ក្រុង​ឡុងដ៍៖ កីឡាករ Kevin De Bruyne មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ តែ​មិន​សម្រេច ​ដូច​ធ្វើ​ឱ្យ​ក្រុម Manchester City ខ្ជះខ្ជាយ​ឱកាស​រំកិល​ទៅ​កៀកក្រុម​ Liverpool ខណៈ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្រុម Tottenham Hotspur (Spurs) អបអរ​នឹង​គ្រាប់​ទី ១៥០ នៅ​ Premier League​ កាល​ពី​ថ្ងៃ​អាទិត្យ។

ជ័យជម្នះ​នៅ​​កីឡដ្ឋាន Etihad នឹង​នាំ​ឱ្យ​​ហង្ស​ក្រហម​ឡើង​ទៅ​​ទី​កំពូល​តារាង តែ​សង្គ្រាម​​រវាង​ក្រុម​មហា​អំណាច​​បាល់ទាត់​ទាំង ​២ នៅ​ប៉ុន្មាន​រដូវ​ចុង​ក្រោយ​នេះ បាន​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល ១-១​។

អ៊ីចឹង​មាន​ន័យ​ថា Leicester City នៅ​តែ​លេខ ១ ក្រោយ​ឈ្នះ ​Wolverhampton Wanderers ១-០ នៅ​ផ្ទះ​ខ្លួន​ឯង ហើយ​ក្រុម​កំពុង​មាន​សម្ទុះ Spurs ឈរ​ទី២ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​យក ៣ ពិន្ទុ ពី​ម្ចាស់​ផ្ទះ​ West Brom ជា​មួយ​នឹង​គ្រាប់​បាល់​ទី ១៥០ របស់់ Kane​។

ក្រុម​​របស់​លោក Jurgen Klopp ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​សន្ធាប់ ពេល​ប្រកួត​ចាប់​ផ្ដើម​ ដោយ​ខ្សែ​ប្រយុទ្ធ​ទាំង ៤ Sadio Mane, Mohamed Salah, Roberto Firmino និង Diogo Jota បង្ក​ការ​ភ័យ​ខ្លាច​ដល់​​ក្រុម​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ម្ដង​ទៀត​។

ក្រុម​ភ្ញៀវ​ បើក​ការ​នាំ​មុខ​ នៅ​នាទីទី​១៣ ពេល​ Salah ទម្លុះ​សំណាញ់​ទី ដោយ​បាល់ ១១ ម៉ែត្រ ក្រោយ Kyle Walker បង្ក​កំហុស​ចំពោះ​ Mane ក្នុង​តំបន់​គ្រោះ​ថ្នាក់ តែ​ Man City តាម​ស្មើ​នៅ​នាទីទី​៣១ ពី​ការ​ស៊ុត​របស់ Gabriel Jesus​។

ក្រុម​របស់ លោក Pep Guardiola (Pep) ទទួល​​បាន​បាល់​ប៉េណាល់​ទី ​មុន​ឈប់​សម្រាក ១៥ នាទី ក្រោយ​ពិនិត្យ​មើល​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្ដាល (VAR) តែ​ប្រធាន​ក្រុម De Bruyne ស៊ុត​ខុស​គោលដៅ។

លទ្ធផល​ស្មើ​នេះ ធ្វើ​ឱ្យ​ Liverpool នៅ​លេខ ៣ ជាមួយ​នឹង ១៧ ពិន្ទុ ក្រោយ​ប្រកួត​បាន ៨ ​លើក ដោយ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Leicester ១ ​ពិន្ទុ និង​នាំ​មុខ​ដាច់ ៥ ​ពិន្ទុ​លើ ​Man City។

លោក​ Klopp និង Pep រួម​គ្នា​ជំរុញ​ឱ្យ​មាន​ការ​ដូរ​កីឡាករ​បាន​ ៥ នាក់ ដែល​ត្រូវ​បាន​អនុញ្ញាត​កាល​ពី​ចុង​រដូវកាល​មុន មុន​នឹង​មក​ដូច​ដើម​វិញ ពោល​គឺ​ប្ដូរ​បានត្រឹម​ ៣ ​នាក់​។

«​យើង​ពិភាក្សា​គ្នា​ថា តើ​​ត្រូវ​តស៊ូ​ ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច​ពាក់ព័ន្ធ​នឹង​ករណី​ការ​ផ្លាស់​ប្ដូរ​បាន ៥ រូប​​»​។ នេះ​ជា​សម្ដី​របស់​លោក Pep ពេល​ត្រូវ​បាន​សួរ​ពី​ប្រធាន​បទ ដែល​គាត់​សន្ទនា​ជាមួយ​លោក Klopp​។

បុរស​អេស្ប៉ាញ​វ័យ ៤៩ ​ឆ្នាំ បន្ថែម​ថា​៖ «​ទូទាំង​ពិភព​លោក គេ​អនុវត្ត​ការ​ផ្លាស់​ប្ដូរ​ ៥ ​នាក់​។ យើង​ជឿ​ថា យើង​គឺ​លីគ​ពិសេស ​តែ​ដូរ​បាន ៣ នាក់ អ៊ីចឹង​បាន​ន័យ​ថា យើង​អត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កីឡាករ​​»​។

ចំណែក លោក Klopp ​ចោទ​​នាយក​ប្រតិបត្តិ​របស់​ Premier League ថា ខ្វះ​ភាព​ជា​អ្នក​ដឹកនាំ​ចំពោះ​បញ្ហា​នេះ​ ដោយ​​ប្រាប់​ថា​៖ «​មិន​មែន​ជា​ការ​ទាញ​យក​ផល​​ទេ តែ​​ជា​ការ​ចាំ​បាច់​»​។

រីឯ​ Kane រក​បាន ១៥០ ​គ្រាប់​ហើយ នៅ​លីគ​កំពូល​ ​ក្រោយ​​តែត​​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ Spurs ហើយ​មាន​តែ​អតីត​កីឡាករ​​ Alan Shearer និង​ Sergio Aguero របស់​ Man City ប៉ុណ្ណោះ ដែល​ឈាន​ដល់​ចំណុច​នេះ ​គ្រាន់​តែ​​លេង​​ច្រើន​ជាង ​២-៣ ដង៕ AFP/VN