
សកម្មភាពប្រកួតប្រដាល់គុនខ្មែរដែលត្រូវបានធ្វើឡើងនៅលើសង្វៀន CNC នាពេលកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ ការសម្រេចពន្យារការប្រកួតភ្លាមៗ កាលពីសប្តាហ៍មុន ដែលបានធ្វើមុនត្រឹម ១ ថ្ងៃ ស្របពេលសង្វៀនចំនួន ៥ មានបាយ័ន CNC, PNN, SEATV និងសង្វៀនថោន បានត្រៀម និងផ្គូផ្គងកីឡាកររួចជាស្រេច ដើម្បីប្រកួតចន្លោះពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យនោះ បានធ្វើឲ្យគ្រូបង្វឹក គណៈកម្មការអាជ្ញាកណ្តាលចៅក្រម និងកីឡាករច្រើនជាង ៥០ ភាគរយ ដែលពឹងផ្នែកតែទៅលើចំណូលបានពីការប្រដាល់ បន្តជួបហានិភ័យសម្រាប់ជីវភាពប្រចាំថ្ងៃ។
ទោះជាយ៉ាងនេះក្តី ពួកគាត់បានត្រឹមតែត្អូញត្អែរតែមិនមានប្រតិកម្មតបតអ្វីនោះទេ។ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធី ឬអ្នកម៉ៅការប្រកួតមួយចំនួន នៅមិនស្ងប់ចិត្ត ដោយបានស្វែងរកអន្តរាគមន៍ពីថ្នាក់លើ ដើម្បីបើកការប្រកួតវិញក្នុងទម្រង់បិទទ្វារ មិនឲ្យមានអ្នកចូលទស្សនា ខណៈដែលគម្រោងស្នើសុំបើកវិញនោះ ត្រូវបានប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែ នៅតែរក្សាជំហរពន្យារពេល ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក្នុងការបំបែកការជួបជុំគ្នាច្រើន។
ការស្វះស្វែងនេះត្រូវបានប្រភពច្បាស់ការប្រាប់ដោយសុំមិនឲ្យបញ្ចេញឈ្មោះថា អ្នកមានផលប្រយោជន៍ធំពីការប្រកួតប្រដាល់នេះដែលជាអ្នកម៉ៅការ ឬគ្រប់គ្រងការប្រកួតនោះ នៅតែមិនស្ងប់ចិត្ត ដោយទទូចស្នើសុំ និងស្វែងរកអន្តរាគមន៍ពីថ្នាក់លើ ដើម្បីឲ្យមានការប្រកួតឡើងវិញក្នុងទម្រង់បិទទ្វារ មិនឲ្យមហាជនចូលទស្សនាផ្ទាល់។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានទទួលស្គាល់ថា ពិតជាមានសំណើសុំបើកប្រកួតបិទទ្វារឡើងវិញមែន បន្ទាប់ពីមានការជូនដំណឹងឲ្យបិទចំនួន ២ សប្តាហ៍មកនេះ ប៉ុន្តែលោកសុំរក្សាសិទ្ធិ ជាការសម្ងាត់ មិនប្រាប់ឈ្មោះស្ថានីយទូរទស្សន៍ ដែលបានដាក់សំណើឲ្យបើកការប្រកួតនោះទេ។
លោកបានបញ្ជាក់ កាលពីថ្ងៃចន្ទថា៖ «គិតត្រឹមម៉ោងនេះ ខ្ញុំនៅតែរក្សាជំហរឲ្យមានការពន្យារពេលប្រកួតសិន ព្រោះគ្មានអ្វីសំខាន់ជាងសុខភាពរបស់បងប្អូនយើងទេ ចំណែកបញ្ហាលំបាកផ្នែកជីវភាព វាជារឿងលំបាកទាំងអស់គ្នា គឺយើងសុទ្ធតែមានក្តីព្រួយបារម្ភ និងអាណិតអាសូរអ៊ីចឹងហើយ បើសិនជាថ្នាក់ដឹកនាំ ព្រមទាំងក្រសួងសុខាភិបាលក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា លោករកឃើញថា មានវិធានការថ្មីបែបណា យើងនឹងអនុវត្តតាមភ្លាម»។
យោងខ្លឹមសារសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលហាមជួបជុំ បិទរង្គសាលក្លិបកម្សាន្ត ខារ៉ាអូខេ រហូតមានវិធានការដល់កន្លែងកាត់សក់ និងឡានក្រុងនោះ គឺមនុស្សដែលជួបគ្នានៅក្នុងការប្រកួតប្រដាល់ ទោះជាបិទទ្វារ នៅតែមានចំនួនច្រើនគួរឲ្យបារម្ភ គឺអាចមិនស្របទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាល។
