន​ខិល​ខូច ដោយ​មិន​ចាំបាច់​ប្រើ​កាំ​ភ្លើង​ទេ ហើយ​ខ្ញុំ​ជឿ​ថា យ៉ាង​យូរ​រយៈពេល ៣ ឆ្នាំ​ទៀត ប៉ូលិស​របស់​យើង​នឹង​មាន​ជំនាញ​ខាង​កីឡា​ប្រយុទ្ធ។ ហេតុ​នេះ​ជា​គោល​ដៅ យើង​ត្រូវ​បង្កើត សហព័ន្ធ​កីឡា​យុទ្ធ​សិល្ប៍​នគរបាល​អន្តរជាតិ មួយ​ក្នុង​អង្គភាព​ប៉ូលិស ព្រោះ​សហព័ន្ធ​នោះ ជា​អ្នក​ប្រមូល​ផ្តុំ និង​បណ្តុះ​ថ្នាក់​ថ្នាល គ្រូ​ជំនាញ គ្រូ​បង្គោល ឲ្យ​បាន​ចំនួន​សម​ស្រប​ទៅ​នឹង​រាជធានី​ខេត្ត ហើយ​ជា​ជំហាន​ទី ២ យើង​អាច​បញ្ជូន​គ្រូ​ទាំង​អស់​នោះ ឲ្យ​ចុះ​បង្ហាត់​ដល់​អធិការ នគរបាល​គ្រប់​ស្រុក នៅ​ទូទាំង​ប្រទេស»។

លោក​បន្ថែមថា៖ «ការនិយាយ​បែបនេះ មិនមែន​មានន័យថា កន្លងមក ក្រុមប៉ូលិស​យើង អត់​ធ្លាប់​ហាត់​នោះ​ទេ ប៉ុន្តែ​ការ​ហាត់ ជា​របៀប​បណ្តុះ​បណ្តាល​រយៈពេល​ខ្លី អ៊ីចឹង​ចំណេះ​ដែល​គាត់​ទទួល​បាន អត់​អាច​យក​ទៅ​ប្រើការ​អី​កើត​ទេ។ ដោយ​ឡែក​លើក​នេះ កីឡា​ប្រយុទ្ធ ដែល​បញ្ចុះ​ដល់​គ្រប់​ប៉ូលិស​មូលដ្ឋាន​នេះ គឺ​ត្រូវ​តែ​ហាត់​ឲ្យ​ដល់​ខ្សែ​ក្រវាត់​ខ្មៅ​យ៉ាង​តិច ហើយ​កាល​ណា​គាត់​មាន​ជំនាញ​កីឡា​ប្រយុទ្ធ​ដូចជា​ការ៉ាតេដូ យូដូ តេក្វាន់ដូ អៃគីដូ ហាប់គីដូ ជាដើម គឺ​ពួក​គាត់​នឹង​ក្លាយជា​កម្លាំង​មួយ ដែល​មាន​ប្រសិទ្ធ​ភាព ទៅ​ជា​កម្លាំង​ប្រកប​ដោយ​សក្តា​នុពល ហើយ​គាត់​អាច​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន»។

ជាមួយនឹង​ផែនការ​នេះ អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ ចាប់​គិតពី​ឥឡូវនេះ​ទៅ ហើយនឹង​ចាប់​អនុវត្ត​ជាក់​ស្តែង​ពី​ដើម​ឆ្នាំ ២០១៩ ទៅ។ លោក ជា ប៊ុនហេង បាន​ប្រាប់​ទៀត​ថា៖ «ពេល​នេះ​យើង​មាន​គ្រូបង្វឹក​ប្រមាណ ២០ ទៅ ៣០ នាក់ ហើយ​យើង​នឹង​សុំ​គោល​ការណ៍​ទៅ​សម្តេច ដើម្បី​បញ្ចុះ​ពួក​គាត់​ទៅ​គ្រប់​ស្នងការ​ដ្ឋាន​ប៉ូលិស​នៅ​ទូទាំង​ប្រទេស ទាំង ២៥ រាជធានី​ខេត្ត ហើយ​យើង​នឹង​បណ្តុះ​បណ្តាល​គ្រូ​បន្ថែម​ទៀត»។

យ៉ាងណាក៏ដោយ អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ គ្រោង​យកតែ ៥ ប្រភេទ​កីឡា​សិន សម្រាប់​ឲ្យ​ប៉ូលិស ហាត់។ លោក ប៊ុនហេង បញ្ជាក់​ថា៖ «បច្ចុប្បន្ន យើង​មាន​ប្រភេទ​កីឡា​ប្រយុទ្ធ​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ ចំនួន ១៣ ប៉ុន្តែ ជំហាន​ដំបូង យើង​យក​ក្បាច់​គុន​របស់​កូរ៉េ និង​ជប៉ុន​សិន ក្នុង​នោះ​កូរ៉េ យើង​យក​ហាប់គីដូ និង​តេក្វាន់ដូ ហើយ​ជប៉ុន យើង​យក​ការ៉ាតេដូ យូដូ និង​អៃគីដូ។ ខ្ញុំ​គិត​ថា ៥ ប្រភេទ​កីឡា​ហ្នឹង​សិន​បាន​ហើយ ប៉ុន្តែ​យើង​ក៏​មិន​ចោល​កីឡា​ប្រពៃណី​ខ្មែរ ដូចជា​ចំបាប់​បុរាណ និង​ប្រដាល់​គុន​ខ្មែរ​នោះ​ដែរ គ្រាន់​តែ​យើង​គិត​នៅ​ជំហាន​បន្ទាប់»៕