ភ្នំពេញ: កីឡាករ ម៉ន សាម៉េត របស់​ក្លិប​កងចក្រ​រាជសីហ៍ ត្រូវ​បាន​ដកចេញ​ពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៥៧ ​គីឡូក្រាម​នៅ​សង្វៀន SEATV ក្រោម​ការពង្រឹង​ច្បាប់​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​វិញ បន្ទាប់ពី​ការចាប់​គូប្រកួត​តាម​សង្វៀន​នីមួយៗ​ទំនង​ធ្វើ​តាម​ការយោគយល់ ឬ​តាម​ការចង់​បាន​របស់​អ្នក​គ្រប់គ្រង​កម្មវិធី ហើយ​បាន​បន្សល់​នូវ​គំរូ​មិន​ល្អ ឬ​អយុត្តិធម៌​ដល់​កីឡាករ និង​ក្លិប​មួយ​ចំនួន​។

តាម​ភ័ស្តុតាង​ជាក់ស្តែង​មាន​កីឡាករ​ខ្លះ ១ ​សប្តាហ៍​ប្រកួត​ ២ ​លើក និង​មាន​ខ្លះ​ទៀត ១ ​ថ្ងៃ​ប្រកួត​ ២ ​លើក​នៅ​សង្វៀន​ខុសគ្នា​ក៏​មាន​ដែរ ហើយ​ហេតុផល​វា​អាស្រ័យ​ទៅ​លើ​ការបកស្រាយ​របស់​មន្ត្រី​សហព័ន្ធ​ដែល​ជា​អ្នកគ្រប់គ្រង​ការងារ​នេះ​។

ម៉ន សាម៉េត បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការប្រកួត​នៅ​សង្វៀន SEATV ​ហើយ​ដោយ​គេ​ប្រាប់ថា ខ្ញុំ​ជាប់​ប្រកួត​វគ្គ​ជម្រុះ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ក្នុង​កម្មវិធី​ពានរង្វាន់ TV5Boxing Knock-Out Serir by K-Cement គឺ​មិន​អាច​នៅ​បន្ត​ប្រកួត​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​នៅ​ SEATV ​បន្ត​ទៀត​បាន​ទេ​»​។ សាម៉េត បន្ថែម​ថា​៖ «​បើ​អ៊ីចឹង ខ្ញុំ​សូម​ឲ្យ​អនុវត្ត​ធ្វើឲ្យ​ដូច​គ្នា​ទាំងអស់​គ្រប់​ក្លិប គ្រប់​កីឡាករ​ទៅ​ព្រោះ​ច្បាប់​ត្រូវ​គោរព​ដូចគ្នា​»​។

ចំណែក​លោក ជួន សំណាង គ្រូបង្វឹក ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​សហព័ន្ធ​តម្រូវ​ឲ្យ​ដក ម៉ន សាម៉េត ចេញ​ពី​គូ​ខ្សែក្រវាត់​ខារ៉ាបាវ​នៅ​សង្វៀន​ SEATV ទោះបី​ជា សាម៉េត បាន​ប្រកួត​ឈ្នះ​ថៃ​ ១ ​លើក​ក៏ដោយ ព្រោះ​នេះ​ជា​បញ្ជា​របស់​មន្ត្រី​សហព័ន្ធ​»​។

លោក​បន្ត​ថា​បើ​ច្បាប់​របស់​សហព័ន្ធ​ចែង​អ៊ីចឹង​គឺ​ល្អ និង​ដាក់​ឲ្យ​អនុវត្ត​គ្រប់​កីឡាករ គ្រប់​ក្លិប​ទៅ កុំ​ឲ្យ​ក្លិប​មាន​ខ្សែ​ផ្សេង ក្លិប​គ្មាន​បក្ខពួក​ផ្សេង ព្រោះ​កន្លង​មក​ថ្មីៗ​មាន​កីឡាករ សៀវ ង៉ុយ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​បាន​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​នៅ​ថ្ងៃទី​ ២៨ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ហើយ​បន្ទាប់​មក​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ TV5 Boxing Knock-Out Serir by K-Cement ដូច ម៉ន សាម៉េត ដែរ ហេតុអ្វី​មិន​ខុស​ច្បាប់​?

