ភ្នំពេញ៖ អ្នក​ប្រ​ដាល់​មាឌ​ល្អិត​ចិត្ត​ធំ ​ម៉ន​ សាម៉េត​ បាន​ចាត់​ទុក​ការ​វិល​ទៅជួប​កីឡាករ​ថៃ La​fan​ នៅ​លើ​សង្វៀន One TV រោងសៀក នា​រសៀល​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ថា ជាឧបសគ្គ​សម្រាប់​រូប​គេ ក្នុងការ​ដណ្តើម​៣ពិន្ទុបន្ថែម ប៉ុន្តែ​ អេលីត ចំរើន ហាក់​មិន​មានការ​បារម្ភ សម្រាប់​ការ​វិលទៅ​ជួប​ថៃ Kev Thab នោះ​ទេ។

ម៉ន​ សាម៉េត​ បាន​​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​ជួប​ Lafan ពីមុន​មកនោះ​ទេ ​ប៉ុន្តែ​តាម​រយៈ​មើល​ឃ្លីប​វីដេ​អូ​ គឺ​កីឡាករ​ថៃ​រូប​នេះ ​មាន​កម្លាំង​ល្អ ​ប្រ​កួត​បាន​ពេញ​ ៥ ទឹក ​និង​ស្នៀត​ជង្គង់​ក៏​ល្អ​ដែរ​ ហេតុ​នេះ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ត្រឹម ​៦០ ​ភាគរយទេ ​ដោយ​ខ្ញុំ​ព្រួយ​បារម្ភ​ផ្នែក​កម្លាំង​ ឯ​បច្ចេកទេស​ គឺ​សង្ឃឹម​មាន​ប្រៀប​ជាង»​។​

សិស្ស​គណ​​​ក្លិប​កង​ចក្រ​រាជ​សីហ៍ ម៉ន ​សាម៉េត​ បានបញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រើ​បច្ចេក​ទេស​ គឺ​ត្រូវ​វាយ​ចេញ​នូវ​កែង​ខ្លី​ឲ្យ​បានច្រើន ​ទើប​សង្ឃឹម​ឈ្នះ​ ហើយ​បើ​និយាយ​ពី​ក្បាច់​ជង្គង់ គឺ​លំបាក​មាន​ប្រៀប​ជា​មួយ​គេ​ណាស់​ ​ព្រោះ​គេ​ខ្ពស់​ជាង»​។​

កីឡាករ ម៉ន ​សាម៉េត ធ្លាប់ប្រ​កួត​បាន​​ ៩០​ ដង ​ឈ្នះ ​៧៥ ​ចាញ់ ​១២​ ​ស្មើ​ ៣ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ​៣២ ​ដង ហើយ​ក្នុង​នោះ គេ​បាន​​ប្រ​កួត​ជា​លក្ខណៈ​អន្តរជាតិ​ចំនួន​ ៥៤​ដង គឺ​ប្រ​ហាក់​ប្រ​ហែល​ជា​មួយ​​​ថៃ​ La​fan​ ដែល​ធ្លាប់​​ប្រ​កួត​ ៩១ ដង ​ឈ្នះ​ ៧៨​ ចាញ់​ ១៣​ ក្នុង​នោះ​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់​បាន ​​៣៤ ​ដង​។ ​យ៉ាង​ណា​ក៏​កម្ពស់​របស់​ La​fan​ ខ្ពស់​ជាង ​ម៉ន សាម៉េត​។​

លោក ​ម៉ាង ​ម៉ន​ ជាគ្រូ​បង្វឹក​ បាន​និយាយ​ថា​៖ «​ខ្ញុំ​បង្វឹក​ផ្ទាល់​ដៃ​ចង់​ឲ្យ​ ម៉ន​ សាម៉េត​ វ៉ៃ​យក​ឈ្នះឲ្យ​បាន​ ដើម្បី​បាន​ឈាន​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ​ដែល​អាច​នឹង​បាន​ប្រាក់រង្វាន់​ច្រើន ​សម្រាប់​ធ្វើ​ខ្ទម​មួយ​នៅ​»។​