តាមកំណត់ត្រា និងការសង្កេត ដោយមានឯកសារច្បាស់លាស់នោះ គឺការប្រកួតប្រដាល់ទាំង ៦ ស្ថានីយ៍ រៀងរាល់ចុងសប្តាហ៍ មានចំនួន ១៦ លើក និងមានកីឡាករប្រហែល ៨០ គូ ស្មើនឹង ១៦០ នាក់ ហើយក្នុងកីឡាករម្នាក់ត្រូវជួបផ្ទាល់ជាមួយអ្នកនៅជិតបំផុតចំនួន ៤ នាក់គឺអ្នករៀបចំខ្លួនឲ្យ ១ នាក់ អ្នកឲ្យទឹក ២ នាក់ អាជ្ញាកណ្តាល ១ នាក់។ អ៊ីចឹងកីឡាករសរុប ១៦០ នាក់ អាចប៉ះពាល់ជាមួយអ្នកជិតបំផុតប្រមាណ ៦៤០ នាក់ ដោយមិនទាន់គិតពីគណៈកម្មការចៅក្រម ឬគណៈវិនិច្ឆ័យ និង គ្រូពេទ្យបន្ថែមនៅឡើយទេ។

លោក តែម ម៉ឺន រក្សាជំហរឲ្យបន្តពន្យារពេលការប្រកួតប្រដាល់។ ណន
ជុំវិញបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចេញជា ទស្សនាផ្ទាល់ខ្លួនថា៖ «ការបើកប្រកួតវិញ ក្នុងទម្រង់បិទទ្វារក៏ដោយ គឺអាស្រ័យលើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាជ្ញាធរកីឡា ព្រោះលោកជាអ្នកពិនិត្យ និងសម្រេច ទៅតាមស្ថានភាពជាក់ស្តែង ថាតើមានហានិភ័យកម្រិតណា? គួរមានវិធានការសម្អាតអនាម័យបែបណា? ហើយវាផ្ទុយទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាល ឬទេ? គឺលោកជាអ្នកសម្រេច មិនមែនខាង NOCC ទេ»។
លោកបានបន្តថា៖ «គួរមានការវាយតម្លៃពីជំនាញរបស់ពេទ្យ ថាគ្រប់គ្រងបានដូចម្តេច បើទោះបីជាគ្មានវត្តមានកីឡាករបរទេស។ អ៊ីចឹងការប្រកួតរវាងកីឡាករខ្មែរនឹងខ្មែរត្រូវមានវិធានឲ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការរក្សាអនាម័យនៅក្នុងក្លិប នៅក្នុងគ្រួសារ និងនៅក្នុងជំនួបផ្ទាល់ពេលប្រកួត។ ហេតុនេះគួររង់ចាំបន្តិចសិន ពិសេសថ្ងៃព្រហស្បតិ៍ខាងមុខនេះសម្តេច ហ៊ុន សែន នឹងបូកសរុបក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីណែនាំអនុវត្តតាមក្រសួងជំនាញ»។
ចំណែកលោក ជឹម ផល្លា គ្រូពេទ្យជម្រើសជាតិដែលមានបទពិសោធនៅជិតសង្វៀនប្រដាល់ច្រើនឆ្នាំបាននិយាយថា៖ «ការប្រកួតអាចធ្វើទៅបាន ក្នុងករណីមានការពិនិត្យសុខភាព អនាម័យគ្រប់ទីកន្លែងចំពោះកីឡាករតាំងពីក្លិប និងលំនៅឋានរហូតដល់សង្វៀនប្រកួតផ្ទាល់ ហើយយើងកាត់បន្ថយនូវគណៈកម្មការ ព្រមទាំងរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ព្រោះថាស្ថានភាពជីវភាពរបស់កីឡាករ និងគ្រូប្រដាល់លំបាកក្រីក្រណាស់ បើគ្មានការប្រកួតនោះ គឺដាច់បាយតែម្តង»។
លោក ជឹម ផល្លា បានបន្តថា៖ «ទោះជាយ៉ាងណា យើងកំពុងតែរង់ចាំមើលស្ថានភាព ឬការណែនាំរបស់ក្រសួងជំនាញថា តើអាចប្រកួតបិទទ្វារបានទេ? គឺស្ថិតនៅក្នុងការរង់ចាំមើលដំណឹងដូចគ្នា ព្រោះយើងមានការអាណិតដល់កីឡាករ និងគ្រូបង្វឹកដែលមានជីវភាពក្រីក្រណាស់»។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងចំណោមស្ថានីយទូរទស្សន៍ចំនួន ៦ ដែលមានរៀបចំការប្រកួតប្រដាល់នៅរៀងរាល់ចុងសប្តាហ៍ គឺមានតែសង្វៀនបាយ័ន និងសង្វៀន CNC ប៉ុណ្ណោះ ដែលមានកម្មវិធីប្រកួតច្រើនជាងគេ គឺបាយ័ន មាន ៦ កម្មវិធី ឯ CNC មាន ៥ កម្មវិធី ចំណែក PNN, SEATV ប៉ុស្តិ៍លេខ ៥ និងទូរទស្សន៍ថោន មាន ១ កម្មវិធីដូចគ្នា ហេតុនេះកាលពីប្រជុំពន្យារពេលប្រកួត កាលពីខែមីនា គឺលោក ម៉ា ស៊ីថេត មកពី CNC និងលោក នាង ស៊ីវុត្ថា មកពីបាយ័នមានភាពស្រួចស្រាល់ជាងគេក្នុងការផ្តើមគំនិត ទទូចសុំការប្រកួតបិទទ្វារបាន ១ សប្តាហ៍ចុង ក្រោយមុននឹងបិទទាំងស្រុង៕