ភ្នំពេញ៖ អ្នក​ប្រដាល់ មុត ខ្លឹមខ្មៅ ដែល​ធ្លាប់​ត្អូញត្អែ​ពី​ជីវភាព​លំបាក​ក្រីក្រ​ក្នុង​មុខរបរ​ឡើង​ប្រកួត​ប្រដាល់​កន្លង​មក​នោះ បាន​ឈ្នះ​ប្រាក់​រង្វាន់ ៣,៤ លាន​រៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ថោន​ជា​ថ្មី បន្ទាប់​ពី​រូប​គេ​បាន​យកឈ្នះ​ពិន្ទុ​លើ​គូ​សត្រូវ​ចាស់ ឆៃ សារ៉ា នៅ​វគ្គ​ជម្រុះ និង​បាន​ផ្តួល រិទ្ធ ប៊ុនម៉ៅ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ។

ជាមួយ​គ្នា​នេះ បើ​និយាយ​ពី​ជីវភាព​របស់ មុត ខ្លឹមខ្មៅ នាពេល​បច្ចុប្បន្ន គឺ​ចាប់​ផ្តើម​ប្រែប្រួល​ឈាន​ឡើង​បាន​ធូរធារ​ជា​លំដាប់ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន និង​ការ​ឡើង​ប្រកួត​បាន​ល្អ​ឈាន​ទៅ​ធ្វើ​ផ្ទះ​សំបែង​រស់នៅ​សមរម្យ ហើយ​ការ​ឡើង​ប្រកួត​មាន​ប្រាក់​ចំណូល​កាន់​តែ​ល្អ ជា​មធ្យម​ក្នុង​ខែៗ អាច​រក​បាន​ពី ៨០០ ទៅ ១ ០០០ ដុល្លារ។ ចំណែក​ការ​ឈ្នះ​ប្រាក់​រង្វាន់​លើក​នេះ កីឡាករ មុត ខ្លឹមខ្មៅ បាន​និយាយថា៖ «ខ្ញុំ​យក​ទៅ​បង្ហើយ​សំយាប​ផ្ទះ នៅ​ស្រុកកំ​ណើត ឯ​ខេត្ត​កំពង់ឆ្នាំង ខណៈ​ផ្ទះ​ខ្ញុំ​នេះ​បាន​សង់​រួច​អស់​ជាង ៣ ម៉ឺន​ដុល្លារ​ឯណោះ»។

មុត ខ្លឹមខ្មៅ ដែល​ផ្សងព្រេង​មក​ពី​ខេត្ត​បាត់ដំបង ដោយ​បាន​ឆ្លង​កាត់​មុខរបរ​ជា​កម្មករ​សំណង់​ផង និង​ជា​អ្នក​ប្រដាល់​ផង​នោះ គឺ​រូប​គេ​ធ្លាប់​ជា​ក្មេង​ទំនើង ដែល​ក្លិប​ប្រដាល់​លំបាក​គ្រប់គ្រង​ផ្នែក​វិន័យ ប៉ុន្តែ ខ្លឹមខ្មៅ បាន​សាង​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​នៅ​លើ​សង្វៀន​បាយ័ន ក្នុង​អំឡុង​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៥ ដោយ​ឈ្នះ​បាន​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ។ បន្ទាប់ ខ្លឹមខ្មៅ បាន​ចាកចេញ​ពី​ក្លិប​របស់​លោកគ្រូ ចាន់ សុផល បន្ត​មក​ក្លិប​គ្រូ ធី ណារិទ្ធ ហើយ​ចុងក្រោយ​បាន​ប្តូរ​មក​នៅ​ក្លិប​មកុដរាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ជាមួយ​លោកគ្រូ គង់ ចាន់ធីណា កាល​ពី​ឆ្នាំ ២០១៧ មក​ដល់​បច្ចុប្បន្ន។

មុត ខ្លឹមខ្មៅ បាន​ប្រាប់​បន្ថែម​ថា៖ «ខ្ញុំ​មក​ប្រកួត​នៅ​សង្វៀន​ថោន​នេះ ចំនួន ៣ លើក ទើប​តែ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ​ម្តង ក្នុង​នោះ ខ្ញុំ​បាន​ឈ្នះ​ពិន្ទុ ឆៃ សារ៉ា តឹងតែង​ណាស់ គឺ​ខ្ញុំ​ប្រឹង​អស់​សមត្ថភាព​បាន​ត្រឹម​ឈ្នះ​ពិន្ទុ ៣ ទល់ ២ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​ស៊ីផុយ ដោយ​បាន​ទាត់​ឱ្យ​កីឡាករ រិទ្ធ ប៊ុនម៉ៅ ខូច​ជើង​ក្នុង​ទឹក​ទី១ ដើម្បី​យក​ប្រាក់​រង្វាន់​ប្រចាំ​សប្តាហ៍​នេះ​តែ​ម្តង»។

ខ្លឹមខ្មៅ បាន​និយាយ​បន្ត​ថា៖ «ខ្ញុំ​បាន​ប្រាក់​នេះ ទៅ​ធ្វើ​សំយាប​ផ្ទះ​បង្ហើយ និង​ដោះស្រាយ​ជីវភាព​បានល្អ ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​ស្រុក ធ្វើ​អស់​ប្រាក់​មួយ​ចំនួន​បាន​ពី​សប្បុរសជន និង​មួយ​ចំនួន​ទៀត​ពី​ការ​ឡើង​ប្រកួត​ប្រដាល់​នេះ។ ដំណើរ​ជីវិត​ជា​អ្នក​ប្រដាល់​មក​ដល់​បច្ចុប្បន្ន ខ្ញុំ​មាន​ជីវភាព​សមរម្យ ហើយ​មាន​ផ្ទះ​ឱ្យ​កូន​ប្រពន្ធ​នៅ​មាន​ប្រាក់​ចំណូល​បាន​មក​ពី​ប្រដាល់​អាច​ទប់ទល់​ជីវភាព​បាន​ល្អ ដូច​បងប្អូន​ជិត​ខាង មិនមែន​លំបាក​វេទនា​ដូច​មុន​ទៀត​ឡើយ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ប្រធាន​ក្លិប​ខ្ញុំ គឺ​លោក គង់ ចាន់ធីណា ដែល​បាន​អប់រំ បង្វឹក​ខ្ញុំ និង​ចាប់​គូប្រកួត ​ដើម្បី​ជួយ​ឱ្យ​ខ្ញុំ​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ»។

ចំណែក​កីឡាករ ឆៃ សារ៉ា ដែល​បាន​ចាញ់ មុត ខ្លឹមខ្មៅ តាំង​តែ​ពី​វគ្គ​ជម្រុះ​នោះ បាន​និយាយ​ថា៖ «ខ្ញុំ​ចាញ់ នៅ​តែ​មិន​អស់​ចិត្ត ព្រោះ​ការ​វាយ​ចេញ​ជង្គង់ និង​ស្នៀត​ទាត់​បាន​ល្អ​ដូចគ្នា។ ហេតុនេះ​ខ្ញុំ​នៅ​ចង់​ប្រកួត​ជាមួយ​គាត់​ទៀត បើ​គេ​ដាក់​ឱ្យ​សងសឹក ព្រោះ​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន ៦ លើក ខ្ញុំ​បាន​ឈ្នះ​តែ ២ លើក និង​ចាញ់ ៤ លើក»៕