ភ្នំពេញ៖ អ្នក​ប្រដាល់​ចាស់​វស្សា​ខ្លួន​តូច​ចិត្តធំ ម៉ន សាម៉េត របស់​សមាគម​ប្រដាល់​កីឡា​ក្រសួងមហាផ្ទៃ ដែល​បាន​ឈ្នះ​កីឡាករ ស៊ឹម ប៊ុនឆៃ មកពី​ខេត្ត​បាត់ដំបង នៅ​ក្នុង​វគ្គ​ជម្រុះ ៣២ នាក់​ដំបូង​នោះ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​បន្ត​មក​ប្រកួត​ជម្រុះ​នៅ​ក្នុង​វគ្គ​ចែក​ពូល ១៦ នាក់​ចុង​ក្រោយ ដែល​ក្នុង ១ ពូល មាន​បេក្ខភាព ៤ នាក់ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ សាម៉េត ត្រូវ​ប្រកួត​ជាមួយ កីឡាករ ថន ភឿត មក​ពី​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ ដោយ​រូបគេ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹង​ឈ្នះ ១០០ ភាគរយ។

ម៉ន សាម៉េត ធ្លាប់​សាង​ភាព​ល្បីល្បាញ​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម ដោយ​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​ជាច្រើន ប៉ុន្តែ​លើក​នេះ រូប​គេ​បាន​ដំឡើង​ទម្ងន់​ដល់ ៦០ គីឡូក្រាម​លើក​ដំបូង ​ដើម្បី​ចូលរួម​ប្រកួត​ខ្សែ​ក្រវាត់​នៅ​លើ​សង្វៀន​ថ្មី​របស់​ហង្សមាស​នេះ ហើយ​បើទោះបីជា​ការ​ប្រកួត​នេះ​ត្រូវ​ឆ្លងកាត់​វគ្គ​ជាច្រើន​ទៀត តែ សាម៉េត មាន​ការ​ជឿជាក់​ថា រូប​គេ​អាច​នឹង​ដណ្តើម​បាន​ខ្សែ​ក្រវាត់​នេះ។

កីឡាករ ម៉ន សាម៉េត បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច គឺ​ហ្វឹកហាត់​បាន​គ្រប់គ្រាន់ ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​ជើងចាស់ ថន ភឿត។ ខ្ញុំ​មិន​ធ្លាប់​ជួប​គាត់​ទេ ព្រោះ​ពី​មុន​ទម្ងន់​ខុស​គ្នា ហើយ​ខ្ញុំ​គិត​ថា គាត់​ជា​អ្នក​ប្រដាល់​រឹងមាំ មាន​កម្លាំង​ល្អ​ម្នាក់ ប៉ុន្តែ​ល្បិច​ប្រយុទ្ធ ខ្ញុំ​អាច​យក​ឈ្នះ​គាត់​បាន​ដោយ​សង្ឃឹម​ឈ្នះ​គាត់ ១០០ ភាគរយ។ ក្រោយ​ខ្ញុំ​ឈ្នះ​ក្នុង​សប្តាហ៍​នេះ ខ្ញុំ​ត្រូវ​ប្រកួត​បន្ត​ជាមួយ ព្រឿង សុជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ហើយ​ប្រកួត​ចុង​ក្រោយ​ប្រចាំ​ពូល​នេះ​ជាមួយ លាភ រដ្ឋា មក​ពី​ខេត្ត​បន្ទាយមានជ័យ»។

អ្នក​ប្រដាល់​រូប​នេះ បាន​បញ្ជាក់​ថា៖ «សមាសភាព​អ្នក​ប្រដាល់​ទាំង ៣ នាក់​ខាង​លើ ខ្ញុំ​គ្មាន​ព្រួយបារម្ភ​ពី​ការ​ចាញ់​នោះ​ឡើយ គឺ ព្រឿង សុជាតិ លំបាក​ឈ្នះ​បន្តិច ប៉ុន្តែ​ចំពោះ លាភ រដ្ឋា ខ្ញុំ​គិត​ថា គ្មាន​ឧបសគ្គ​នោះ​ឡើយ ព្រោះ​ការ​ជួបគ្នា ៦ ដង​កន្លង​មក ខ្ញុំ​ឈ្នះ ៥ ដង និង​ចាញ់​តែ ១ ដង​ទេ អ៊ីចឹង​ខ្ញុំ​ធានា​ឆ្លង​ផុត​ក្នុង​ការ​ប្រកួត​តាម​ពូល​នេះ ដ្បិតអី​តាម​រូបមន្ត​គេ​យក ១ ពូល ​២ នាក់ ទៅ​វគ្គ​បន្ត ហើយ​តាម​ខ្ញុំ​សម្លឹង​មើល​បេក្ខភាព​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ខ្ញុំ​អាច​នឹង​ឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់​ទម្ងន់ ៦០ គីឡូក្រាម​នេះ​ឱ្យ​បាន»។

ចំពោះ​កីឡាករ ថន ភឿត មិន​រំពឹង​ថា អាច​យក​ឈ្នះ ម៉ន សាម៉េត បាន​នោះទេ។ ថន ភឿត បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​លំបាក​ប្រកួត ព្រោះ ម៉ន សាម៉េត ល្បីល្បាញ​ខ្លាំង ដោយ​មាន​បច្ចេកទេស​វ៉ៃ​ចេញ​ចូល​រហ័ស និង​ចេញ​បាន​គ្រប់​ស្នៀត​ទាំង​ទាត់ ជង្គង់ និង​កណ្តាប់​ដៃ ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ ៥០ ភាគរយ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ប្រកួត​ជម្រុះ​ដណ្តើម ខ្សែ​ក្រវាត់​នេះ ចំនួន ៣ គូ​ទៀត​ផង​ដេរ គឺ​សុទ្ធ​តែ​ជា​កីឡាករ​ល្បីៗ ដោយ​ក្នុង​នោះ កីឡាករ យុគ យក្ស​ផ្លែ មកពី​ក្លិប​បុរី​រាជសីហ៍​ត្រូវ​ប៉ះ ពុទ្ធ សំអូន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស ចំណេក ឡូញ វណ្ឌី ក្លិប​វិបុល​ពោធិ៍​សែនជ័យ ប្រកួត​ជាមួយ ភួង ពិសិដ្ឋ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ហើយ គង់ ហូវ ក្លិប​គុហា​ព្រហ្មជ័យ​ខេត្តសៀមរាប ត្រូវ​ប្រឈម​នឹង ទូច ដេវីត របស់​ក្លិប​អរុណរះ ដើម្បី​ប្រជែង​យក​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ។

គួរ​បញ្ជាក់​ថា អ្នក​លេខ ១ និង​លេខ ២ តាម​ពូល​ទាំង ៤ ក្នុង​វគ្គ ១៦ នាក់​នេះ នឹង​ត្រូវ​ឡើង​ទៅ​វគ្គ ៨ នាក់ ដែល​ត្រូវ​ចែក​ជា ២ ពូល​ទៀត ហើយ​ត្រូវ​ប្រកួត​ជម្រុះ​យក​អ្នក​លេខ ១ និង​លេខ ២ ឡើង​ទៅ​ប្រកួត​វគ្គ ១/២ ផ្តាច់ព្រ័ត្រ រួច​បន្ត​យក​អ្នក​ឈ្នះ ២ នាក់ នៅ​វគ្គ​នេះ​ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​តែ​ម្តង៕