ភ្នំពេញ៖ ​កីឡាករ​ មាស សារ៉ាក់ បាន​ដាក់​គោលដៅ​ថា នឹង​ផ្តួល​ថៃ Kev Tab ឲ្យ​សន្លប់ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់ KIC នៅ​លើ​សង្វៀន One TV នា​ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ អ្នក​ដែល​មិន​ទាន់​​ស្គាល់​ការ​ឈ្នះ យុគ យក្សផ្លែ និង Lafan ត្រូវ​ប្រជែង​គ្នា​យក ​៣ ពិន្ទុ ជា​លើក​ដំបូង។

យក្ស​ផ្លែ និង Lafan សុទ្ធ​តែ​បាន​ចាញ់​តាំង ​២ ​លើក​ដូច​គ្នា ហើយ​ការ​វិល​មក​ជួប​គ្នា​លើក​នេះ វាជា​ពេលវេលា​ដែល​ពួក​គេ​ចង់​រក​ឲ្យ​ឃើញ​ការ​ឈ្នះ​បាន​ម្តង បើ​ទោះបី​ជា​អស់​ឱកាស​ប្រជែង​ឡើង​ទៅវគ្គ ​១/២ ផ្តាច់​ព្រ័ត្រ​ក៏​ដោយ។

លោក ​ថាញ់ ​វ៉ាឡេក ​គ្រូ​បង្វឹក​ថៃ​បាន​​និយាយ​ថា​៖ ​«លើក​នេះ ​Lafan ​ខំ​វ៉ៃ​យក​ឈ្នះ​ ដើម្បី​ស្តារ​មុខ​មាត់​វិញ​ឲ្យ​បាន​។ ​បើ​គិត​​​បូក​ទាំង​ការ​ប្រកួត​ក្រៅ​ខ្សែ​ក្រវាត់​នេះ ​​Lafan​ បាន​ជួប​ការ​​បរាជ័យ​ចំនួន ​៤ ​លើក ​នៅ​​ស្រុក​ខ្មែរ​ ហើយ​​លើក​នេះ​សង្ឃឹម​ឈ្នះ ​៦០ ​ភាគរយ»​។​

ចំណែក​លោក​ ឡុង​ ស៊ីលីន​ គ្រូ​បង្វឹក​ យក្ស​ផ្លែ ប្រាប់​​ថា​៖ «​យក្ស​ផ្លែ​ ហ្វឹក​ហាត់​បាន​ល្អ​ ប៉ុន្តែ​គេ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ ​ព្រោះ ​២ ​ប្រកួត​កន្លង​មក​នេះ បាន​​ចាញ់​ទាំង ​២ ​លើក​ ពិសេស​ការ​ចាញ់​លើក​ទី​១ ​ជាមួយ​ Tha Vat គឺ​មិន​អស់​ចិត្ត​។​

លោក​បន្ត​ថា៖ ​«ទោះ​អស់​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត ​ប៉ុន្តែ​លើក​នេះ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​។​ អ្នក​ទាំង​នេះ ​មិន​ធ្លាប់​ជួបគ្នា​ទេ ​ហើយ​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​ជំនាញ​ល្អ​មួយ​ផ្នែក​ម្នាក់​ទេ​ ដោយ​ យក្ស​ផ្លែ​ ល្អ​កណ្តាប់​ដៃ​ ឯ ​​Lafan ​ល្អ​ជង្គង់»​។

ផ្ទុយ​ពី​នេះ មាស ​សារ៉ាក់ ដែល​បាន​ឈ្នះ​ទាំង ​២ ​ប្រកួត​នោះ គ្រោង​នឹង​ផ្តួល​ថៃ​ដែល​ចាញ់​ទាំង ​២ ​លើក Kev Tap ឲ្យ​សន្លប់ ដើម្បី​ប្រជែង​ជាមួយ ម៉ន សាម៉េត និង អេលីត ចំរើន។ សារ៉ាក់ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​នឹង​ផ្តួល​ Kev ​Tab ​ឲ្យ​សន្លប់​មុន​ទឹក​ទី​៥ ​ទៅ​តាម​ឱកាស​ ដែល​អាច​ធ្វើ​បាន​ដើម្បី​ប្រជែង​ជាមួយ ​ម៉ន ​សាម៉េត​ និង ​អេលីត ​ចំរើន ​ដែល​ឈរ​ក្នុង​ពូល​កម្ពុជា​មួយ​គ្នា ព្រោះ​អ្នក​ទាំង ​២ នេះ បាន​ឈ្នះ​ទាំង ​៣ ​លើក​ដូច​គ្នា»។

លោក ​ចាន់ ​សុទ្ធ​ ប្រធាន​វិនិច្ឆ័យ​ដឹកនាំ​ការ​ប្រកួត​នេះ ​ប្រាប់​​ថា​៖ ​«គណៈកម្មការ​បច្ចេកទេស​ និង​សហព័ន្ធ​ក៏​ដូច​អ្នក​គ្រប់គ្រង​កម្មវិធី​ កំពុង​តាម​ដាន​សកម្មភាព​ប្រកួត​របស់​កីឡាករ​ថៃ​ទាំង ​៤ ​រូប​​ ដែល​កន្លង​មក​ពួក​គេ​ប្រកួត​ចាញ់ ​ពេល​ខ្លះ​ហាក់​បី​ដូច​មិន​ទំនង​។​ ​បើ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ​មន្ត្រី​បច្ចេកទេស ​ត្រៀម​ចាត់​ការ​តាម​ច្បាប់​មិន​ខាន ​ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ»​៕​