ក្រុង​មេនឆេស្ទ័រ៖ ក្រុម​មេឃ​ខៀវ Manchester City ធ្វើ​ឲ្យ​ក្រុម​ហង្សក្រហម Liverpool រង់ចាំ​ទៀត​ក្នុង​ការ​ឈ្នះ​ពាន​លីក​លំដាប់​កំពូល​​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ​៣០ ​ឆ្នាំ ក្រោយ​ក្រុម​របស់​​ Pep Guardiola មួយ​នេះ យក​ឈ្នះ​ក្រុម​កាំ​ភ្លើង​ធំ​​ Arsenal ដែល​សល់​គ្នា​តែ​ ១០ ​នាក់ ៣-០ អំឡុង​ការ​ប្រកួត​ នៅ​ឯ​កីឡដ្ឋាន​ទទេ​ស្អាត Etihad ដោយ​នេះ​ជា​​ការ​ដណ្ដើម​បាន​ ៣ ​ពិន្ទុ​​លើក​ទី​១ សម្រាប់​ការ​វិល​មក​មាន​សកម្មភាព​ឡើង​វិញ​នៃ​ក្របខ័ណ្ឌ​ Premier League កាល​ពី​យប់​ថ្ងៃ​ពុធ​។

មុន​​ផ្ដើម​ការ​ប្រកួត កីឡាករ​ក្រុម​ទាំង ​២ ​មក​​ជុំ​គ្នា​លុត​ជង្គង់​ម្ខាង​តវ៉ា​ចំពោះ​ភាព​អយុត្តិធម៌​ក្នុង​សង្គម ហើយ​ទង្វើ​នេះ ក៏​មាន​ដែរ​ក្នុង​ជំនួប​រវាង​ក្រុម​ Aston Villa និង Sheffield United ​គូ​ដំបូង​គេ​នៃ​កម្មវិធី «Project Restart» របស់ Premier League ក្រោយ​ផ្អាក​រយៈពេល ​១០០ ​ថ្ងៃ ដោយសារ​តែ​វិបត្តិ​នៃ​វីរុស​កូរ៉ូណា​។

ការ​ប្រកួត​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​ខុស​គ្នា​នៃ​ក្រុម​​ទាំង ​២ ​ពេល​ក្រុម ​​Man City ធ្វើ​ឲ្យ​ខ្សែ​ការពារ​របស់ក្រុម Arsenal គឺ David Luiz ជួប​នូវ​សុបិន​អាក្រក់ ដោយ​ត្រូវ​បាន​រិះគន់​ថា ជាដើម​ហេតុ​ដ៏​ធំនាំ​ឲ្យ​ក្រុម​ចាញ់​ ដោយសារ​បង្ក​កំហុស​ម្ដង​ហើយ​ម្ដង​ទៀត។

កំហុស​ដំបូង​របស់​កីឡាករ David Luiz កើត​ឡើង​នៅ​ចុង​ម៉ោង​វគ្គ​ទី​១ ពោល​គឺ​នាទីទី ​៤៥+២ ពេល​ខ្សែ​បម្រើ​បែលហ្ស៊ិក Kevin De Bruyne ​ចោះ​បាល់​ចូល​ទៅ​តំបន់​គ្រោះ​ថ្នាក់ ហើយ​​​កីឡាករ​ប្រេស៊ីល​ស្កាត់​បាល់​ភ្លាត់​ស្នៀត ធ្វើ​ឲ្យ​​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស Raheem Sterling មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​ជួយ​ឲ្យ​ក្រុម​​មេឃខៀវ ​នាំ​មុខ​បណ្ដោះ​អាសន្ន ១-០​។

វគ្គ​ទី​២ កីឡាករ David Luiz មិន​ត្រឹម​តែ​បាន​ផ្ដល់​កាដូ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នូវ​បាល់​ពិន័យ ​១១ ​ម៉ែត្រ ដោយការ​ទាញ​កីឡាករ​ Riyad Mahrez ឲ្យ​ដួល​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ខ្លួន​ឯង​ត្រូវ​​អាជ្ញា​កណ្ដាល​ផ្ដល់​កាត​ក្រហម​ទៀត​ផង​ ខណៈ​អ្នក​ចាំ​ទី​ Bernd Leno មិន​អាច​រារាំង​គ្រាប់​បាល់​របស់​កីឡាករ​ De Bruyne បាន​ឡើយ​​សម្រាប់​បាល់​ប៉េណាល់​ទី​នេះ។ ក្រោយ​នាំ​មុខ ២-០ ក្រុម​ Man City​ ធ្វើ​ការ​វាយ​សម្រុក​ជា​​​រឿយៗ តែ​ទម្រាំ​បាន​គ្រាប់​បាល់​ទី​៣ ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​នាទីទី ​៩០+២​​ ទើប​ខ្សែ​ប្រយុទ្ធ Phil Foden អាច​ស៊ុត​ទម្លុះ​សំណាញ់​​ទី​បាន​។

កីឡាករ​វ័យ ៣៣ ​ឆ្នាំ David Luiz ដែល​ជិត​អស់​កិច្ច​សន្យា​ជាមួយ​​ក្លិប​ហើយ​នោះ ទទួល​យក​ការ​ស្ដី​បន្ទោស​នេះ ដោយ​និយាយ​ប្រាប់​ទូរទស្សន៍ Sky Sports ​​ថា​៖ «វា​មិន​មែន​ជា​កំហុស​របស់​ក្រុម​ទេ ជា​កំហុស​របស់​ខ្ញុំ។​ ខ្ញុំ​គិត​ថា ក្រុម​ធ្វើ​បាន​ល្អ បើ​ទោះ​ជា​សល់ ១០ ​នាក់​ក្ដី។ លោក​គ្រូ​បង្វឹក​គាត់​រៀបចំ​បាន​ល្អ។ គ្រប់​គ្នា​ធ្វើ​បាន​ល្អ​ទាំង​អស់ លើក​លែង​ខ្ញុំ​»​។

ជ័យជម្នះ​របស់​ក្រុម Man City បាន​បន្ថយ​គម្លាត​នាំ​មុខ​របស់​ក្រុម​ Liverpool មក​ត្រឹម ២២ ​ពិន្ទុ ត្រឹម​សប្ដាហ៍​ទី ​២៩ នេះ ​ដែល​នេះ​​មាន​ន័យ​ថា​ ក្រុម​របស់​លោក​ Jurgen Klopp មិន​ទាន់​អាច​លើក​ពាន​លីក​ទី​១ នេះ​នៅ​ឡើយ​ទេ ត្រូវ​រង់​ចាំ​បន្តិច​ទៀត។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ក្នុង​ប្រកួត​នេះ គឺ​អក្សរ «Black Lives Matter» ​នៅ​​​​ពី​ខាង​ក្រោយ​ខ្នង​អាវ​របស់​កីឡាករ​ទាំង ​២ ​ក្រុម ដែល​ជា​​ធម្មតា ត្រូវ​បាន​ដាក់​តែ​ឈ្មោះ​កីឡាករ និង​លេខ​​ប៉ុណ្ណោះ​៕ AFP/VN