លោក ​ម៉ាង ​ម៉ន ដែល​​ជា​ឪពុក​បង្កើត​ផង​នោះ បន្ថែម​ថា​៖ ​«អា​ម៉េត​ វា​មាន​ក្បាច់​ល្អ​ជាង​ប៉ុន្តែ​បារម្ភ​ផ្នែក​កម្លាំង ​គឺ​បើ​ការ​ប្រកួត​​អូស​បន្លាយ​ដល់​​៥​ទឹក ​គឺ​យើង​សង្ឃឹម​តិច អ៊ីចឹង​​ខ្ញុំ​​​ចង់​ឲ្យ​វា​វាយសម្រុក​ខ្លាំង​៣​ទឹក ​ដើម្បី​ផ្តួល​ឲ្យ​ថៃ​សន្លប់​តែ​ម្តង​ ហើយ​​អ្នក​ប្រ​ដាល់​ត្រកូល «​ម៉ន» របស់យើង ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ងាប់​ចោល​ មិន​ដែល​លក់​កិត្តិយស​ការ​ប្រ​កួត​ម្តង​ណា​ឡើយ​ ទោះ​បី​ជីវភាព​ក្រី​ក្រ​យ៉ាង​ណាក៏ដោយ»​។​

កីឡាករ​កម្ពុជា អេលីត ចំរើន (ស្តាំ) រំពឹងដណ្តើម​បាន​៣ពិន្ទុពី​អ្នកប្រដាល់​ថៃ Kev Thab។ រូបភាព សហការី

ចំណែក​លោក ​ថាញ់ ​វ៉ាឡេក​ គ្រូ​បង្វឹក​កីឡាករ​ថៃ បាន​​​ប្រាប់​​ថា​៖ ​« La​fan​ ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ ដោយ​សង្ឃឹម​ឈ្នះ​ ដើម្បី​ទទួល​បាន ​៣ ពិន្ទុ​ ព្រោះ​ជំនួប​ដំ​បូង​ចាញ់​ អេលីត ​ចំរើន ​ម្តង​​រួច​ហើយ​។​ ជំនួបលើក​​នេះ​ គឺ​ចាញ់​ ឬ​ឈ្នះ​ មាន​លក្ខណៈ​តឹង​តែង​ណាស់​ ព្រោះ​ La​fan ​ត្រូវ​ការ​ឈ្នះ​តែ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ La​fan ​នឹង​ឈ្នះ​ក្នុង​ភាគ​រយ​ខ្ពស់​ គឺ​សង្ឃឹមឈ្នះ ​​៨០ ​ភាគ​រយ​»​។​

ដោយឡែក​​កីឡាករ​ អេលីត ​ចំរើន ​ដែល​ត្រូវ​ប៉ះ​ថៃ​ Kev​Thab​ បាន​អះអាង​ថា​ រូបគេ​មាន​ជំនឿ​មុត​មាំ​ និង​សង្ឃឹម​ឈ្នះ​ ដោយ​គ្មាន​ក្តី​បារម្ភ​នោះ​ឡើយ​។​ បើ​ប្រៀប​ធៀប​បទ​ពិសោធឡើង​សង្វៀន​របស់​អ្នក​ប្រ​ដាល់​ទាំង​ ២​ នេះ​ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​ អេលីត ​ចំរើន ​របស់​កម្ពុជា​មាន​ប្រៀប​ផ្នែក​កម្ពស់​​។​

អេលីត​ ចំរើន ដែលបាន​យក​ឈ្នះពិន្ទុ​ La​fan​ កាល​ប្រកួត​បើក​ឆាក​នោះ ​បាន​និយាយ​ថា​៖​ «ការ​ប្រ​កួត​លើក​ទី ២​ នេះ​ ខ្ញុំមាន​សង្ឃឹម​​ឈ្នះ​ ១០០ ​ភាគ​រយ​ ​ព្រោះ​កីឡាករ​ថៃ ​Kev ​Thab​ នេះ​​អាច​នឹង​លំបាក​ទប់​ទល់​ជា​មួយ​ស្នៀត​កែង​របស់​ខ្ញុំ​»។​

អេលីត​ ចំរើន ហាក់​ដូច​ជា​មាន​អំនួត​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​កីឡាករ​ថៃ​រូប​នេះ​ ស្រប​ពេល​ដែល​គ្រូ​បង្វឹក​របស់​គេ ​​ស៊ន ​អេលីត ​​បាន​ប្រាប់​ថា​៖ «​ចំរើន​ ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ​ អ៊ីចឹង​ការ​ប្រកួតនេះ ​គ្មាន​ឧបសគ្គ​ធំ​នោះ​ឡើយ»​។​ ​អេលីត​ ចំរើន ​មាន​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​ គឺ​វាយ​ជង្គង់​ និង​កែង​ល្អ ​ហើយ​ការ​ប្រកួតចំនួន​ ៩​ ប្រ​កួត​ចុង​ក្រោយ​ជាប់ៗ​គ្នា ជា​មួយ​កីឡាករ​ថៃ ​ទាំង​ក្រៅ​ខ្សែ​ក្រ​វាត់​នេះ គឺ​ ចំរើន មិន​ដែល​ចាញ់​ទាល់​តែ​សោះ​៕