ភ្នំពេញ៖ កីឡាករកម្ពុជា ម៉ាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យ និង ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង្សកីឡា ដែលសុទ្ធតែបានចាញ់២ប្រកួតជាប់ៗគ្នានោះ បានរកឃើញការឈ្នះដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីទទួលបាន ៣ ពិន្ទុជាលើកដំបូង នៅក្នុងការប្រកួតជម្រុះវិលជុំលើកទី ៣ ដណ្តើមខ្សែក្រវាត់អន្តរជាតិ Wurkz ទម្ងន់ ៦៧ គីឡូក្រាម នៅលើសង្វៀន SEATV។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យ កន្លងមកនេះ មាជ សុខរ៉ា ដែលធ្លាប់តែប្រកួតចាញ់កីឡាករថៃ២លើក ដោយមិនអស់ចិត្ត ហើយបានឡាំប៉ាតវ៉ា និងជេរគណៈកម្មការប្រកួតនោះ បានយកឈ្នះកីឡាករថៃគួរឲ្យភ្ញាក់ផ្អើល ដោយរូបគេបានទាត់ឲ្យជើងខ្លាំង Kao Ah ដួលសន្លប់ត្រឹមទឹកទី ១។
ការទទួលបាន៣ពិន្ទុយ៉ាងងាយស្រួលរបស់ មាជ សុខរ៉ា លើកនេះ អាចចាត់ទុកថា ជារឿងមិនគួរជឿទាល់តែសោះ ព្រោះ Kao Ah ជាអ្នកប្រដាល់ខ្លាំងរឹងមាំមួយដែរ ហើយការចាញ់ដោយសន្លប់ មិនទាន់ឆ្លងផុតក្នុងទឹកទី ១ នេះ ត្រូវបានអ្នកទស្សនាភាគច្រើនលាន់មាត់ថា ជាការប្រកួតភ្លាត់ស្នៀតដោយចៃដន្យបំផុត។
នៅក្នុងហេតុការណ៍ដ៏មិនគួរឲ្យចង់ជឿនោះ ម៉ាជ សុខរ៉ា បានទាត់ចុងជើងប៉ះចំចុងដង្ហើម Kao Ah បណ្តាលឲ្យទ្រេតខ្លួនបន្តិច ហើយភ្លាមនោះ សុខរ៉ា បានស្ទុះចូលម៉ាត់ថែមមួយដៃចូលមុខទៀត ធ្វើឲ្យកីឡាករថៃរូបនេះ ដួលដេកងើបលែងរួច បើទោះបីជាអាជ្ញាកណ្តាលរាប់ដល់១០ក៏ដោយ។
ចំណែកកីឡាករ ពុទ្ធ ឆាយរិទ្ធី បានតស៊ូប្រកួតជាមួយ Pheach Aroun យ៉ាងស្វិតស្វាញចំនួន ៥ ទឹកពេញ។
នៅក្នុងការប្រកួត ៣ ទឹកដំបូង ឆាយរិទ្ធី ចាញ់ប្រៀបថៃដាច់ផ្នែកជង្គង់ និងសងវិញត្រឹមកណ្តាប់ដៃតិចតួចទេ ប៉ុន្តែឈានចូលដល់ទឹកទី ៤ និងទឹកទី ៥ មានការប្រែប្រួលខ្លាំង ព្រោះ ឆាយរិទ្ធី បានប្តូរយុទ្ធសាស្ត្រប្រកួត ដោយចេញស្នៀតទាត់ និងកណ្តាប់ដៃបានច្រើន ធ្វើឲ្យ Pheach Aroun ចង់គាំងម្តងៗ នៅក្នុងទឹកទី ៤។
បន្ថែមលើនេះ សំឡេងហ៊ោគាំទ្ររបស់អ្នកទស្សនាផ្ទាល់ បានជំរុញឲ្យ ពុទ្ធ ឆាយរិទ្ធី មានទឹកចិត្តប្រកួតកាន់តែខ្លាំង ក្នុងការវាយសម្រុកទៅលើ Pheach Aroun ហើយការបន្តមានប្រៀបខ្លាំង នៅទឹកទី ៥ នេះ ធ្វើឲ្យចៅក្រមទាំង ៥ នាក់ សម្រេចផ្តល់ពិន្ទុឲ្យ ឆាយរិទ្ធី ឈ្នះពិន្ទុ Pheach Aroun មិនឯកច្ឆន្ទ គឺ ៣ ទល់នឹង ២។
យោងតាមលទ្ធផលនៃការប្រកួតនេះ មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី មាន ៥ ពិន្ទុ ជាមួយការឈ្នះ ១ និងចាញ់ ២ ប្រកួតដូចគ្នា ប៉ុន្តែដោយសារ សុខរ៉ា បានផ្តួល Kao Ah ឲ្យសន្លប់ត្រឹមទឹកទី ១ ធ្វើឲ្យរូបគេបានឡើងទៅឈរនៅលេខ ១ ខាងពូលកម្ពុជា ជាបណ្តោះអាសន្ន ហើយតាមពីក្រោយដោយ រឿង សារ័ត្ន ខណៈ ឡុង សុភី បានដកខ្លួនចេញពីការប្រកួតនេះហើយ ដោយបញ្ហារបួស។
ការដកខ្លួនរបស់ ឡុង សុភី ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់នេះ ធ្វើឲ្យគេមើលឃើញថា សមាសភាពកីឡាករខាងកម្ពុជា ហាក់មានការចាញ់ប្រៀបភាគីថៃ ដោយសារកីឡាករថៃ មានវិជ្ជាគុនល្អ ព្រោះ Pheach Aroun, Kao Ah, Kev Kongvan និង Keng Kat សុទ្ធតែមានកម្ពស់ល្អ ហើយធ្លាប់ប្រកួតក្នុងប្រទេសកម្ពុជាជាច្រើនលើក ដោយទទួលបានលទ្ធផលល្អដូចគ្នា។
ទោះបីជាយ៉ាងណា តាមរូបមន្តការប្រកួតនេះ គឺគេកំណត់យកអ្នកលេខ ១ ខាងកម្ពុជា ទៅប្រកួតជាមួយអ្នកបានលេខ ១ ខាងពូលថៃ ហើយតាមលទ្ធផលជាបណ្តោះអាសន្ន នៅពេលនេះ គឺភាគីកម្ពុជា មានតែ មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី ទេ ដែលត្រូវប្រជែងគ្នាយកលេខ១ ខណៈការប្រកួតជម្រុះលើកទី៤ចុងក្រោយ មាជ សុខរ៉ា ត្រូវជួបជើងខ្លាំងថៃ Pheach Aroun ហើយ ពុទ្ធ ឆាយរីទ្ធី ប៉ះ Kao Ah៕