ក្រុង​ប៊ែរឡាំង​: ក្រុមជើង​ឯក​អឺរ៉ុប Bayern Munich ស្គាល់​រសជាតិ​បរាជ័យ​ជា​លើក​ដំបូង​ ក្នុង​រយៈ​ពេល​ ១០​ ខែ​ ខណៈ​ជ័យ​ជម្នះ ២៣​ ប្រកួត​បន្ត​បន្ទាប់​គ្នាត្រូវ​បាន​បញ្ចប់ ដោយ​ការ​​​ចាញ់​​ក្រុម​​ Hoffenheim ទាំង​មិន​គួរឱ្យ​ជឿ ៤-១ អំឡុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Bundesliga កាល​ពី​ថ្ងៃ​អាទិត្យ​។

ក្រុម​ Hoffenheim ក្នុង​នាម​ជាម្ចាស់​ផ្ទះ បាន​ស៊ុត​បញ្ចូល​ទី១ វគ្គ ២ គ្រាប់​ៗ ដោយ​វគ្គ​ទី១ បំប៉ោង​សំណាញ់​ទី​ដោយ​ខ្សែ​ការ​ពារ Ermin Bicakcic និង​ខ្សែ​ប្រយុទ្ធ Munas Dabbur បន្ត​បន្ទាប់​គ្នា​នៅនាទីទី​១៦ និង​២៤ ហើយ​តង់​ទី ២ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​តែ​ ១​ រូប គឺខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ក្រូអាស៊ី Andrej Kramaric នៅ​នាទីទី​៧៧ និង​៩០+២ (ប៉េណាល់​ទី​)។​ ខាង​ក្រុម​ភ្ញៀវ​ Bayern អ្នក​ស៊ុត​បញ្ចូល​ទី គឺ​ខ្សែ​បម្រើការពារ Joshua Kimmich នាទីទី​៣៦​។

ក្រោយ​ដណ្ដើម​បាន​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ធ្វើ​ឲ្យ​ក្រុម Hoffenheim ឡើង​ទៅ​ទី​កំពូល​តារាង ខណៈ​ក្រុម​ការ​ពារ​ជើង​ឯក Bayern ឈរ​នៅ​លេខ​ទី​៧ ក្រោយ​បញ្ចប់​ទៅ​ចំនួន ២​ ប្រកួត​។ ​នេះជា​បរាជ័យ​លើក​ទី១ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក លោក Hansi Flick នៅ​គ្រប់​កម្ម​វិធី​ប្រកួត​ទាំង​អស់​ គិត​តាំង​ពី​ភ្លាត់​ស្នៀត​ម្ដង​ កាល​ពី​លេង​ចាញ់​ក្រុម Borussia Moenchengladbach នៅ​ថ្ងៃ​ទី​ ៧ ខែ​ ធ្នូ ឆ្នាំ​ ២០១៩​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ ពេល​​ត្រូវ​បាន​រោម​សួរ​សំណួរ​ដដែល​ៗ​ពី​ទម្រង់​លេង​មិន​សូវ​ល្អ​របស់​​ក្រុម លោក Flick បាន​ឆ្លើយ​ថា​៖ «​សុំ​សរសើរ​ក្រុម Hoffenheim ដែល​បាន​រារាំង​ពួក​យើង​បាន​យ៉ាង​ល្អ ដោយ​ធ្វើ​ឱ្យ​ពួក​យើង​មាន​ឱកាស​តិច​ចតួច​មែន​ទែន​។ យើង​មិន​អាច​គ្រប់​គ្រង​ពេលមាន​ឱកាស ឬ​លេង​ឱ្យ​បាន​ដូច​ពី​មុន​»​។​​

លោក Sebastian Hoeness គឺ​ជា​ក្មួយ​ប្រុស​របស់​ប្រធាន​កិត្តិយស​ក្រុម Bayern លោក Uli Hoeness ហើយ​ទើប​ចេញ​ពី​ការ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម​បម្រុង​របស់ Bayern ដើម្បី​មក​កាន់​តំណែង​អ្នក​ចាត់​ការ​របស់​ក្រុម​ Hoffenheim​ កាល​ពី​ថ្ងៃ​ទី ២៧ ខែ ​កក្កដា ឆ្នាំ​ ២០២០​។

បន្ទាប់​ពី​ដឹក​នាំ​ក្រុម​ដណ្ដើម​ ៣​ ពិន្ទុ​ពី​ក្រុម​ដូច Bayern នេះ​បាន លោក​ Hoeness បាន​និយាយ​ថា​៖ «​យើង​ធ្វើ​គ្រប់​យ៉ាង ដែល​យើង​បាន​ហ្វឹក​ហាត់​។ យើង​បាន​ធ្វើ​ការ​គ្រប​សង្កត់​តាំង​ពី​ចាប់​ផ្ដើម​ ដោះស្រាយ​បាន​ជានិច្ច​រាល់​ពេល​មាន​គ្រោះ​ថ្នាក់​ម្ដង​ៗ និង​ការ​ពារ​បាន​ល្អ ដូច្នេះ ខ្ញុំ​អត់​ភ្ញាក់​ផ្អើល​ទេ​ជាមួយ​នឹង​លទ្ធផល​នេះ​»​។​

ក្រុម​ Bayern មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​កម្លាំង​កំហែងទាល់​តែ​សោះ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពីផល​ប៉ះ​ពាល់​នៃ​ការ​លេង​ដល់​វគ្គ​ថែម​ម៉ោង​ពិសេស ១៥​ នាទី ២ ដង អំឡុង​ការ​ប្រកួត​កម្មវិធី UEFA Super Cup កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី ដែល​នៅ​ទី​នោះ ​ពួក​គេឈ្នះ​ក្រុម Sevilla របស់​អេស្ប៉ាញ ២-១​។​

ពាក់​ព័ន្ធ​នឹង​រឿង​នេះ លោក Hoeness ក៏​យល់ ដោយ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៣៨​ឆ្នាំ​ បាន​ប្រាប់​ថា​៖ «​យើង​មិន​ភ្លេច​ទេ​ថា Bayern បាន​ធ្វើ​ការ​ប្រកួត​ដល់​ទៅ ១២០​នាទី ៤​ថ្ងៃ​មុន តែ​ក្រុម​យើង ពិត​ជា​មាន​ទម្រង់​លេង​ល្អ​ណាស់​»​។

បរាជ័យ​នេះ នាំ​ឱ្យ​ការ​ឈ្នះ​ជាប់​ៗ​គ្នា ២៣ ​ដង​របស់​ក្រុម Bayern ត្រូវ​បញ្ចប់ ដែល​ជា​​​កំណត់​ត្រា សម្រាប់​ក្លិប ១ ក្នុង​ចំណោម​ក្លិប​របស់​លីក​កំពូល​ទាំង ៥ របស់​តំបន់​អឺរ៉ុប ដោយ​បាន​លើស​ចំនួន ២២ លើក របស់​ក្រុម​​អេស្ប៉ាញ Real Madrid ដែល​ធ្វើ​បាន​ក្នុង​ចន្លោះ​ខែ​កញ្ញា និង​ខែ​ធ្នូ ឆ្នាំ​ ២០១៤​៕ AFP/VN