ក្រុង​ឡុងដ៍​: ក្រុម​មេឃខៀវ Manchester City បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​ស្លាប Ferran Torres ពី​ក្រុម​នៅ​អេស្ប៉ាញ Valencia ដើម្បី​យក​មក​ពង្រឹង​ក្រុម​រដូវកាល​ក្រោយ ជា​ពិសេស​តំបន់​ប្រយុទ្ធ ខណៈ​លោក​ Pep Guardiola (Pep) កំពុង​សម្លឹង​មើល​អ្នក​មក​ជំនួស​កន្លែង​របស់​កីឡាកសញ្ជាតិ​អាល្លឺម៉ង់ Leroy Sane ដែល​ចាក​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប​នៅ​ប្រទេស​កំណើត Bayern Munich​​​។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​វ័យ ២០​ ឆ្នាំ ដែល​ក្លាយ​ជា​សមា​ជិក​ថ្មីដំបូង​គេ​របស់​ក្រុម Man City អំឡុង​ពេល​ទី​ផ្សារ​ដោះ​ដូរ​កីឡាករនា​រដូវក្ដៅ​នេះ បាន​ព្រម​ព្រៀង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាដែល​មាន​រយៈ​ពេល ៥ ​ឆ្នាំ ជាមួយ​នឹង​តម្លៃ​ជា​បឋម ដែល​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង ២០​ លាន​ផោន (២៧ លាន​ដុល្លារ​)។

ក្រោយ​មាន​ការ​ផ្ទេរ​នេះកើត​ឡើង កីឡាករ Torres បាន​ឲ្យ​ដឹង​តាម​រយៈ​វេប​សាយ​របស់​ក្លិបនៅ​ក្រប​ខ័ណ្ឌ​ Premier League មួយ​នេះថា​៖ «​ខ្ញុំ​រីក​រាយ​ណាស់ ដែល​ចូល​រួម​ជាមួយ​ក្រុម Man City​។ កីឡាករ​គ្រប់​រូប តែង​តែ​ចង់​ចូល​រួមជាមួយ​ក្រុម​ ដែល​មាន​តំបន់​ប្រយុទ្ធ​មុត​ស្រួច ហើយក្រុម​ Man City គឺ​ជា​ក្រុម ១ ក្នុង​ចំណោម​ក្រុម ដែល​មាន​ទម្រង់​លេង​បែប​ហ្នឹង​របស់​ពិភព​លោក​»​។

កីឡាករ Torres បាន​បន្ត​ទៀត​ថា​៖ «​លោក Pep ធ្វើ​ឲ្យ​មាន​វិធីសាស្ត្រលេងមួយ ដែល​ទូលំ​ទូលាយ និង​វាយ​សម្រុយ​យ៉ាង​ពិត​ប្រាកដ ហើយគាត់ គឺ​ជា​អ្នក​ចាត់​ការ​ម្នាក់ ដែល​មាន​កំណត់​ត្រា​ល្អ​បំផុត ក្នុង​ការ​អភិវឌ្ឍ​កីឡាករ​។ មាន​គាត់​មក​ពិនិត្យ​មើល​ការ​អភិវឌ្ឍន៍​របស់​ខ្ញុំ ហាក់​ដូច​កំពុង​យល់​សប្តិអ៊ីចឹង​»​។​

កីឡាករ Torres អាច​លេង​ទាំង​ស្លាប​ឆ្វេង និង​ស្ដាំ ព្រម​ទាំង​តំបន់​កណ្ដាល​ ជាមួយ​នឹង​ល្បឿន និងកម្លាំង​របស់​គេ អាច​​​ធ្វើ​កីឡាករគូ​ប្រជែង​ពិបាក ក្នុងការ​រា​រាំង​រូបគេ​ណាស់​។ កាល​ពី​រដូវកាល ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​​នេះ គេ​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម Valencia បាន ៤៤​ លើក ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន ៦ ​គ្រាប់​៕ AFP/VN