ភ្នំពេញ: ក្រុម​កីឡាករ កីឡាការិនី​សូហ្វតិន្នីស​របស់​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ប្រមូលយក​មេដាយមាស​ទាំងអស់​ពី​ការប្រកួត​កីឡា​សូហ្វតិន្នីស​ដណ្តើម​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​ ៦ ឆ្នាំ​ ២០១៩ ដែល​ទើប​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​កីឡាករ កាន់ សោភ័ណ្ឌ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​រូបគេ​បាន​ឈ្នះ​មេដាយមាស​ទាំង​ ២ លើ​ក្របខ័ណ្ឌ​ក​ ១ ​នោះ​។

តាមរយៈ​ការប្រកួត​ចំនួន​ ៣ ​ថ្ងៃ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​នៅ​លើ​ទីលាន​សូហ្វតិន្នីស​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​នោះ​គឺ​មាន​អត្តពលិក​ចំនួន​ ៩០ ​នាក់ (​ស្រី​ ២៥ ​នាក់​) មកពី​ក្លិប​សមាគម​ចំនួន​ ៦ បាន​ចូលរួម ហើយ​ជា​លទ្ធផល ក្រុម​អត្តពលិក​របស់​ក្រសួង​មហាផ្ទៃ​បាន​ឈ្នះ​មេដាយមាស​ទាំង​ ៧ ​វិញ្ញាសា​ទាំង​លើ​ការប្រកួត​ក្របខ័ណ្ឌ​ក​ ២ និង​ក​ ១ រួមជាមួយ​មេដាយប្រាក់​ ៤ និង​សំរឹទ្ធ​ចំនួន​ ៥ ​ទៀត​។

ចំណែក​ក្លិប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឈ្នះ​មេដាយប្រាក់​ ២ និង​សំរឹទ្ធ​ ៤ ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ឈ្នះ​មេដាយប្រាក់​ ១ សំរឹទ្ធ​ ២ ក្លិប​ខេត្ត​កំពង់ស្ពឺ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ២ និង​ក្លិប​ជប៉ុន​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១ ប៉ុន្តែ​ក្លិប​ខេត្ត​កំពង់ឆ្នាំង និង​ក្លិប​អង្គការ​មិត្តសម្លាញ់​មិន​ដណ្តើម​បាន​មេដាយ​ពី​ការប្រកួត​នេះ​ទេ​។

នៅក្នុង​ចំណោម​មេដាយមាស​ទាំង​ ៧ ​នោះ​កីឡាករ​ឆ្នើម​ កាន់ សោភ័ណ្ឌ បាន​ឈ្នះ​មេដាយមាស​ ២ ​តែ​ម្នាក់ឯង​នៅ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ក​ ១ ខណៈ​រូបគេ​បាន​យក​ឈ្នះ​លើ​មិត្ត​រួម​ក្រុម អន សម្បត្តិ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​បាន​មេដាយមាស​ទី​ ២ បន្ថែម​ទៅលើ​ការឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​ជាមួយ ឯក ចំរើន នោះ​។

«​នៅ​ថ្ងៃនេះ កាន់ សោភ័ណ្ឌ ដូច​ខ្មោច​ចូល​អ៊ីចឹង គឺ​វាយ​បាន​ល្អ​មែនទែន​។ វា​បានដាក់​សម្ពាធ​មក​លើ​ខ្ញុំ​រហូត ហើយ​បាល់​យ៉ាង​ម៉េច​ក៏​វា​យក​បាន​ដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នៅ​ថ្ងៃ​នេះ​ខ្ញុំ​ដូច​បាន​ប្រកួត​ជាមួយ​កីឡាករ​លេខ​ ១ ​របស់​ជប៉ុន​អ៊ីចឹង ហើយ​ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ដែល​ឃើញ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​លេង​បាន​ល្អ​បែប​នេះ​»​។ នេះ​ជា​ការលើក​ឡើង​របស់ អន សម្បត្តិ ដែល​បាន​កោតសរសើរ​ទៅ​ដល់​សមត្ថភាព​ប្រកួត​របស់ កាន់ សោភ័ណ្ឌ បន្ទាប់ពី​រូបគេ​បាន ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

នៅក្នុង​ការប្រកួត​នោះ កាន់ សោភ័ណ្ឌ បាន​សម្រាក​តែ​ជាង​ ១០ ​នាទី​ប៉ុណ្ណោះ ក្នុង​ការចូល​ទៅ​កាន់​ទីលាន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ អន សម្បត្តិ គឺ​បន្ទាប់ពី​រូបគេ​បាន​រួម​គ្នា​ជាមួយ ឯក ចំរើន យក​ឈ្នះ​លើ​កីឡាករ ចន ម៉ាដា និង ឌឹម សំសម្បត្តិ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​គូ​។

កីឡាករ កាន់ សោភ័ណ្ឌ បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ហត់​ដែរ ក្រោយ​ការប្រកួត​វាយ​គូ​រួច ប៉ុន្តែ​ពេល​បន្ត​ទៅ​ជួប អន សម្បត្តិ ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ប្តូរ​ដោយ​ការ​វាយ​គាបសង្កត់​ទៅ​លើ​គេ ព្រោះ​បើ​ខ្ញុំ​មិន​ធ្វើ​បែប​នេះ ខ្ញុំ​នឹង​ចាញ់ ហើយ​ម្យ៉ាង​ទៀត​ក៏​អាច​មកពី អន សម្បត្តិ មាន​អារម្មណ៍​មិន​សូវ​ល្អ​ផង​ដែរ ដោយសារ​ប្អូនប្រុស​របស់​គេ​បាន​ស្លាប់ និង​ទើប​តែ​បូជា​ថ្មីៗ​នេះ​»​។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធាន​ទី​ ១ ​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ការប្រកួត​នេះ​វា​បាន​ផ្តល់​នូវ​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ទៅ​ដល់​អត្តពលិក​របស់​យើង​ក្នុង​ការពង្រឹង​សមត្ថភាព​ឲ្យ​កាន់តែ​ល្អ ហើយ​គិត​មក​ដល់​ពេល​នេះ​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន​សហព័ន្ធ​បាន​ឧបត្ថម្ភ​យ៉ាង​ច្រើន​ក្នុង​ការជួយ​ជំរុញ​ឲ្យ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង និង​ដណ្តើម​បាន​មេដាយ​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ​»៕