The Phnom Penh Post Search

Search form

មាស ម៉ើ ត្រៀម​គ្រប់​ស្នៀត ដើម្បី​វ៉ៃ​កីឡាករ​ហូឡង់ នៅ​សង្វៀន​ដាក់​ទ្រុង

Content image - Phnom Penh Post
មាស ម៉ើ បាន​បុក​កែង​ទៅ​លើ​គូ​ប្រកួត ក្នុងការ​ប្រកួត MMA កន្លងមក តែ​លើក​នេះរូបគេ​ត្រូវជួបកីឡាករ​របស់ហូឡង់។ សហការី

មាស ម៉ើ ត្រៀម​គ្រប់​ស្នៀត ដើម្បី​វ៉ៃ​កីឡាករ​ហូឡង់ នៅ​សង្វៀន​ដាក់​ទ្រុង

ភ្នំពេញៈ អ្នក​ប្រយុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា មាស ម៉ើ បាន​សន្យា​ថា រូបគេ​នឹង​ប្រើប្រាស់​គ្រប់​ស្នៀត​ប្រកួត​ទាំង​អស់ និង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ​នៅ​ពេល​រូបគេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​សង្វៀន​ដាក់​ទ្រុង Singapore Indoor Stadium ដើម្បី​ជួប​ជាមួយ​កីឡាករ​ហូឡង់ Anthony Engelen ក្នុង​ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅ​ថ្ងៃ​សុក្រ។

កីឡាករ​វ័យ ២៨ ឆ្នាំ មាស ម៉ើ បានធ្វើ​ដំណើរ​ទៅកាន់​សិង្ហ​បុរី កាលពី​ថ្ងៃ​ចន្ទ ហើយ​គេ​នឹង​ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ (MMA) ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អង្គភាព​ឈាន​មុខ​គេ​ក្នុង​ទ្វីប​អាស៊ី ONE Championship (ONE)។

មាស ម៉ើ ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​មិន​ហ៊ាន​ព្យាករ​ទុក​មុន​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រើប្រាស់​គ្រប់​ស្នៀត និង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​នេះ»។

កីឡាករ​ប្រកួត​មិន​ញញើត​ដៃគូ​រូបនេះ មិន​ធ្លាប់​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ឡើយ គឺ​ការប្រកួត​ទាំង​អស់​របស់​គេ សុទ្ធ​សឹង​បាន​កើត​ឡើង​ក្នុង​កីឡា​យុទ្ធ​គុន​ចម្រុះ ហើយ​រូបគេ​មាន​កំណត់​ត្រា​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង MMA ដោយ​ឈ្នះ ៥ លើក និង​ចាញ់ ២ លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​របស់​កម្មវិធី ONE ចំនួន ៤ លើក​ផង​ដែរ។

ទាក់ទង​នឹង​ការត្រៀម​លក្ខណៈ​សម្រាប់​ការប្រកួត​នេះ មាស ម៉ើ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិប Cambodian Top Team របស់​គ្រូបង្វឹក លោក​ហ៊ុន ចាន់​រាជ នោះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ហ្វឹក​ហ្វាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ ដោយ​ផ្តោត​លើ​គ្រប់​ស្នៀត​ទាំង​អស់ ពោល​គឺ​ទាំង​ស្នៀត​វាយ​ជំហរ និង​ស្នៀត​ក្លេ»។

កីឡាករ​រូបនេះ បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មិនមាន​ការបារម្ភ និង​ភិតភ័យ​សម្រាប់​ការប្រកួត​នេះ​ឡើយ ប៉ុន្តែ ខ្ញុំ​កំពុង​ផ្តោត​លើ​ការ​ប្រកួត ហើយ​មិន​ថា គូ​ប្រកួត​ខ្ញុំ​ខ្លាំង​ប៉ុនណា ប៉ុន្តែ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ»។

គួររំឭកថា ការប្រកួត ២ លើក​ចុងក្រោយ​របស់ មាស ម៉ើ ក្នុង​កម្មវិធី ONE កាល​ពី​ដើម​ឆ្នាំ ២០១៨ និង​កាល​ពី​ខែ​ឧសភា គឺ​គេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ខកចិត្ត ដោយ​បាន​ចាញ់​គូ​ប្រកួត​ទាំង ២ លើក។ ចំណែក​កីឡាករ Engelen វ័យ ៣៣ ឆ្នាំ ក៏មាន​បទពិសោធ​ប្រហាក់​ប្រហែល​នឹង មាស ម៉ើ ផង​ដែរ ក្នុង​សង្វៀន​ដាក់​ទ្រុង​នេះ ដោយ​រូប​គេ​ឈ្នះ ៦ លើក និង​ចាញ់ ៤ លើក ក្នុង​នោះ​គេ​បាន​ប្រកួត​ឲ្យ​កម្មវិធី​របស់ ONE ចំនួន ៥ លើក។

ក្រៅពី​ការប្រកួត​នេះ នៅមាន​ការប្រកួត​ចំនួន ១២ គូ​ផ្សេងទៀត ដើម្បី​ផ្តល់​ភាព​រំភើប​នៅ​សង្វៀន Singapore Indoor Stadium ខណៈ​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ការ​ជួប​គ្នា​រវាង​កីឡាករ​ប្រេស៊ីល Bibiano Fernandes និង Kevin Belingon របស់​ហ្វីលីពីន ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​ស្ថាប័ន ONE ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម៕

អត្ថបទគួរចាប់អារម្មណ៍