ក្រុងរ៉ូម: ខ្សែបម្រើ Marek Hamsik ប្រធាន​ក្រុម​នៃ​ក្រុម Napoli បាន​បំពេញ​ការផ្ទេរ​របស់​គេ​ទៅកាន់​ក្លិប Dalian Yifang របស់​ក្របខ័ណ្ឌ​ចិន Super League​។ នេះ​បើ​យោង​ទៅ​ការបញ្ជាក់​ប្រាប់​ពី​មេធាវី​នៃ​ក្លិប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Serie A មួយ​នេះ​ទៅកាន់​វិទ្យុ​អ៊ីតាលី​កាលពី​ថ្ងៃ​ពុធ​។ ​លោក Mattia Grassani មេធាវី​ប្រចាំ​ក្លិប Napoli បាន​ប្រាប់​វិទ្យុ Kiss Kiss ថា​៖ «Hamsik គឺជា​កីឡាករ​ម្នាក់​របស់ Dalian ចាប់ពី​ល្ងាច​នេះ​តទៅ​»​។

ខ្សែបម្រើ​អន្តរជាតិ​ស្លូវ៉ាគី​រូប​នេះ​ដែល​បច្ចុប្បន្ន​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង Banska Bystrica ទីកន្លែង​កំណើត​របស់​គេ​នឹង​ដំណើរ​ទៅ​ដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​។ ដំបូង​ឡើយ Napoli បាន​ព្យួរ​ការផ្ទេរ​នេះ​ដោយសារ​តែ​បញ្ហា​ទាក់ទង​នឹង «​វិធីសាស្ត្រ​នៃ​ការទូទាត់​ប្រាក់​» ជាមួយ​នឹង​ក្លិប​របស់​ចិន​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ Bernd Schuster​។

កាសែត Gazzetta Dello Sport បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា​ក្រោម​ការចរចា​ម្តង​ទៀត​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​ក្នុង​ទឹកប្រាក់​ ២០ ​លាន​អឺរ៉ូ (​ស្មើ​នឹង​ ២២,៦ ​លាន​ដុល្លារ​អាមេរិក​) នឹង​ត្រូវ​ទូទាត់​ ២ ​ដំណាក់កាល​ដោយ​ទឹកប្រាក់​ ៥​ លាន​អឺរ៉ូ​ត្រូវ​បង់​ឲ្យ​ភ្លាមៗ​ហើយ​ ១៥ ​លាន​អឺរ៉ូ​ទៀត​នឹង​ត្រូវ​ធានា​ថា​នឹង​ទូទាត់​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

លោក Aurelio De Laurentiis ម្ចាស់​ក្លិប Napoli ក៏​បាន​ទាមទារ​ឲ្យ​បន្ថែម​ការធានា​ពី​ធនាគារ​ផង​ដែរ​ពី​សំណាក់​ក្លិប​ចិន​។ Hamsik វ័យ​ ៣១ ​ឆ្នាំ​ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ ១១១ ​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ស្លូវ៉ាគី​បាន​ចូល​លេង​ឲ្យ​ក្លិប Napoli ចាប់​តាំងពី​ឆ្នាំ​ ២០០៧​។

រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ១២១ ​គ្រាប់​ក្នុង​ការបង្ហាញ​ខ្លួន​ ៥២០ ​លើក និង​បាន​ឡើង​ឈរ​ពី​លើ​វីរបុរស​ប្រចាំ​ក្លិប Diego Maradona (១១៥ ​គ្រាប់​) កាលពី​រដូវកាល​មុន​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ​។ ការផ្ទេរ​ក្នុង​កុង​ត្រា​រយៈពេល​ ៣ ​ឆ្នាំ​នេះ​នឹង​ធ្វើឲ្យ​រូបគេ​ទទួល​បាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ ៩ ​លាន​អឺរ៉ូ (​ស្មើ​ ១០,២ ​លាន​ដុល្លារ​) ពោល​គឺ​ ៣ ​ដង​បើ​ធៀប​ទៅ​នឹង​ប្រាក់ខែ​ដែល​រូប​គេ​ទទួល​បាន​នៅ​អ៊ីតាលី​៕ IS