ភ្នំពេញៈ កីឡាករកម្ពុជា មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី នឹងត្រូវប្រកួតដណ្តើម ៣ ពិន្ទុ ក្នុងវគ្គជម្រុះលើកទី ៤ ជាមួយជើងខ្លាំងរបស់ថៃ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Wurkz ទម្ងន់ ៦៧ គីឡូក្រាម នៅសង្វៀន SEATV ថ្ងៃអាទិត្យនេះ ដោយក្នុងនោះ សុខរ៉ា ត្រូវប៉ះ Pheach Aroun ហើយ ឆាយរិទ្ធី ជួប Kao Ah។
នៅក្នុងការប្រកួតនេះ ទាំង មាជ សុខរ៉ា និងពុទ្ធ ឆាយរិទ្ធី សុទ្ធតែត្រូវការឈ្នះថៃ ដើម្បីប្រជែងយកលេខ ១ ក្នុងពូលកម្ពុជា ដែល រឿង សារ័ត្ន កំពុងគ្រប់គ្រង ប៉ុន្តែឱកាសប្រជែងគ្នាយកលេខ ១ ដើម្បីបានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានគេមើលឃើញ មានការលំបាក។
មាជ សុខរ៉ា ដែលធ្លាប់បានផ្តួលថៃ Kao Ah ឲ្យសន្លប់ត្រឹមទឹកទី ១ ក្រោយបានចាញ់ថៃ Kev Kongvan និង Keng Kat នោះ គឺនៅមានសង្ឃឹមក្នុងការប្រជែងយកលេខ ១ ពី កីឡាករមាន ៧ ពិន្ទុជាមួយការឈ្នះ ២ និងចាញ់ ១ ដង រឿង សារ័ត្ន បើសិនជារូបគេអាចយកឈ្នះ Pheach Aroun ក្នុងការប្រកួតចុងក្រោយនេះ។
ប៉ុន្តែ មាជ សុខរ៉ា ពិតជាលំបាកយកឈ្នះ Pheech Aroun ណាស់ ព្រោះថៃម្នាក់នេះល្អផ្នែកទាត់ និងក្បាច់ជង្គង់ ពិសេសលើកនេះ Pheach Aroun មិនវាយផ្សងព្រេងទេ គឺចេញមួយៗ តែច្បាស់ និងមានកម្លាំងធានា ៥ ទឹកពេញ។ ចំណែក មាជ សុខរ៉ា បានតែទាត់ និងកែង ប៉ុន្តែជាក្បាច់វាយផ្សងព្រេង មិនសូវចំគោលដៅល្អនោះទេ។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំសង្វៀន SEATV បាននិយាយថា៖ «តាមការបូកសរុបពិន្ទុបណ្តោះអាសន្ន និងយោងតាមសមត្ថភាពក្បាច់គុន គឺ មាជ សុខរ៉ា ដែលទើបមាន ៥ ពិន្ទុ មានភាគរយតិចមែនទែនក្នុងការយកឈ្នះ Pheach Aroun ដែលបានឈ្នះ ២ ចាញ់ ១ ដង និងមាន ៧ ពិន្ទុ»។
ចំណែក ពុទ្ធ ឆាយរិទ្ធី និង Kao Ah បានឈ្នះ ១ ចាញ់ ២ ដង និងមាន ៥ ពិន្ទុស្មើគ្នា។ទោះបីជា ពុទ្ធ ឆាយរិទី្ធ មានវាសនាឈ្នះថៃម្នាក់នេះ ក៏រូបគេពុំទាន់មានឱកាស បានឡើងទៅកំពូលតារាងដែរ ព្រោះនៅចាំអ៊ុតមើលលទ្ធផលការប្រកួតលើកចុងក្រោយរបស់ រឿង សារ័ត្ន ជាមួយថៃ Keng Kat នៅថ្ងៃទី ១៨ ខែវិច្ឆិកា ទើបអាចផ្ទៀងផ្ទាត់លទ្ធផលបាន។
លោក ណន រិទ្ធ គ្រូបង្វឹករបស់ ពុទ្ធ ឆាយរិទ្ធី ប្រាប់ថា៖ «ឆាយរិទ្ធី ហាត់បានល្អ ដើម្បីត្រៀមយកឈ្នះថៃ Kao Ah ឲ្យបាន ប៉ុន្តែតាមការបូកពិន្ទុបណ្តោះអាសន្ន គឺទោះបី ឆាយរិទ្ធី ឈ្នះ ក៏មានឱកាសតិចតួចដែរ ក្នុងការប្រៀបធៀបពិន្ទុជាមួយ រឿង សារ័ត្ន ព្រោះបើសិន រឿង សារ័ត្ន ចាញ់ថៃ Keng Kat ក៏នៅតែមាន ៨ ពិន្ទុ ស្មើ ឆាយរិទ្ធី អ៊ីចឹងវានឹងឈានដល់ការពិនិត្យពីការឈរទឹកល្អ ឬការមានប្រៀបដោយផ្តួលដៃគូសន្លប់ទៀត»។
បន្ថែមពីលើគូខ្សែក្រវាត់នេះ គឺនៅសង្វៀន SEATV ក្នុងសប្តាហ៍នេះ មានការប្រកួតគួរឲ្យចាប់អារម្មណ៍ ជាលក្ខណៈមិត្តភាពអន្តរជាតិ ជំនួសគូខ្សែក្រវាត់ខារ៉ាបាវ នាល្ងាចថ្ងៃសៅរ៍ ដែលត្រូវសម្រាក ដោយក្នុងនោះ ម្ចាស់ខ្សែក្រវាត់ ឡុង សំណាង បើកឱកាសឲ្យជើងខ្លាំងថៃ Loom Leng សងសឹក ខណៈជំនួប ៣ លើកកន្លងមក ឡុង សំណាង ឈ្នះ ២ និងស្មើ ១ លើក។
ចំណែកជើងខ្លាំង ជាម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ប៉ះជាមួយថៃ Khoum Pheth ដែលធ្លាប់ស្មើជាមួយ ឡៅ ចន្ទ្រា ចាញ់ មឿន សុខហ៊ុច តែធ្លាប់ឈ្នះ ចាន់ ប៊ុនលាភ។ ទោះជាយ៉ាងណាការរៀបចំផ្គូផ្គងការប្រកួតរបស់ ឃីម ឌីម៉ា ត្រូវបានគេប្រយ័ត្នប្រយែងបំផុត ដោយមានចេតនាមិនឲ្យចាញ់កីឡាករថៃទេ។
ប្រភពច្បាស់ការណ៍បានបង្ហើបថា ឌីម៉ា ជាតារាប្រដាល់ដូចតួឯក មិនត្រូវឲ្យចាញ់ថៃ ខ្លាចអាប់ឱនកិត្តិយស ប៉ុន្តែលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានបដិសេធថា៖ «រឿងចាញ់ឈ្នះ ខ្ញុំមិនដឹងទេ និងមិនមែនជាតួនាទីខ្ញុំ។ ភារកិច្ចខ្ញុំ គ្រាន់តែនាំកីឡាករថៃមកប្រកួត»៕