
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានព្យាយាមអូលបាល់រំលេងខ្សែការពារក្រុមសិង្ហបុរី សម្រាប់ជំនួបមិត្តភាព កាលពីឆ្នាំ២០១៦ ហើយក៏ជាពេលដែលកម្ពុជា បានយកឈ្នះសិង្ហបុរី ២-១ បានម្តងផងដែរ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ សិង្ហបុរី នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ ហើយនេះជាការប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា មុនពេលពួកគេត្រូវចូលរួមការប្រកួតផ្លូវការពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើម នៅដើមខែ វិច្ឆិកា ខាងមុខនេះ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ លើកចុងក្រោយនេះ លោក Felix Agustin Gonzalez Dalmas ដែលជាគ្រូបង្វឹកក្រុមកម្ពុជា នៅតែប្រកាន់គោលជំហរ យកការអភិវឌ្ឍក្រុមជាធំ ដោយមិនសូវផ្តោតខ្លាំងទៅលើលទ្ធផលឈ្នះជាចម្បងនោះទេ ហើយលោកក៏បានផ្ញើសារ សុំចិត្តអ្នកគាំទ្រកម្ពុជា លើបញ្ហានេះផងដែរ។
លោក Felix បានថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖«ការរៀបចំរបស់យើង មិនមានអ្វីផ្លាស់ប្តូរច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវផ្តល់ឱកាសឲ្យកីឡាករគ្រប់រូប បង្ហាញសមត្ថភាពនៅលើទីលានឲ្យបានច្រើន ហើយខ្ញុំនឹងធ្វើតាមកលល្បិច និងតាក់ទិក ទៅតាមគោលបំណងរបស់យើងដដែល។ យើងតែងតែចង់ដាក់កីឡាករល្អ ប៉ុន្តែអ្វីគ្រប់យ៉ាង នៅពេលនេះ គឺយើងកំពុងតែដំណើរក្រុមថ្មីមួយ»។
គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖«ពិតណាស់ លទ្ធផល អាចនឹងប៉ះពាល់ដល់អារម្មណ៍ពួកយើង ប៉ុន្តែ យើងចង់ផ្ញើសារដល់អ្នកទាំងអស់គ្នាថា យើងចង់បង្កើតឲ្យមានប្រព័ន្ធលេងថ្មីមួយរបស់ក្រុមកម្ពុជា អ៊ីចឹងយើងចង់ដាក់អាទិភាពខ្លាំង ទៅលើការផ្លាស់ប្តូរប្រព័ន្ធលេង និងទស្សនៈបាល់ទាត់របស់យើង ជាជាងលទ្ធផល ហើយសំខាន់មួយទៀត យើងចង់ជំរុញឲ្យកីឡាកររបស់យើងមានគុណភាពលេងខ្ពស់ ជាងនេះ នាពេលអនាគត ជាជាងផ្តោតលើលទ្ធផល នៅពេលបច្ចុប្បន្ន»។
ចំណែក លោក Fandi Ahmad គ្រូបង្វឹកក្រុមសិង្ហបុរី បានសរសើរ និងចាត់ទុកកម្ពុជា ជាក្រុមដែលមានទម្រង់លេងល្អ សម្រាប់ការប្រកួតនៅក្នុងផ្ទះខ្លួនឯង ហើយលោកបានចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលមានបច្ចេកទេសលេងខ្ពស់ និងក្រុមយុវជនកម្ពុជា ដែលមានទម្ងង់លេងល្អផងដែរ។
លោក Fandi បានថ្លែងថា៖«កម្ពុជា ជាក្រុមខ្លាំង នៅក្នុងទឹកដី ព្រោះមានអ្នកគាំទ្រច្រើន ធ្វើឲ្យពួកគេមានឆន្ទៈខ្ពស់ក្នុងការប្រកួត ហើយក៏ជាក្រុម ដែលមានកីឡាករល្អច្រើន សម្រាប់ជួយក្រុមផងដែរ ពិសេស ចាន់ វឌ្ឍនាកា ដែលធ្លាប់លេងនៅក្លិប Pahang ជាមួយកូនក្រុមរបស់ខ្ញុំ។ បន្ថែមលើនេះ កម្ពុជា មានកីឡាករវ័យក្មេងជាយុវជនក្នុងក្រុម ដែលលេងបានល្អ»។

ប៊ីន ចន្ថាធារី (រាប់ពីឆ្វេង) និងគ្រូបង្វឹកកម្ពុជា លោក Felix បានសម្តែងការគួរសមទៅកាន់លោក Fandi Ahmad គ្រូបង្វឹកសិង្ហបុរី និងកីឡាករ S.Baharudin ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ។ ស្រេង ម៉េងស្រ៊ុន
យ៉ាងណាក៏ដោយ លោក Fandi បានបង្ហើបថា នឹងមិនដាក់ជម្រើស១១នាក់ដំបូងល្អបំផុត ដើម្បីជួបកម្ពុជានោះទេ។ លោកបាននិយាយថា៖«តាមស្ថានភាពក្រុមរបស់យើងនៅពេលនេះ យើងអាចនឹងដាក់កីឡាករថ្មី និងក្រុមយុវជនចូលលេងច្រើន ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគេ។ ខ្ញុំគិតថា ក្រុមយុវជនរបស់ខ្ញុំ មានសមត្ថភាព នឹងបង្ហាញបានល្អក្នុងការប្រកួត ហើយខ្ញុំនឹងផ្តល់យុទ្ធសាស្រ្តឲ្យបានច្រើនដល់ពួកគេ ព្រោះនេះជាការប្រកួតដ៏ល្អ និងមានការប្រកួតប្រជែងខ្ពស់»។
ជាមួយគ្នានេះ កីឡាករ S. Baharudin របស់សិង្ហបុរី ដែលធ្លាប់លេងនៅក្លិប Pahang ជាមួយ ចាន់ វឌ្ឍនាកា នៅលីកកំពូលម៉ាឡេស៊ី នោះ បាននិយាយថា៖«លើកមុន យើងបានចាញ់ក្រុមកម្ពុជា ២-១ ហើយខ្ញុំបានស្គាល់កីឡាករមួយចំនួន ដែលលេងបានល្អ ដូចជា ចាន់ វឌ្ឍនាកា និង ប៊ីន ចន្ថាធារី ជាដើម អ៊ីចឹងយើងត្រូវលកលៃរៀបចំការប្រកួតឲ្យបានល្អ»។
ចំណែកខ្សែបម្រើ ប៊ីន ចន្ថាធារី បានចាត់ទុកការចាញ់ក្រុមម៉ាឡេស៊ី ៣-១ និងការស្មើក្រុមទីម័រខាងកើត ២-២ ក្នុងការប្រកួតមិត្តភាព២លើកកន្លងមកនេះ ថា ជាលទ្ធផលមិនសូវល្អ។ រីឯការជួបក្រុមសិង្ហបុរី លើកនេះ ចន្ថាធារី បាននិយាយថា៖« សិង្ហបុរី ជាក្រុមល្អ ដែលយើងបានជួបច្រើនដងមកហើយ ហើយយើងសង្ឃឹមថា យើងនឹងធ្វើបានល្អ គឺពួកយើង នឹងប្រឹងប្រែងស្វែងរកលទ្ធផលល្អមួយជូនអ្នកទស្សនារបស់យើង»៕