ភ្នំពេញៈ ស្ថាប័ន​កីឡា​របស់​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​នូវ​មហិច្ឆតា​ដ៏ធំ​របស់​ខ្លួន គឺ​ការ​ឈ្នះ​មេដាយ​មាស​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ ដែល​នឹង​ត្រូវ​រៀបចំ​ពិធី​បើក​ការ​ប្រកួត នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ។

បើទោះបីជា​ការប្រកួត​កីឡា​ជាតិ លើក​ទី ១ កាល​ពី​ឆ្នាំ ២០១៦ ក្រុម​អត្តពលិក​របស់​ក្រសួង​មហាផ្ទៃ ដណ្តើម​បាន​មេដាយ​តិច​ជាង​រាជធានី​ភ្នំពេញ និង​ឈរ​នៅ​លេខ​រៀង​ទី ២ ប៉ុន្តែ​ការ​បង្កើន​ទាំង​ចំនួន​ប្រភេទ​កីឡា អត្តពលិក និង​ការ​ខិតខំ​ហ្វឹក​ហាត់​យ៉ាង​សស្រាក​សស្រាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​កីឡា​របស់​ក្រសួង​មហាផ្ទៃ មាន​ការ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ពួកគេ នឹង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​ឆ្នាំ​នេះ​ជា​មិន​ខាន។

លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ១ យើង​ដណ្តើម​បាន​មេដាយ​មាស ៣២ និង​បាន​ត្រឹម​លេខ ២ ក្រោម​រាជធានី​ភ្នំពេញ ប៉ុន្តែ​លើក​នេះ យើង​មាន​ការ​ប្តេជ្ញា និង​សង្ឃឹម​ជឿ​ជាក់​ថា នឹង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ១ ហើយ​យើង​អាច​នឹង​ដណ្តើម​បាន​មេដាយ​មាស​ចន្លោះ​ពី ៨០ ទៅ ១០០ មេដាយ ព្រោះ​យើង​ត្រៀម​លក្ខណ​សម្បត្តិ​បាន​ល្អ»។

ជាមួយ​មហិច្ឆតា​នេះ លោក ប៊ុនហេង បាន​បញ្ជាក់ថា៖ «កាល​កីឡា​ជាតិ លើក​ទី ១ យើង​បាន​បញ្ជូន​តែ ៩ ប្រភេទ​កីឡា ក្នុង​ចំណោម ១៥ ប្រភេទ​កីឡា ទៅ​ប្រកួត ដោយ​មាន​អត្តពលិក​តែ​ជាង ១០០ នាក់ ប៉ុន្តែ​លើក​នេះ យើង​បាន​ដាក់ ២២ ប្រភេទ​កីឡា ទៅ​ប្រកួត និង​មាន​អត្តពលិក​ចំនួន ២៣៨ នាក់ គឺ​មាន​ការ​កើន​ឡើង​ជាង​ពាក់​កណ្តាល ហើយ​អ្នក​ទាំង​នេះ ភាគ​ច្រើន​ជា​អ្នក​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ ដែល​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​បាន​ល្អ មាន​សក្តានុពល និង​គុណភាព​បច្ចេកទេស​ខ្ពស់ ធានា​ថា អាច​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​ទូទាំង​ប្រទេស»។

ចំពោះ​ប្រភេទ​កីឡា​ទាំង ២២ ដែល​ក្រសួងមហាផ្ទៃ ដាក់​ឲ្យ​ប្រកួតប្រជែង ក្នុង​កីឡា​ជាតិ លើក​ទី ២ នេះ មាន​បាល់​បោះ (បុរស) បាល់ទះ (បុរស) សីដក់ វ៉ូវីណាម តេក្វាន់ដូ (WTF) សូហ្វតិន្នីស វាយ​សី វាយ​កូនឃ្លី​លើតុ ចំបាប់ យូដូ សូរិនហ្ស៊ិកាំប៉ូ ប្រដាល់​សកល ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ បាញ់​កាំភ្លើង ការ៉ាតេដូ កាយសម្ព័ន្ធ ប៉េតង់ ទ្រីយ៉ាត្លុង ហែល​ទឹក អត្តពលកម្ម និង​កីឡា​បេស្បល គឺ​អត់​មាន​តែ​កីឡា​បាល់ទាត់​បុរស បាល់​ទាត់​នារី តេក្វាន់ដូ (ITF) បាល់​បោះ​នារី និង​បាល់ទះ​នារី ប៉ុណ្ណោះ។

នៅក្នុង​ប្រភេទ​កីឡា​ទាំង ២២ នេះ លោក ជា ប៊ុនហេង ជា​អនុប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ផង​នោះ​មាន​ការ​ជឿ​ជាក់​ខ្លាំង​លើ​ប្រភេទ​កីឡា​ហែល​ទឹក សូហ្វតិន្នីស និង​អត្តពលកម្ម​ខ្លាំង​ជាង​គេ។

លោក​បាន​លើកឡើងថា៖ «កីឡាហែលទឹក មាន មេដាយ មាស ១៨ អ៊ីចឹង​យ៉ាង​ហោច​ណាស់​ក៏​យើង​បាន ១៦ ដែរ ហើយ​អត្តពលកម្ម​ដែល​មាន ៣០ មេដាយ​មាស​នោះ យើង អាច​នឹង​ដណ្តើម​បាន​ជាង​ពាក់​កណ្តាល ឯ​សូហ្វតិន្នីស ដែល​មាន ៧ មេដាយ​មាស គឺ​យើង​នឹង​ដណ្តើម​យក​ទាំង​អស់​តែ​ម្តង ព្រោះ​នេះ​ជា​ប្រភេទ​កីឡា​របស់​យើង»។

ចំណែក​ប្រភេទ​កីឡា​ចំបាប់ កា​រ៉ា​តេ​ដូ យូ​ដូ ល្បុក្កតោ វ៉ូ​វី​ណា​ម បាញ់​កាំភ្លើង ប៉េតង់ កាយសម្ព័ន្ធ និង​ប្រដាល់ ជាដើម ក៏​ស្ថិត​នៅ​ក្នុង​ក្តីសង្ឃឹម ក្នុងការ​ឈ្នះ​បាន​មេដាយ​មាស​ច្រើន របស់​ក្រសួង មហាផ្ទៃ ផង​ដែរ។ យ៉ាងណា​ក៏ដោយ សម្រាប់​ការ​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​នេះ ក្រសួង​មហាផ្ទៃ បាន​ចំណាយ​ថវិកា​ចូល​ជាង ៣ ម៉ឺន​ដុល្លារ សម្រាប់​ការ​ទិញ​សម្ភារ​កីឡា និង​ផ្តល់​ប្រាក់​លើក​ទឹកចិត្ត​មុន​ការ​ប្រកួត​ដល់​ក្រុម​ប្រភេទ​កីឡា​ទាំង ២២ ហើយ​ថវិកា​ទាំង​នេះ ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ឯក ជា ប៊ុនហេង បញ្ជាក់​ថា៖ «ថវិកា​ទាំង​អស់​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្តេច​ក្រឡា​ហោម ស ខេង គឺ​សម្តេច​បាន​ជួយ​ដល់​កីឡា​របស់​យើង​ច្រើន​ណាស់ ព្រោះ​បើ​អត់​សម្តេច ខ្ញុំ​មិន​ដឹង​ជា​គិត​ចេញ​ទៅ​ច្រក​ណា​ទេ!»៕