ភ្នំពេញ: ក្រោយ​កីឡាករ​ម៉ន រដ្ឋា រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត​សង្គ្រោះ​បន្ទាន់ ដោយ​ឆ្លង​កាត់​ការ​វះកាត់​កម្រិត​ធ្ងន់​ជាច្រើន​ផ្នែក មហាជន​ជា​សប្បុរស​ជន​យ៉ាង​ច្រើន​ស្ម័គ្រ​ចិត្ត​ផ្តល់​ឈាម និង​ឧបត្ថម្ភ​ថវិកា​បាន​យ៉ាង​ផុល​ផុស និង​សស្រោក​សស្រាំ​ជា​បន្ត​បន្ទាប់​គួរ​ឲ្យ​កោត​សរសើរ ខណៈ​ដែល​ស្ថាប័ន​គ្រប់គ្រង​កីឡា​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ក្នុង​ទំហំ​តិចតួច និង​ស្ងាត់​ស្ងៀម​ជាង​មហាជន។

គិត​មកដល់ពេលនេះ កីឡាករ​ម៉ន រដ្ឋា បានដឹងខ្លួន និង​ត្រូវបាន​សង្គ្រោះ​រួចផុត​ជីវិត​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ដឹង​ថា ក្រោយ​ពេល​ព្យាបាល​ជា​សះ​ស្បើយ​នៅ​អនាគត​អាច​ធ្លាក់​ខ្លួន​ពិការ​ក្នុង​កម្រិ​តណា​នោះ​ឡើយ​ទេ។

លោកគ្រូ​ពេទ្យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​បញ្ជាក់ថា ម៉ន រដ្ឋា អាច​នឹង​ពិការ​ជើង ពីព្រោះ​មាន​ដាច់​សរសៃ​ពួរ​ជើង​ច្រើន​កន្លែង ប៉ុន្តែ​ក្នុង​នាម​គ្រូពេទ្យ «យើង​មិន​អាច​និយាយ​ប្រាប់​មុន​ដល់​សាមីខ្លួន​ឬ​គ្រួសារ​ទេ»។

កីឡាករ​ម៉ន សា​ម៉េ​ត ជា​បងប្អូន និង​ភាគច្រើន​នៅ​ប្រចាំការ​មើលថែ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ ម៉ន រដ្ឋា បាន​ដឹង​ខ្លួន​ហើយ ប៉ុន្តែ​អាការ​មាន​សភាព​លំបាក​ខ្លាំង​ពេល​ប្តូរ​ឈាម​ម្តងៗ ហើយ​ចំនួន​ទឹក​ប្រាក់​ដែល​ខ្ញុំ​ទទួល​បាន​ផ្ទាល់​ពី​សប្បុរស​ជន​មាន​ចំនួន ១២ ៩២០ ០០០ រៀល»។

សា​ម៉េ​ត បាន​បន្តថា៖ «កាកបាទ​ក្រហម​ជួយ​បាន​ចំនួន ៤៣៥ ដុល្លារ ហើយ​ខាង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ចំនួន ៣០០ ដុល្លារ និង​ខាង​ស្ថានីយ​ទូរទស្សន៍​បាន​ចំនួន ៤ លាន​រៀល ក្រៅ​ពី​នេះ​មាន​គេ​ជួយ​តាមរយៈ​លោកគ្រូ​អេ ភូថង មួយ​ចំនួន​ទៀត​ខ្ញុំ​មិន​ទាន់​ដឹង។ នេះ​ជា​ការ​ចូលរួម​របស់​ជន​រួម​ជាតិ​ដែល​តែង​តែ​មាន​ការ​អាណិត​អាសូរ​ចំពោះ​កីឡាករ​ខ្មែរ​ដែល​រង​គ្រោះ​ថ្នាក់​គួរ​ឲ្យ​សង្វេគ»។

អ្នកស្រី​សុ​ម៉ាលី ភរិយា​របស់លោក​អេ ភូ​ថង បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ខាង​ខ្ញុំ​ដែល​ជា​គ្រូបង្វឹក​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​លោក​ឧកញ៉ា​ស្រី ចន្ទថន ចំនួន ៤ លាន​រៀល និង​ជួយ​ពី​ខាង​ស្ថានីយ​ទូរទស្សន៍​ឯក​ជន​បាន​ចំនួន ២ លាន​រៀល​ទៀត»។

ទោះជា​យ៉ាងណា កាយវិការ​សប្បុរសជន​ដែល​បាន​ជួយ​ដល់​កីឡាករ​កំពុង​មាន​ទុក្ខ​គឺជា​ការ​ជួយ​បញ្ហា​ក្នុង​សង្គម​មហា​ធំធេង ខណៈ​សកម្មភាព​របស់​ស្ថាប័ន​នៃ​អង្គភាព​គ្រប់គ្រង​កីឡា​របស់​រាជ​រដ្ឋាភិបាល មាន​លក្ខណៈ​យឺត​យ៉ាវ​ជា​រឿង​ធម្មតា។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ពី​របប​សន្តិសុខ​សង្គម ឬ​ប័ណ្ណ​បសស រយៈពេល​ជាង ១ ឆ្នាំ​ហើយ​ដើម្បី​ជួយ​ដល់​កីឡាករ-កីឡាការិនី ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ទាំង​កីឡាករ​កម្រិត​ខ្ពស់​របស់​ជម្រើស​ជាតិ និង​កីឡាករ​កម្រិត​ទាប​នៅ​មិន​ទាន់​បាន​ប័ណ្ណ​បសស​នេះ​នៅ​ឡើយ​ទេ ខណៈ​សមាគម​អ្នក​ធាក់​ស៊ីក្លូ កម្មករ-កម្មការិនី នៅ​តាម​រោងចក្រ​ទទួល​បាន​សេវា​នេះ​រួច​ហើយ។

លោកគ្រូ​ពេទ្យ​ជឹម ផល្លា ដែល​នៅ​ប្រចាំការ​សង្វៀន​ប្រកួត និង​ជា​គ្រូពេទ្យ​ប្រចាំ​ក្រុម​កីឡាករ​ជម្រើស​ជាតិ បាន​និយាយ​ថា៖ «កីឡាករ​ជម្រើស​ជាតិ​ដែល​ហៅថា កីឡាករ​កម្រិត​ខ្ពស់ នៅ​មិន​ទាន់​បាន​ទទួល​របប​សន្តិសុខ​សង្គម​នេះ​នៅ​ឡើយ​ទេ។ ក្រុម​កីឡា​ប្រដាល់​ដែល​ជា​ប្រភេទ​កីឡា​ប្រយុទ្ធ​កំពុង​តែ​ប្រកួត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​រៀង​រាល់​សប្តាហ៍ កំពុង​ត្រូវការ​សេវា​ពេទ្យ​នេះ​ចាំបាច់​បំផុត ហើយ​សព្វថ្ងៃ​ពួក​គាត់​មាន​បញ្ហា​គ្រោះ​ថ្នាក់​ម្តងៗ​បាន​ប្រើប្រាស់​ថវិកា​ពី​សប្បុរស​ជន និង​អ្នក​គ្រប់គ្រង​កម្មវិធី​ជា​លក្ខណៈ​ឯក​ជន​ប៉ុណ្ណោះ»៕