ភ្នំ​ពេញ: កីឡាករ​ម៉ន​ សា​ម៉េត​ មក​ពី​ក្លិប​កង​ចក្រ​រាជ​សីហ៍​នៃ​ក្រ​សួង​មហា​ផ្ទៃ​ បាន​យក​ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​ជើង​ចាស់​របស់​ថៃ​ Phong Savath ការ​ប្រ​កួត​ប្រ​ដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​នៃ​សង្វៀន​អាស៊ី​អា​គ្នេយ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០​១៨​។

ចំណែក​កីឡាករ​ឌុម ​កែវ​ដា មក​ពី​ក្លិប​ប្រ​ដាល់​មកុដ​រាជ​សីហ៍​នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ជា​មួយ​កីឡាករ​ថៃ​ Phayak Lek ​ប៉ុន្តែ បន្សល់​ស្នាម​បែក​ហូរ​ឈាម​ឲ្យ​កីឡាករ​ថៃ​ត្រង់​សៀត​ថ្កា​ផង​ដែរ​។ ​

ជា​មួយ​គ្នា​នេះ​ដែរ ​កីឡាករ​ហ៊ឹម ​សារ៉ាន់ មក​ពី​សមាគម​ប្រ​ដាល់​ក្រ​សួង​ការ​ពារ​ជាតិ បាន​ចាញ់​ពិន្ទុ​កីឡាករ ​Justin ​មក​ពី​សហ​រដ្ឋ​អាមេរិក​ដោយ​ពិន្ទុ​។​

លទ្ធ​ផល​ប្រ​កួត​​ហាក់​បី​ដូច​អ្វី​ដែល​ជា​​ការ​ព្យា​ករ​របស់​អ្នក​ទស្សនា​ដែរ​ ពី​ព្រោះ​ការ​តាំង​ចិត្ត​ប្តេ​ជ្ញា​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ ​Phong​savath ​ក្រោយ​ពី​ម៉ន សាម៉េត បាន​សម្រេច​បំណង​ក្នុង​មោទ​ន​ភាព​ខ្ពស់​។​

ម៉ន ​សាម៉េត បាន​​វាយ​ចេញ​បាន​គ្រប់​ស្នៀត ​និង​ល្បិច​ឱប​បង្វិល​ឡើង​ជង្គង់​បាន​ល្អ​ មាន​ប្រៀប​លើ​កីឡាករ​ថៃ​សឹង​តែ​គ្រប់​ទឹក​ ដែល​នាំ​ឲ្យ ​ម៉ន​ សាម៉េត ឈ្នះ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​ពី​ចៅ​ក្រម​ទាំ​ង៥​។

កីឡាករ​រូប​នេះ​បាន​និយាយ​ពី​ការ​ប្រកួត​​ថា​៖ «ជ័យ​ជម្នះ​នេះ​​ជា​ការ​ខំ​ប្រឹង​ប្រែង​ និង​តាំង​ចិត្ត​របស់​ខ្ញុំ​ដើម្បី​រក​ទី​ផ្សារ​ប្រ​កួត​ឲ្យ​កាន់​តែ​ច្រើន ពី​ព្រោះ​ជា​ប្រភព​ចំណូល​របស់​គ្រូ​សារ​ខ្ញុំ​ដែល​ទទួល​បាន​ពី​ការ​ប្រ​កួត​នេះ​តែ​ម្តង​»​។ ​​​

ម៉ន​ សាម៉េត​ បាន​បន្ថែម​៖ «​ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម ​ខ្ញុំ​គិត​ថា​ លំបាក​រក​ដៃ​គូ​ប្រកួត​ជា​មួយ​​ខ្ញុំ​ណាស់ ​ហើយ​ខ្ញុំ​ធានា​ថា​ មិន​អាច​ឲ្យ​ចាញ់​គេ​ទេ​ក្នុង​ទម្ងន់​ដូច​គ្នា ​ប៉ុន្តែ​សុំ​មិន​ប្រ​កួត​ជា​មួយ​កីឡាករ​ខ្មែរ​តែ​ម្នាក់​គត់​គឺ​ពេជ្រ​ ម្ទេស​ខ្លាំង ​ជា​មិត្ត​ភត្តិ​ ក្រៅ​ពី​នេះ​ប្រ​កួត​ទាំង​អស់​»​។ ​​

កីឡាករ​ឌុម កែវដា (ស្តាំ) ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ថៃ Phayak Lek កាល​ពី​​ព្រឹក​ថ្ងៃ​អាទិត្យ​។ យឺន ពន្លក

