ភ្នំពេញ: កីឡាករ​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ ២ ស្ថាប័ន ឯម ខ្លឹម​ខ្មៅ ឬ​មុត ខ្លឹម​ខ្មៅ​បាន​ដាក់​ពាក្យ​ផ្ទេរ​ពី​ក្លិប​ប្រដាល់​អាណាចក្រ​គុន​ខ្មែរ ទៅ​កាន់​ក្លិប​កំចាយមារ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្វែង​រក​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​សង្វៀន ខណៈ​ពេល​នៅ​ក្នុង​ក្លិប​ចាស់ រូបគេ​ត្រូវ​បាន​គេ​ចង​ជើង​ឲ្យ​ចាំ​តែ​ឡើង​ប្រកួត​សម្រាប់​សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​បាយ័ន​តែ​មួយ​ប៉ុណ្ណោះ។

កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ពាន​កណ្តោល ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង។ ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​លោក​ធី ណារិទ្ធ ជំនួយការ​ផ្គូផ្គង​កីឡា​ប្រដាល់​ប្រចាំ​សង្វៀន​បាយ័ន និង​អ្នក​គ្រប់គ្រង​ក្លិប​ថ្មី​កំចាយមារ​គឺ​លោក អ៊ី​ចំរើន ដោយ​មាន​លោក គង់ ចាន់ធីណា ជា​គ្រូបង្វឹក បាន​ឯកភាព​ផ្ទេរ និង​ទទួល​រួច​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​ឧសភា ឆ្នាំ ២០១៨ ម្សិលមិញ តាម​ការ​ស្នើសុំ​របស់​មុត ខ្លឹម​ខ្មៅ។

មុត ខ្លឹម​ខ្មៅ ជា​កីឡាករ​ល្បីល្បាញ​មួយរូប ភាគច្រើន​ប្រកួត​នៅក្នុង​សង្វៀន​បាយ័ន និង​មាន​អាជីព​ជា​អ្នក​ប្រដាល់​រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ ដោយ​មាន​ប្រវត្តិ​ប្រកួត​ជាង ១០០ លើក ក្នុង​នោះ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា​ទម្ងន់ ៦៣,៥ គីឡូក្រាម​ឆ្នាំ ២០១៣ ពី​ផល សោភ័ណ្ឌ និង​បាន​របូត​ខ្សែ​ក្រវាត់​នេះ​វិញ​ដោយ​បាន​ចាញ់​កីឡាករ រឿង សោភ័ណ្ឌ នៅ​ឆ្នាំ ២០១៤ នៅ​សង្វៀន​បាយ័ន។

មុត ខ្លឹម​ខ្មៅ ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ទម្ងន់ ៦៥ គីឡូក្រាម​នៅ​សង្វៀន​បាយ័ន​មួយ​ទៀត ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ឆៃ សារ៉ា ក្នុង​ឆ្នាំ ២០១៧ កន្លង​មក។

មុត ខ្លឹម​ខ្មៅ ធ្លាប់​នៅក្នុង​ក្លិប​និរោធ​ន៍​មានជ័យ​របស់លោក​ឯម ច័ន្ទ​សុផល ក្រោយមក​ផ្ទេរ​ទៅ​កាន់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​របស់​លោក​ធី ណារិទ្ធ ហើយ​ពេល​នេះ​សុំ​ផ្ទេរ ទៅ​កាន់​ក្លិប​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​គង់ ចាន់ធីណា។ ខ្លឹម​ខ្មៅ បាន​ឲ្យ​ដឹង​ថា៖ «ការសុំ​ផ្លាស់​ប្តូរ​ក្លិប​នេះ ខ្ញុំ​បាន​សុំ​អនុញ្ញាត​ពី​គ្រូដើម​ត្រឹមត្រូវ ដោយ​មាន​ការ​ផ្តិត​មេដៃ​ចុះ​ហត្ថលេខា​ប្រគល់ និង​ទទួល​ត្រឹម​ត្រូវ​ពី​អ្នក​គ្រប់គ្រង​ក្លិប​ចាស់ និង​អ្នក​គ្រប់គ្រង​ក្លិប​ថ្មី»។

មុត ខ្លឹម​ខ្មៅ បាន​បន្តថា៖ «មូល​ហេតុដែល​ផ្លាស់ប្តូរ​ក្លិប​នេះ​គឺ​ចង់បាន​បទពិសោធ និង​សេរីភាព​ភាព​ឡើង​ប្រកួត​ឲ្យ​បាន​ច្រើន​សង្វៀន ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​តម្លៃ​ខ្លួន​ច្រើន ជាមួយ​កីឡាករ​បរទេស ពីព្រោះ​នៅ​ក្លិប​ចាស់​របស់​ខ្ញុំ​កន្លង​មក គេ​ចង​ជើង​ឲ្យ​ចាំតែ​ប្រកួត​ក្នុង​សង្វៀន​បាយ័ន​តែមួយ​ប៉ុណ្ណោះ ដែល​យើង​រក​ប្រាក់​ចំណូល​បាន​តែ​មួយ​ច្រក។ ក្នុង​ក្លិប​ថ្មី​នេះ ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ឡើង​វិញ និង​សុំ​ឲ្យ​សហព័ន្ធ​ប្រដាល់​ចាប់​គូ​ឡើង​ប្រកួត​គ្រប់​សង្វៀន​តាម​កម្មវិធី ដោយ​គ្មាន​ប្រកាន់ ឬ​រើស​អើង​អ្វី​ឡើយ»៕