បន្ថែម​លើ​នេះ​លោក ជួន សំណាង បាន​រំឭក​ថា​កន្លង​មក​រវាង​កីឡាករ មាស សុជាតិ និង​កីឡាករ ពុយ វណ្ណៈ ប្រកួត​គ្នា​នៅ​ប៉ុស្តិ៍​លេខ​ ៥ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ២ ​នៅ​ម៉ោង​ប្រហែល​ជិត​ ៧ ​យប់ ហើយ​ម៉ោង​ជិត​ ៩ ​យប់​ក្នុង​ថ្ងៃ​តែ​មួយ​បាន​ទៅ​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ហេតុ​អី​មិន​ខុស​ច្បាប់​? ហេតុ​នេះ​លោក សំណាង បាន​ស្នើឲ្យ​មន្ត្រី​មេៗ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មេត្តា​ចែង​ច្បាប់​អនុវត្ត​ឲ្យ​បាន​ទាំងអស់​គ្នា​គ្រប់​ក្លិប និង​គ្រប់​កីឡាករ​ផង​។

ចំណែក​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន SEATV ប្រាប់​ថា ម៉ន សាម៉េត ត្រូវ​បាន​សហព័ន្ធ​ឲ្យ​ដក​ចេញ​មែន​ដោយសារ​មាន​ការ​តវ៉ា​ពី​អ្នក​គ្រប់គ្រង​នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​ ៥ ដែល​យើង​មិន​អាច​ចរចា​គ្នា​ត្រូវរ៉ូវ​បាន ហើយ​ការងារ​ផ្គូផ្គង​មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ ព្រោះ​ទីផ្សារ​ប្រកួត​មាន​ការប្រជែង​គ្នា ហើយ​កីឡាករ​ឆ្នើម​មាន​សមត្ថភាព​ល្អៗ ពិតជា​ត្រូវការ​ប្រជែង​គ្នា​មែន​។

លោក​បន្ថែម​ថា​៖​ «​ការងារ​ទាំងនេះ​គឺ​ត្រូវ​សហការ​ជាមួយ​សហព័ន្ធ​ដើម្បី​ដោះស្រាយ ព្រោះ​សហព័ន្ធ​ទំនង​ជា​កំពុង​ពង្រឹង​ច្បាប់​ប្រកួត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​បេក្ខភាព​កីឡាករ​មក​ជំនួស ម៉ន សាម៉េត ខ្ញុំ​សម្លឹង​ឃើញ​ហើយ​គឺ សេន កុសល មកពី​បាត់ដំបង​ដូចជា​មាន​សមត្ថភាព​ស័ក្តិសម​ល្អ​»​។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ទទួល​ស្គាល់​ថា​កន្លង​មក​យើង​តែងតែ​ផ្តល់​ការអនុគ្រោះ​ដល់​កីឡាករ​ខ្លះ​ដែល​ឡើង​ប្រកួត​ខុស​ពី​បច្ចេកទេស​ក្នុង​នោះ​ដែរ​មាន​កីឡាករ និង​គ្រូបង្វឹក​ខ្លះចង់​ឲ្យ​កីឡាករ​ឡើង​ប្រកួត​ដើម្បី​ប្រាក់​តម្លៃ​ខ្លួន​តាម​ទីផ្សារ​ប្រកួត​ដោយ​ភ្លេច​គិត​ពី​សុខភាព​ក៏​មាន​ដែល​ធ្វើឲ្យ​ប៉ះពាល់ ឬ​ឃ្លាត​ពី​ច្បាប់​ក៏​មាន ប៉ុន្តែ​សហព័ន្ធ​តែងតែ​អនុគ្រោះ និង​យោគយល់​ខ្លះ​។

លោក​បន្ត​ថា​៖ «​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​ការប្រកួត​មាន​ភាព​រីកចម្រើន​គឺ​ទីផ្សារ​ប្រកួត​ច្រើន​ហើយ​សហព័ន្ធ​សុំ​សិទ្ធិ​ពង្រឹង​ច្បាប់​ប្រកួត​ឲ្យ​បាន​ល្អ ហើយ​កីឡាករ​ក្តី គ្រូបង្វឹក​ក្តី ម្ចាស់​ក្លិបក្តី​ត្រូវ​នាំ​គ្នា​គោរព​គោលការណ៍​ប្រកួត គោរព​ច្បាប់​ឲ្យ​បាន​ល្អ និង​ឈប់​មាន​ការយោគយល់​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​រក​គុណភាព​ល្អ​គឺ​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា​អ៊ីចឹង​កីឡាករ​ត្រូវតែ​មាន​ការហ្វឹកហាត់​ល្អ សុខភាព​ល្អ និង​ចាប់​គូ​ប្រកួត​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស​ និង​ច្បាប់​កីឡា​ទាំងអស់​»៕