ភ្នំពេញ៖ អ្នក​ប្រដាល់​ខ្លួន​តូច​ចិត្តធំ ដែល​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ទាំង​ក្រវាត់​ចំនួន ២ និង​ឈ្នះ​មេដាយមាស​ថ្នាក់ជាតិ ជាច្រើន​លើក ម៉ន វិរៈ បាន​ក្លាយជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដំបូង​គេ ដែល​បាន​ឆ្លង​កូវីដ១៩ ហើយ​នៅពេល​នេះ វិរៈ ត្រូវបាន​ឡានពេទ្យ​របស់​ក្រសួង​សុខាភិបាល​ដឹក​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ហើយ ចំណែក​ប្រពន្ធ និង​ក្រុម​គ្រួសារ​របស់ ម៉ន វិរៈ កំពុង​រង់ចាំ​ការធ្វើ​សំណាក​ពី​គ្រូពេទ្យ។

តាម​កីឡាករ ម៉ន សាម៉េត ដែលជា​បងប្រុស​បង្កើត​របស់​កីឡាករ ម៉ន វិរៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ម៉ន វិរៈ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ពី​បុគ្គលិក​របស់​ទូរទស្សន៍ CTN លោក ជិន បញ្ញា ដែល​បាន​រកឃើញថា បាន​ឆ្លង​ជំងឺ​កូវីដ​កាលពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។

ម៉ន សាម៉េត បាន​បញ្ជាក់ថា៖ «បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា បង ជិន បញ្ញា បាន​ឆ្លង​ជំងឺ​កូវីដ១៩ ខ្ញុំ​បាន​ជំរុញ​ឱ្យ ម៉ន វិរៈ ទៅធ្វើ​ចត្តាឡីស័ក​នៅ​បឹងត្របែក ព្រោះ វិរៈ មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បង បញ្ញា នៅពេល​គាត់​មក​ទិញ​ត្រី នៅផ្ទះ​របស់​ខ្ញុំ ស្ថិតនៅ​ភូមិ​ចុងព្រែក សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ហើយ វិរៈ ធ្វើ​ចត្តាឡីស័ក​បាន​ត្រឹម ២៤ ម៉ោង ពោល​គឺ​នៅ​រសៀល​ម៉ោង ៤ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី ១៧ ខែមេសា ក៏​ត្រូវបាន​គ្រូពេទ្យ​ធ្វើ​សំណាក ប្រាប់ថា រូបគេ​បាន​ឆ្លង​ជំងឺ​កូវីដ១៩»។

កីឡាករ​ជើង​ខ្លាំង ម៉ន សាម៉េត បានបង្ហាញ​ការសោកស្តាយ​ពី​ហេតុការណ៍​ដ៏រន្ធត់ ដែល​បាន​កើតមានឡើង ចំពោះ ម៉ន វិរៈ នេះ។ «ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ ខ្លាំងណាស់ ចំពោះ​ការឆ្លង​ជំងឺ​កូវីដ១៩នេះ ព្រោះ វិរៈ បាន​ថែរក្សា​សុខភាព និង​រក្សា​គម្លាត​យ៉ាង​ល្អ នៅក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ១៩នេះ គឺ​វា​មិន​ដែល​ដើរចេញ​ក្រៅពី​ភូមិ​ទេ តែ​បែរជា​មកជួប​រឿង​បែបនេះ ទាល់តែ​បាន ប៉ុន្តែ​យើង​ក៏​មិនអាច​បន្ទោស​បង បញ្ញា នោះដែរ ព្រោះ​ពេល​គាត់​មកជួប វិរៈ នោះ ក៏​គាត់​មិនទាន់​ដឹងថា ខ្លួន​គាត់​បាន​ឆ្លង​ជំងឺ​កូវីដ​នេះ​ដូចគ្នា»។

យ៉ាងណាក៏ដោយ ម៉ន សាម៉េត បាន​អះអាងថា រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ ម៉ន វិរៈ មិនមាន​ទំនាក់ទំនង និង​ឡើង​ប្រកួត​នៅលើ​សង្វៀន​ប្រដាល់​ណា​នោះទេ។ សាម៉េត បាន​បញ្ជាក់ថា៖ «តាំងពី ម៉ន វិរៈ បាន​ខូច​ជើង ក្រោយ​ការប្រកួត​ជាមួយ ថន វាសនា នៅលើ​សង្វៀន​បាយ័ន​កាលពី​ឆ្នាំ ២០១៤ គឺ​គេ​បាន​ឈប់​ឡើង​ប្រដាល់​រហូតមក​ដល់ពេលនេះ។ វិរៈ បាន​ទៅរក​ត្រី​តែ​ជាមួយ​ខ្ញុំ ដោយ​មិន​បាន​ទាក់ទង​ទៅនឹង​ការប្រដាល់​ទៀត​នោះទេ គឺ​វា​មាន​ទំនាក់ទំនង​តែ​ជាមួយ​សមាជិក នៅក្នុង​ក្រុមគ្រួសារ​របស់ខ្ញុំ ហេតុនេះ​ទាំង​ខ្ញុំ និង​ក្រុម​គ្រូសារ​របស់ខ្ញុំ​ចំនួន ៨ នាក់​ទៀត​កំពុង​ធ្វើ​ចត្តាឡីស័ក ដើម្បី​រង់ចាំ​ការធ្វើ​សំណាក​របស់​ក្រុមគ្រូពេទ្យ ដែល​អាច​នឹងធ្វើ​លើក​ទី ១ នៅ​រសៀល ឬ​ល្ងាច​ថ្ងៃអាទិត្យ​នេះ»៕