ដោយ​ឡែក ហ៊ឹម​ សា​រ៉ាន់ បាន​ចាញ់​​កីឡាករ​មក​ពី​សហរដ្ឋ​អា​មេរិក Justin​ ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​​។ ចំណែក​កីឡាករ​ឌុម ​កែវ​ដា ដែល​ស្រេកឃ្លាន​ជ័យ​ជម្នះ​យ៉ាង​ខ្លាំង​បំផុត ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ​នោះ ​ហាក់​បី​ដូច​មិន​ខក​ចិត្ត​ប៉ុន្មាន​ទេ​ ពី​ព្រោះ​ថា ​ក្នុង​ការ​ប្រ​កួត​ជា​មួយ​កីឡាករ​ថៃ ​Phayak ​Lek ​ទទួល​បាន​លទ្ធផល​ស្មើ​បន្ទាប់​ពី​ការ​ប្រ​កួត​យ៉ាង​ជក់​ចិត្ត​ចំនួន​៥​ទឹក​។​

តាម​ពិន្ទុ​ពី​សំណាក់​ចៅ​ក្រម​ទាំង​៥​ ​ឌុម​ កែវ​ដា ​បាន​​ឈ្នះ​៣​ទល់​២ ហើយ​លោក​ប្រធាន​វិនិច្ឆ័យ​ បាន​ទាញ​ឲ្យ​ស្មើ​ដោយ​សារ​ជា​ការ​ប្រ​កួត​លក្ខណៈ​មិត្ត​ភាព​កម្តៅ​​សាច់​ដុំ​។​

លោក​ឯម​ ហៀង​ ប្រធាន​វិនិច្ឆ័យ​និយាយ​ថា​ ការ​ឲ្យ​ស្មើ​គឺ​សម​រម្យ​ណាស់​ពី​ព្រោះ​វា​ប្រកួត​វាយ​ចេញ​ល្អ​ដូច​គ្នា​ ដោយ​កីឡាករ​ខ្មែរ​វាយ​​ចេញ​កណ្តាប់​​ដៃ​ច្រើន​ ហើយ​កីឡាករ​ថៃ​​ក៏​ទាត់​ចូល​ល្អ​ដែរ​។​

ឌុម កែវ​ដា បាន​និយាយ​ក្រោយ​​ពី​ការ​ប្រ​កួត​ថា​៖ «ចប់​ការ​ប្រ​កួត​ភ្លាម​ ខ្ញុំ​សង្ឃឹម​ទទួល​បាន​ឈ្នះ​ដោយ​ក្នុង​នោះ ​ខ្ញុំ​វាយ​កែង​ចូល​ច្រើន​បណ្តាល​ឲ្យ​កីឡាករ​ថៃ​បែក​ឈាម​ផង​ដែរ​​។ ​លទ្ធផល​ស្មើ​នេះ​គឺ​ចាត់​ទុក​ថា ​ខ្ញុំ​បាន​ឈាន​ទៅ​សម្រេច​បាន​ល្អ​ឡើង​វិញ​បណ្តើរ​​ៗ​ហើយ​ បន្ទាប់​ពី​ខ្ញុំ​ធ្លាក់​ចុះ​ និង​ប្រកួត​ចាញ់​ចុង​ក្រោយ​មួយ​រយៈ​នេះ​ជាង​៥​ប្រ​កួត»​។​ ​

ក្នុង​ចំណោម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ចំនួន​៦​ប្រ​កួត​ក្នុង​រយៈ​ពេល​ជាង​៣​ខែ​កន្លង​មក​នេះ​ ឌុម​ កែវ​ដា​ ទទួល​បាន​លទ្ធផល​ចាញ់​ចំនួន​៥​ប្រ​កួត​ជាប់ៗ​គ្នា​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ គេ​ទទួល​បាន​លទ្ធផល​ស្មើ​។​

ទោះ​ជា​យ៉ាង​ណា​ ឌុម​ កែវ​ដា ​អះអាង​ថា​ ទី​ផ្សារ​ប្រ​កួត​របស់​គេ​មិន​ទាន់​ធ្លាក់​ចុះ​ទេ​គឺ​មាន​គេ​កក់​អស់​ទៅ​ហើយ​ ក្នុង​រយៈ​ពេល​៣​ខែ​ទៅ​មុខ​ទៀត​ ដោយ​សារ​ការ​ប្រ​កួត​របស់​គេ​ទោះ​ចាញ់ ​ឬ​ឈ្នះ​ អស់​ពី​សមត្ថ​ភាព​ និង​មាន​ភាព​ទាក់​ទាញ​ប្រ​ជា​ប្រិយ​​ល្អ​ទស្សនា​៕​