ភ្នំពេញៈ គូមិត្តភាពអន្តរជាតិនៅសង្វៀនអាស៊ីអាគ្នេយ៍ក្នុងចន្លោះការប្រកួតខ្សែក្រវ៉ាត់ Wurkz ពីល្ងាចថ្ងៃអាទិត្យ កីឡាករ មាស សុជាតិ នៅក្លិបឃ្លាំងមឿងកីឡាបានប្រកួតឈ្នះកីឡាករថៃ Phic Nam- Ek ដោយពិន្ទុក្នុងជំនួបស្វិតស្វាញ ៥ ទឹកពេញ ខណៈអ្នកលេងកែងរូស ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានវ៉ៃកីឡាករថៃចំណូលថ្មីឲ្យចុះចាញ់ត្រឹម ៣ ទឹកតែប៉ុណ្ណោះ។
ជ័យជម្នះរបស់អ្នកប្រដាល់ខ្មែរទាំង ២ រូបនេះត្រូវបានគេកត់សម្គាល់ថាគឺឈ្នះកីឡាករថៃដែលមានសមត្ថភាពអន់ៗតែប៉ុណ្ណោះដើម្បីសន្សំស្ថិតិប្រកួតល្អឈានទៅប៉ះកីឡាករបរទេសដែលមានសមត្ថភាពខ្លាំងៗជាងនេះ ។
ក្នុងជំនួបប្រកួត ៥ ទឹកពេញនេះកីឡាករ សុជាតិ ហាក់ដូចជាមានប្រៀបឈ្នះមិនដាច់នោះទេព្រោះនៅក្នុងទឹកទី ១ និងទឹកទី ២ ការប្រកួតនេះមានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅ ៣ ទឹកចុងក្រោយគឺ សុជាតិ មានប្រៀបឈ្នះ Phic Nam- Ek តែបន្តិចបន្តួចប៉ុណ្ណោះ។
ទោះជាយ៉ាងណា Phic Nam Ek ដែលមានប្រវត្តិប្រកួតជាមួយ សុជាតិ ឈ្នះម្តង និងស្មើម្តងនោះបាននិយាយក្រោយពីប្រកួតចាញ់ថា មូលហេតុចាញ់ដោយសារតែខ្សោយផ្នែកកម្លាំងលំបាកប្រកួត ពីព្រោះកីឡាករ សុជាតិ មានទម្ងន់ ៦៥ គីឡូក្រាមគឺលើសគាត់ ១ គីឡូដែលភាសាប្រដាល់គេហៅថា តគីឡូនោះគឺលំបាកទប់ទល់មែនទែន ។
ចំណែក ឆៃ សារ៉ា ដែលជំនាញប្រើកែងបុកកាណូតនោះបានប្រើស្នៀតដដែលនេះវាយលើកីឡាករចំណូលថ្មីរបស់ថៃ Phat prakthum ធ្វើឲ្យជាគូប្រកួតខ្លួនចុះចាញ់នៅចុងទឹកទី ៣ ។
មុននឹងផ្តួលបាននោះ សារ៉ា ក៍មានប្រៀប និងមានពិន្ទុនាំមុខហើយដែរ ប៉ុន្តែនៅសល់ ១០ វិនាទីមុនស្នូរជួងបញ្ចប់ទឹកទី ៣ នោះ សារ៉ា បានបុកកែងចូលមុខកីឡាករថៃឲ្យដួលសន្លប់សុំចុះចាញ់តែម្តង។
អ្នកទស្សនាភាគច្រើនបានសង្កេតឃើញថា៖ «កីឡាករ មាស សុជាតិ និង ឆៃ សារ៉ា បានឈ្នះកីឡាករខ្សោយៗ ប៉ុន្តែជ័យជម្នះនេះគឺជាស្ពានមួយជួយចម្លងពួកគេសន្សំបានស្ថិតិប្រកួតល្អឈានទៅប៉ះកីឡាករបរទេសមានសមត្ថភាពល្អជាងនេះ»។
មានគូមិត្តភាពថ្នាក់ជាតិដ៏ជក់ចិត្តបំផុត ១ គូទៀតផងដែរគឺកីឡាករ មុត ខ្លឹមខ្មៅ មកពីក្លិបមកុដរាជសីហ៍ដែលបានឈ្នះកីឡាករ គង់ សំបូរ នៃក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបក្នុងទម្ងន់ ៦៥ គីឡូក្រាមក្នុងជំនួបប្រកួត ៥ ទឹកពេញដែលមានការជក់ចិត្ត និងល្អមើលជាងគូអន្តរជាតិនេះទៀត៕