ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែរក្សាបាននូវ កំណត់ត្រាដ៏ល្អរបស់ខ្លួន ហើយការបន្តលត់ក្រុមអាស៊ីអឺរ៉ុប ៦-១ នៅកីឡដ្ឋានខេត្ត ស្វាយរៀង កាលពីយប់ថ្ងៃអាទិត្យ បានធ្វើឲ្យពិធីលើកពានលីកកំពូលកម្ពុជា ប្រចាំឆ្នាំ ២០១៩ របស់ក្រុមមួយនេះ បានប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ខណៈវិសាខា បានរក្សាភាគរយក្នុងការទទួលបានលេខ ២ ឆ្នាំនេះ។
គ្រូជំនួយក្រុមស្វាយរៀង លោក ជូ សារឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «នេះជាលទ្ធផល ដែលយើងទទួលបាន ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ នេះ គឺវាជាលទ្ធផលដ៏ល្អបំផុត ដែលមិនមានក្រុមណាធ្លាប់ធ្វើបានពីមុនមកនោះទេ ហើយកំណត់ត្រាដ៏ល្អនេះ វាកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាទាំងកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្លិប»។
តាមរយៈការបន្តយកឈ្នះក្រុមអាស៊ីអឺរ៉ុប សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ២៥ កាលពីយប់ថ្ងៃអាទិត្យនោះ វានៅតែជួយឲ្យក្រុមស្វាយរៀង រក្សាបាននូវកំណត់ត្រាដ៏ល្អបំផុតរបស់ខ្លួន គឺការឈ្នះ ២០ និងស្មើ ៥ ដង ហើយការមាន ៦៥ ពិន្ទុ ជាមួយលទ្ធផលមិនធ្លាប់ចាញ់សោះបែបនេះ វាមិនមានក្រុមណាមួយ ធ្លាប់ធ្វើបាននៅលីកកំពូលកម្ពុជា កន្លងមកនោះទេ។
យ៉ាងណាក៏ដោយ ការទទួលបានប្រាក់រង្វាន់ត្រឹម ៦០ លានរៀល ពីការឈ្នះតំណែងជើងឯករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភាគច្រើន នាំគ្នារិះគន់ថា ចំនួនទឹកប្រាក់នេះ មិនស័ក្តិសមទៅនឹងការប្រឹងប្រែងរបស់ក្លិបនីមួយៗ ពិសេសក្លិបធំៗដែលចំណាយអស់រាប់សិបម៉ឺនដុល្លារ ក្នុង ១ រដូវកាលៗ។
ប៉ុន្តែលោក ជូ សារឿង ដែលធ្លាប់ឆ្លងកាត់ជាកីឡាករជម្រើសជាតិ U19, U20 និង U21 តាំងពីឆ្នាំ ២០០៩ មកនោះ មិនបានគាំទ្រទៅនឹងការរិះគន់ទាំងនោះទេ ដោយលោកបានចាត់ទុកអ្នកការរិះគន់ទាំងនោះ ថា មិនទាន់យល់ច្បាស់ពីបាល់ទាត់។ លោកបានថ្លែងថា៖ «ខ្ញុំបានយល់ច្បាស់ ដោយសារអ្នករិះគន់ទាំងនោះ គាត់មើលតែ ១ ចំណុចទេ គឺគាត់មិនទាន់យល់ពីសង្គមបាល់ទាត់របស់ខ្មែរយើង ព្រមទាំងដឹងពីចំណូល ចំណាយរបស់សហព័ន្ធ និងកម្រិតបាល់ទាត់នៅតាមក្លិបនីមួយៗ»។
គ្រូជំនួយក្រុមស្វាយរៀង រូបនេះ បានបន្ថែមថា៖ «នៅស្រុកគេ គឺគេមានខាងធនាគារ មហាសេដ្ឋី និងក្រុមហ៊ុនធំៗច្រើនចូលរួមជួយឧបត្ថម្ភខាងបាល់ទាត់ ចំណែកយើងវិញ តើមានអ្នកណាខ្លះចូលរួមឧបត្ថម្ភ? អ៊ីចឹងទម្រាំតែបាល់ទាត់យើងបានប៉ុណ្ណឹង គឺឯកឧត្តមប្រធានសហព័ន្ធ សៅ សុខា ខំប្រឹងប្រែងខ្លាំងណាស់ ហើយខ្ញុំគិតថា ពេលប្រទេសយើងរីកចម្រើនមានអ្នកយល់ពីបាល់ទាត់កាន់តែច្រើននោះ លីកកំពូលយើង ក៏នឹងមានប្រាក់រង្វាន់កាន់តែខ្ពស់ផងដែរ»។
យ៉ាងណាក៏ដោយគ្រូបង្វឹកក្រុមលីកកំពូលមួយរូប បានប្រាប់ភ្នំពេញប៉ុស្តិ៍ ដោយសុំមិនបញ្ចេញឈ្មោះថា៖ «បើប្រៀបធៀបនឹងការចំណាយរបស់ក្លិបនីមួយៗ ខ្ញុំគិតថា ប្រាក់រង្វាន់ ៦០ លានរៀល វានៅតិចដែរទេ គឺបើឡើងដល់ ១២០ លានរៀល អាចល្អជាងនេះ អ៊ីចឹងការរិះគន់ខ្លះ ក៏ជាចំណែកមួយជួយឲ្យលីកកំពូលយើងមានប្រាក់រង្វាន់ច្រើនជាងនេះផងដែរ ប៉ុន្តែខ្ញុំសុំឲ្យអ្នករិះគន់ ប្រើពាក្យពេចន៍ឲ្យបានពីរោះស្តាប់ជាងនេះ! សូមកុំរិះគន់បែបជាន់ពន្លិចបាល់ទាត់យើង គឺយើងត្រូវរិះគន់បែបស្ថាបនា ដើម្បីឲ្យវិស័យបាល់ទាត់របស់យើងមានការរីកចម្រើនទៅមុខទៀត»។
ដោយឡែកក្រុមវិសាខា បានតាមស្មើក្រុមណាហ្គាវើល ២-២ ជាមួយការទទួលបានបាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទីបន្ថែម ៩០+៥ ហើយលទ្ធផលនេះ វានៅតែជួយឲ្យវិសាខា មាន ៣ ពិន្ទុ លើ ណាហ្គាវើល គឺ ៥៥ ទល់នឹង ៥២ ពិន្ទុ ខណៈក្រុមបឹងកេត ឈរនៅលេខ ៤ មាន ៤៩ ពិន្ទុ លើសក្រុមអង្គរថាយហ្គឺរ ៣ ពិន្ទុ៕