ភ្នំពេញ: អ្នកប្រដាល់ជើងខ្លាំងវ័យក្មេង ម៉ន រដ្ឋា (បច្ចុប្បន្នប្រើឈ្មោះ អេ រដ្ឋា) កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយរបួសធ្ងន់ធ្ងរត្រូវវះកាត់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកពេញទំហឹង កាលពីយប់ថ្ងៃអង្គារ ហើយក្រោយការវះកាត់ពេញ ១ យប់រួចមកនោះ រដ្ឋា នៅមិនទាន់ដឹងខ្លួនទេ។ ក្រុមគ្រូពេទ្យ និងគ្រួសារ មិនទាន់ហ៊ានអះអាងពីស្ថានភាពរបួសទេ ខណៈតម្រូវការចាំបាច់គឺឈាមជាប្រចាំចំនួន ១៣ ប្លោកឯណោះ និងស្វែងរកជំនួយពីថ្នាក់ដឹកនាំ។
តាមកីឡាករ ម៉ន សាម៉េត ជាបងប្អូន បានប្រាប់កាលពីថ្ងៃពុធថា កាលពីម៉ោង ៧ យប់ ថ្ងៃអង្គារ ម៉ន រដ្ឋា បានខ្ចីម៉ូតូបងប្អូនជិះពីព្រែកឯងកៀនស្វាយ ឆ្ពោះទៅក្លិបប្រដាល់អេភូថង ប៉ុន្តែមកដល់ចំណុចម្តុំបឹងស្នោ ក៏ជួបគ្រោះថ្នាក់ដោយឡានបុកតែម្តង។
ម៉ន សាម៉េត បានបញ្ជាក់ថា៖ «តាមរយៈការវះកាត់ពេញ ១ យប់គឺខាងគ្រូពេទ្យប្រាប់ថា ម៉ន រដ្ឋា ដាច់ពោះវៀន របូសក្រលៀន ដាច់សរសៃពួ និងរងរបួសគ្រាំគ្រាផ្នែកមួយចំនួនទៀតធ្ងន់ធ្ងរផង។ ចំណែកគ្រួសារគ្មានប្រាក់ទេ ប៉ុន្តែការវះកាត់ព្យាបាលធ្ងន់បែបនេះខាងគ្រូពេទ្យ នៅមិនទាន់សួរនាំរឿងលុយទេ ដោយគាត់ខិតខំព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត»។
បើតាមម្តាយបង្កើតរបស់ ម៉ន សាម៉េត បានអះអាងថា ម៉ន រដ្ឋា មិនមែនជាបងប្អូនបង្កើត ជាមួយ ម៉ន សាម៉េត ទេ គឺគេជាក្មេងកំព្រា ដែលអ្នកស្រីបានរើសមកចិញ្ចឹមតាំងពីអាយុ ១០ ឆ្នាំ និងបានរស់នៅ និងហ្វឹកហាត់ជាមួយគ្នាចាត់ទុកដូចកូនបង្កើត ហើយគិតមកដល់ពេលនេះ ម៉ន រដ្ឋា មានអាយុ ២៣ ឆ្នាំហើយ មិនទាន់មានប្រពន្ធទេ។
ចំណែកលោក ម៉ាង ម៉ន ជាគ្រូបង្វឹក និងជាអាណាព្យាបាល ដែលចឹញ្ចឹម ម៉ន រដ្ឋា តាំងពីកុមារមក បាននិយាយថា៖ «គ្រូសារខ្ញុំប្រដាល់មួយពូជ កូនៗបានរៀនសូត្រចេះដឹងតិចតួចណាស់គឺមុខរបរមានតែប្រដាល់មួយមុខ ហើយពេលនេះជួបឧបសគ្គធំបែបនេះ គ្មានប្រាក់ទេ គឺវ៉ៃបានលុយតិចតួចគ្រាន់រស់មួយគ្រាៗប៉ុណ្ណោះ ហេតុនេះសូមសម្តេច និងមេៗ ព្រមទាំងបងប្អូនសប្បុរសជន មេត្តាជួយផង ដើម្បីសង្គ្រោះជីវិតកូនខ្ញុំ ម៉ន រដ្ឋា ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ហើយប្រសិនជាពេទ្យ គេយកលុយ ខ្ញុំមិនដឹងថា រត់ទៅខ្ចីបុលខាងណាទេ»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់កាលពីថ្ងៃពុធថា៖ «ខ្ញុំមិនទាន់បានទទួលដំណឹងពីគ្រោះថ្នាក់របស់ ម៉ន រដ្ឋា នៅឡើយទេ ដោយសារជាប់ភារកិច្ចសំខាន់ តែចាំល្ងាចបន្តិច ខ្ញុំនឹងពិនិត្យមើល និងជួយតាមលទ្ធភាព»។
ប្រភពមួយបង្ហើបថា អ្នកប្រដាល់មួយចំនួនបានទទួលប្រាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាគាត់ច្រើនណាស់ មានខ្លះបាន ៥ ពាន់ដុល្លារ ខ្លះបាន ១ ម៉ឺនដុល្លារ ហើយខ្លះបាន ២ ដងក៏មាន។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្តកណ្តាល កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកថា ប្រពន្ធគាត់ គឺសម្តេច ប៊ុន រ៉ានី ធ្លាប់បានជួយដល់កីឡាករប្រហែល ១០០ នាក់ហើយ។
ដោយឡែកកីឡាករ ទេស សំខាន់ ដែលធ្លាប់របួសដាច់ពោះវៀន និងបាក់ថ្គាមចូលដេកពេទ្យវះកាត់ធំៗចំនួន ២ លើក នៅមន្ទីរពេទ្យកាល់ម៉ែត កន្លងមក បានអះអាងថា៖ «មានការជួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម បានចំនួន ២ លើក ក្នុងការព្យាបាល ហើយមន្ទីរពេទ្យកាល់ម៉ែត មិនយកលុយទេ»៕