ក្រុងម៉ានីល: កីឡាករ​យុទ្ធគុន​ចម្រុះ (MMA) របស់​កម្ពុជា មាស ម៉ើ បាន​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី ១ ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ​ហ្វីលីពីន Edward “The Ferocious” Kelly ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម នា​ព្រឹត្តិការណ៍ ONE: Global Superheroes ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​សុក្រ។

ក្នុង​ពេល​ចាប់ផ្តើម​ប្រកួត​ក្នុង​ទឹក​ទី ១ Kelly បាន​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​មាស ម៉ើ ភ្លាមៗ និង​បាន​ប្រើ​កណ្តាប់ដៃ​វាយ​ទៅ​លើ​កីឡាករ​កម្ពុជា​រូប​នេះ ៣ ដៃ​ភ្លាមៗ មុន​នឹង​បន្ថែម​មួយ​ដៃ​ទៀត​ដើម្បី​បញ្ចប់​គូ​ប្រកួត​ឲ្យ​ដួល​លើ​សង្វៀន​ក្នុង​ទឹក​នោះ​តែម្តង។ ដោយ​ឡែក ក្នុងការ​ប្រកួត​គូ​ឯក​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព ONE Chamhpionship (ONE) កីឡាករ Geje “Gravity” Eustaquio របស់​ហ្វីលីពីន បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ជា​បណ្តោះ​អាសន្ន ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម ក្រោយ​ពី​បាន​ផ្តួល​កីឡាករ Kairat “The Kazakh” Akhmetov ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​រយៈពេល ៥ ទឹក​ពេញ។

បើ​ទោះបី​កីឡាករ Akhmetov របស់​កាហ្សាក់ស្ថាន បាន​បង្ហាញ​ពី​ស្នៀត​ចំបាប់​របស់​គេ​បាន​យ៉ាង​ល្អ​ក៏ដោយ ប៉ុន្តែ ក្បាច់​នោះ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង Eustaquio ឡើយ ខណៈ​ដែល​កីឡាករ​ម្ចាស់​ស្រុក​រូបនេះ បាន​វាយ​ចេញ​ល្អ​ជាង​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​បណ្តោះ​អាសន្ន​នេះ។ Eustaquio បាន​ដាក់​សម្ពាធ​ទៅ​លើ Akhmetov តាមរយៈ​ការ​វាយ​កណ្តាប់​ដៃ និង​ស្នៀត​ក្លេ​ផ្សេងៗ​ក្នុងការ​ប្រកួត​ទាំង ៥ ទឹក។ ទីបំផុត ចៅក្រម​ទាំងពីរ បាន​សម្រេច​ផ្តល់​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ទៅ​ឲ្យ Eustaquio តែម្តង។

បន្ទាប់ពី​បញ្ចប់​ការ​ប្រកួត Eustaquio បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​អ្វី​ឡើយ។ ខ្សែក្រវាត់​នេះ​មិន​មែន​សម្រាប់​ខ្ញុំ​ក្នុងការ​ទទួល​យក​ឡើយ ប៉ុន្តែ វា​ជា​របស់​យើង​ទាំងអស់​គ្នា។ ខ្ញុំ​សូម​អរណរគុណ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ដែល​តែង​តែ​គាំទ្រ​ខ្ញុំ​តាំងពី​ចាប់ផ្តើម លោកគ្រូ​បង្វឹក Mark Sangiao និង​ក្រុម Team Lakay ទាំង​មូល ដែល​មិន​ធ្លាប់​សង្ស័យ​លើ​ខ្ញុំ និង​តែងតែ​ជឿជាក់​ថា ថ្ងៃមួយ ខ្ញុំ​នឹង​ឈរ​ដោយ​មាន​ខ្សែ​ក្រវាត់​ក្នុង​ដៃ»។

កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ក្នុងការ​បង្ហាញ​ទង់​ជាតិ​នេះ​ដល់​ពិភពលោក​ទាំង​មូល។ នេះ​គឺជា​ម្ចាស់​ជើងឯក​ពិភពលោក​របស់​លោក​អ្នក​ពី​ប្រទេស​ហ្វីលីពីន។ Adriano Moraes ខ្ញុំ​ដឹង​ថា អ្នក​នៅ​ទីនោះ។ ខ្ញុំ​ដណ្តើម​បាន​ខ្សែក្រវាត់​មួយ​ហើយ។ សូម​ឲ្យ​ខ្ញុំ​សាកល្បង​ម្តង​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ប្រជែង​កាន់​តែ​តាន​តឹង​នៅ​ពេល​នេះ»។

ក្នុងការ​ប្រកួត​គូ​ឯក​មួយគូ​ទៀត​នា​ថ្ងៃ​ដដែល​នោះ កីឡាករ​វ័យ ២២ ឆ្នាំ Joshua “The Passion” Pacio បាន​បន្ថែម​កំណត់ត្រា​ដ៏ល្អ​លើ​ស្នៀត​ក្លេ​របស់​គេ តាមរយៈ​ការ​ផ្តួល​កីឡាករ​ចិន Lan Ming Qiang ក្នុងការ​ប្រកួត​ទម្ងន់ ៥៦,៧ គីឡូក្រាម ដោយ​ការ​ប្រើ​ប្រាស់​ស្នៀត​ក្លេ​បំពង់​ខ្យល់​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី ១៕ IS

លទ្ធផល​ផ្លូវ​នៃ​គូ​ផ្សេងទៀត

ទម្ងន់ ៧០,៣ គ.ក្រ: Rafael Nunes ផ្តួល Eric Kelly ដោយ​ស្នៀត​ក្លេ​បំពង់ក​ក្នុង​ទឹក​ទី ២

ការប្រកួត​មួយ​ថៃ: Sam-A Gaiyanghadao ផ្តួល Jose-ph “The Hurricane” Lasiri ឲ្យ​សន្លប់​ទឹក​ទី ២

ទម្ងន់ ៦១,២ គ.ក្រ: Ma Hao Bin ផ្តួល Sotir Kichukov ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ បន្ទាប់ពី​ប្រកួត ៣ ទឹក

ទម្ងន់ ៥៦,៧ គ.ក្រ: Hayato Suzuki ផ្តួល Yago Bryan ដោយ​ស្នៀត​ក្លេ​បំពង់​កនៅ​ទឹក​ទី ១

ទម្ងន់ ៧០,៣ គ.ក្រ: Emilio Urrutia ផ្តួល Bruno Pucci ឲ្យ​សន្លប់​នៅ​ទឹក​ទី ១

ទម្ងន់ ៥៦,៧ គ.ក្រ នារី: Jom-ary Torres ផ្តួល April Osenio ឲ្យ​សន្លប់​ទឹក​ទី ១

ទម្ងន់ ៧៧,១ គ.ក្រ: Rajinder Singh Meena ផ្តួល Zhang Ze Hao ដោយ​ស្នៀត​ក្លេ​បំពង់​កនៅ​ទឹក​ទី ១

ទម្ងន់ ៥៦,៧ គ.ក្រ: Adrian Matheis ផ្តួល Eddey Kalai ដោយ​ស្នៀត​ក្លេ​បំពង់​កនៅ​ទឹក​ទី ១