ភ្នំពេញ: កីឡាករ​ប្រដាល់​គុន​ខ្មែរ​មិនសូវ​ល្បីឈ្មោះ​មាស ចាន់​នឿន ដែល​ស្ពាយ​កូន​តូច​អាយុ​ត្រឹម ១ ខួប​ដើម្បី​ឡើង​ប្រដាល់​តាម​ខេត្ត​រក​ប្រាក់​ចំណូល​នោះ មើល​ទៅ​ហាក់​បីដូច​អាណោច​អាធ័ម​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ខណៈ​ដែល​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​នេះ​ជា​កូន​កំព្រា គ្មាន​ទីពឹង និង​កំពុង​មាន​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​លំបាក​លើ​ការ​រ៉ាប់​រង​ចិញ្ចឹម​កូន​តូចៗ​ចំនួន ២ នាក់​ដែល​កំពុង​មាន​ជំងឺ​ផង​នោះ។

មាន​ស្រុកកំណើត​មកពី​ខេត្ត​កែប អ្នក​ប្រដាល់​រូបនេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ដើម្បី​ប្រាក់​រយៈពេល ៥ ឆ្នាំ​ប៉ុណ្ណោះ ហើយ​លទ្ធផល​បាន​ត្រឹម​លំដាប់​គូ​រង​ទី ៣ ដែល​មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ទង់ ២០ ម៉ឺន​រៀល​ក្នុងការ​ប្រកួត ១ លើកៗ ហើយ​សង្វៀន​ប្រដាល់​តាម​ស្ថានីយ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​សូវ​ទទួល​យក​រូបគេ​ប្រកួត​ទេ ដោយ​សារ​តែ​ថាមពល ឬ​កម្លាំង​ប្រកួត​របស់​គេ​ឆាប់​ខ្សោយ និង​ល្អ​ត្រឹម ៣ ទឹក។

ជាមួយ​គ្នា​នេះ មាស ចាន់​នឿន នៅ​មាន​ឱកាស​ចេញ​ប្រកួត​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដោយ​ចែក​កូន​គ្នា​មើល ដោយ​ប្រពន្ធ​មើល​កូន ១ អាយុ​ទើប ១ ខែ និង​ចាន់​នឿន ស្ពាយ​កូន​ជាប់​ខ្លួន​ចេញ​ទៅ​ប្រកួត​តាម​ខេត្ត​ផង​ដែរ។

មាស ចាន់​នឿន បាន​និយាយថា៖ «ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ដំណាក់​ចង្អើរ ក្រុងកែប ខេត្ត​កែប ជា​កូន​កំព្រា ដោយ​ឪពុក​ម្តាយ​បាន​ស្លាប់​អស់​ហើយ។ រយៈពេល​ជាង ៥ ឆ្នាំ​ដែល​ខ្ញុំ​ចាប់​យក​មុខរបរ​ជា​អ្នក​ប្រដាល់ ខ្ញុំ​មិន​សូវ​សម​ប្រកប​ល្អ​ទេ ដោយសារ​បញ្ហា​ការ​ហ្វឹក​ហាត់ និង​ការ​ហូប​ចុក​មិន​សូវ​បាន​គ្រប់គ្រាន់ និង​ជាប់​រវល់​មើល​កូន​តូច»។

មាស ចាន់​នឿន បាន​បន្តថា៖ «ខ្ញុំ​វ៉ៃ​ក្នុង​ទម្ងន់ ៥៤ គីឡូក្រាម ទទួលបាន​ចំណាប់​អារម្មណ៍​គ្រាន់​បើ​ពី​មហាជន ប៉ុន្តែ​បញ្ហា​សុខភាព និង​កម្លាំង​ហាត់​មិន​បាន​ល្អ ខ្ញុំ​ឆាប់​ខ្សោយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខាង​ម្ចាស់​សង្វៀន​ប្រដាល់​មួយ​ចំនួន​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​តិចតួច ពោល​គឺ​ក្នុង ១ ខែ ១ ដង ឬ ២ ដង​ប៉ុណ្ណោះ»។

កីឡាករ​រូបនេះ​បាន​បន្តថា៖ «ប៉ុន្តែ ខ្ញុំ​តែងតែ​ស្វែងរក​ការប្រកួត​តាម​ខេត្ត​មាន​តាម​បុណ្យ​ទាន​ផ្សេងៗ​សុំ​គេ​ធ្វើ​សំណង់ ឬ​រត់​តុ​ការ​បម្រើ​តាម​រោង​បុណ្យ​ផ្សេងៗ ដើម្បី​បន្ថែម​ប្រាក់​ចំណូល។ ទោះបី​ខ្ញុំ​ឧស្សាហ៍​ព្យាយាម និង​ប្រឹង​ប្រែង​ខ្លាំង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ ឬ​ប្រដាល់​ក៏ដោយ ប៉ុន្តែ​ភាគ​ច្រើន​គេ​តែង​តែ​រើស​អើង មិន​ចូល​ចិត្ត​ខ្ញុំ​ដោយសារ​ទៅ​ណា​មក​ណា ខ្ញុំ​តែង​តែ​យក​កូន​មាន​អាយុ​ត្រឹម ១ ខួប​កន្លះ​នេះ​ទៅ​ជាមួយ​ចំណែក​ឯ​ប្រពន្ធ​មើល​ថែ​អា​ប្អូន​តូច​ដែល​ភាគ​ច្រើន​មាន​ជំងឺ​ប្រចាំ​កាយ»។

មាស ចាន់​នឿន បាន​និយាយ​ទាំងមុខ​ស្ងួត​ថា៖ «អ្នក​ដែល​មិន​ធ្លាប់​ស្គាល់​ពី​ជីវិត​ពិត​របស់​អ្នក​ប្រដាល់ តែង​តែ​ទម្លាក់​កំហុស និង​រើស​អើង​នៅ​ពេល​គ្នា​ប្រកួត​ចាញ់​ម្តងៗ ប៉ុន្តែ​រឿង​ពិត​គឺ​ដោយសារ​បញ្ហា​កម្លាំង ការ​ហូប​ចុក និង​សម្រាក​មិន​បាន​គ្រប់​គ្រាន់»។

ចាន់​នឿន​បាន​ប្រាប់ថា៖ «ខ្ញុំ​ចង់​ធ្វើ​អ្នក​ប្រដាល់​ខ្លាំង​នៅពេលដែល​កូន​ខ្ញុំ​ធំ​បន្តិច ហើយ​ប្រពន្ធ​ជួយ​មើល​ទាំង ២ បាន»។ គិត​ត្រឹម​ពេល​នេះ មាស ចាន់​នឿន មាន​អាយុ ២២ ឆ្នាំ ប្រកួត​បាន​ចំនួន ៥៦ ឈ្នះ ៣០ លើក ចាញ់​ចំនួន ២៣ លើក ស្មើ​ចំនួន ៣ លើក និង​ធ្លាប់​ចូល​ប្រកួត​ជម្រើស​ជាតិ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៤ ប៉ុណ្ណោះ។

ការឈាន​ចូល​ជា​អ្នក​ប្រដាល់​ដំបូង មាស ចាន់នឿន បាន​ចូល​ហាត់​នៅ​ក្លិប​ខេត្ត​កំពត បន្ទាប់​មក​នៅ​ក្លិប​បាត់ដំបង​ពាយព្យ ហើយ​បច្ចុប្បន្ន​រូប​គេ​នៅ​ក្លិប​កង​ចក្រ​រាជសីហ៍​ជាមួយ​លោក​គ្រូ ជួន សំណាង។

ប្រពន្ធ​របស់​មាស ចាន់​នឿន ឈ្មោះ​ចាន់ ធី អាយុ ២២ ឆ្នាំ មុន​កូន​ឈឺ មាន​ការ​ងារ​ជា​កម្មការិនី​រោងចក្រ ដែល​មាន​ប្រាក់​ចំណូល​គួរសម​ដើម្បី​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ ប៉ុន្តែ​រយៈពេល​ជិត ១ ឆ្នាំ​កន្លង​មក​នេះ ដោយសារ​បញ្ហា​កូន​ឈឺ និង​គ្មាន​ឪពុក​ម្តាយ​ផង​នោះ នាំ​ឲ្យ​ការងារ​ត្រូវ​បាត់បង់។

អ្នកស្រី​ចាន់ ធី បាន​និយាយថា៖ «សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​គេ​ម្តុំ​ច្បារអំពៅ ដោយ​រក​បាន​ព្រឹក​ខ្វះ​ល្ងាច​ប៉ុណ្ណោះ។ ខ្ញុំ​ឃើញ​ព័ត៌មាន កីឡាករ​ខ្លះ​មាន​គេ​ទទួល​ការ​ឧបត្ថម្ភ ចំណែក​គ្រួសារ​ខ្ញុំ​មិន​ដែល​ទទួល​បាន​ជំនួយ​ពី​សប្បុរស​ជន​ណា​នៅ​ឡើយ​ទេ ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏ដោយ»។

លោក ជួន សំណាង ដែលជា​គ្រូបង្វឹក​របស់​មាស ចាន់​នឿន បាន​និយាយថា៖ «ជីវិត​អ្នក​ប្រដាល់​វា​លំបាក ពី​ព្រោះ​គ្មាន​កូន​អ្នក​មាន ឬ​អ្នក​មាន​ជីវភាព​មធ្យ​មណា​មក​លេង​កីឡា​នេះ​ដើម្បី​ប្រាក់​នោះ​ឡើយ គឺ​មាន​តែ​កូន​អ្នក​ក្រ​នេះ​ឯង»។

លោក​បាន​បន្តថា៖ «មិនមែន​តែ​កីឡាករ​ទេ​ដែលមាន​បញ្ហា​ត្រូវ​តស៊ូ​នោះ គ្រូបង្វឹក​មួយចំនួន​ក៏មាន​ការ​លំបាក​ស្រដៀង​គ្នា​នោះ​ដែរ ប៉ុន្តែ​យើង​តែង​តែ​អប់រំ​ណែនាំ​ឲ្យ​តស៊ូ​ដើម្បី​ជម្នះ​ឧបសគ្គ​លំបាក​ទាំង​នោះ ពីព្រោះ​អ្នក​ខ្លះ​ក៏​គេ​មាន​បាន ឬ​មាន​កំណើត​ដោយ​សារ​មុខរបរ​ប្រដាល់​នេះ​ដែរ»៕