ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​ ម៉ន​ សាម៉េត​ ត្រូវវិល​មក​ប្រកួត​សងសឹក​ជាមួយ​ថៃ​ Bou ​Vy ​នៅ​សង្វៀន SEATV ​នា​យប់​ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ពី​ខកខាន​ប្រកួត​ជិត ​២ ​ខែ ចំណែក​កីឡាករ​ឆ្នើម​កម្ពុជា​ ឡុង​ ជិន ​ត្រូវ​ប៉ះ​​ថៃ​ Senmorokorth ​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម ថ្ងៃ​អាទិត្យ​នោះ​ដែរ។

ការ​ជួប​គ្នា​រវាង ម៉ន សាម៉េត និង Bou Vy បាន​ក្លាយ​ជា​ការ​ប្រកួត​សងសឹក​មួយ ​​ព្រោះ​កាល​ពី​ជិត ​៣ ​ឆ្នាំ​កន្លង​មក ​ម៉ន ​សាម៉េត ​ធ្លាប់​ចាញ់​​កីឡាករ​ថៃ​ម្នាក់​នេះ​ម្តង​រួច​ទៅ​ហើយ​ ប៉ុន្តែ​នៅ​មុន​ការ​ប្រកួត​នេះ សាម៉េត បាន​ត្អូញត្អែរ​ថា ការ​ខកខាន​ឡើង​ប្រកួត​រយៈពេល ​២ ​ខែ​នេះ​ ចង់​ដាច់​បាយ ​ព្រោះ​ការ​ដាក់​ពាក្យ​ចាប់​គូ​មិន​បាន ​បន្ទាប់​រូប​គេ​បាន​ចាញ់​ថៃ Khom Pichit ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន PNN កាល​ពី​​ថ្ងៃទី ​៥ ​ខែ​ មករា ​ឆ្នាំ ​២០២០។​

ម៉ន​ សាម៉េត​ ​បាន​និយាយ​​ថា​៖ «​ខ្ញុំ​ធ្លាប់​ឈ្នះ​ជើងឯក​ប្រចាំ​ឆ្នាំ​​សឹង​រាល់​ឆ្នាំ​ និង​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​៣ ​ស្ថាប័ន ​ប៉ុន្តែ​ទីផ្សារ​ប្រកួត​ បើ​សិន​ប្រកួត​ចាញ់ ​ឬ​ធ្លាក់​ចុះ​បន្តិច​នោះ ​វា​ពិបាក​ចាប់​គូ​ប្រកួត​ឡើង​វិញ​ណាស់​។​ ជាក់​ស្តែង ​ក្រោយ​ខ្ញុំ​ចាញ់​នៅ​សង្វៀន PNN ​គឺ​ខ្ញុំ​​លំបាក​ចាប់​គូ​ស្វែងរក​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ហើយ​បញ្ហា​នេះ​បាន​​ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្ញុំ​លំបាក​ដុនដាប​មែន​ទែន​ព្រោះ​ខ្ញុំ​​រំពឹង​តែ​លើ​ប្រដាល់​នេះ​ឯង»​។​

យ៉ាងណា​មិញ សម្រាប់​ការ​ឡើង​ប្រកួត​ជា​ថ្មី​នៅ​សង្វៀន​ SEATV ថ្ងៃ​អាទិត្យ​នេះ ម៉ន សាម៉េត បាន​និយាយ​ថា៖ ​«ការ​ជួប​ថៃ Bou Vy លើក​នេះ ជា​ការ​ប្រកួត​មួយ​ដែល​តឹងតែង​ ​ព្រោះ​កីឡាករ​ថៃ​​ម្នាក់​នេះ ​ធ្លាប់​ឈ្នះ​ខ្ញុំ​ម្តង​កាល​ពី​ឆ្នាំ ​២០១៨​ នៅ​សង្វៀន​បាយ័ន»​។​

ចំណែក​លោក ​ថៃ ​អ៊ូ ​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​ស្រុក​ខ្មែរ​បាន​ប្រាប់​ថា​៖ «​ម៉ន ​សាម៉េត​លំបាក​ឈ្នះ​ថៃ​នេះ​ណាស់​ ហើយ​ធ្លាប់​ចាញ់​ទៀត​ ប៉ុន្តែ​បើ​ សាម៉េត ​ហ្វឹកហាត់​ល្អ ​វាយ​សម្រុក​ខ្លាំង​ផ្នែក​កណ្តាប់​ដៃ​ និង​កែង​ គឺ​មាន​ភាគ​រយ​ខ្ពស់​អាច​នឹង​ឈ្នះ​បាន​ ​ព្រោះ​ Bou Vy មួយ​រយៈ​នេះ​ ប្រកួត​ធ្លាក់​ចុះ​មួយ​កម្រិត​ដែរ​។​ ទោះ​យ៉ាង​ណា គូ​នេះ ​ពិត​ជា​ល្អ​មើល​ហើយ គឺ​​ការ​ចាញ់ ​ឬ​ឈ្នះ​ មិន​អាច​ទស្សន៍ទាយ​បាន​មុន​នោះ​ទេ​ ​ព្រោះ​សុទ្ធ​តែ​ជា​កីឡាករ​វាយ​ប្តូរ​ដូច​គ្នា»​។

ចំណែក​កីឡាករ​ថៃ ​Sen​ morokorth ដែល​ជា​គូ​ប្រកួត​របស់ ឡុង ជិន ​ត្រូវ​បាន​​គណៈកម្មការ​ផ្គូផ្គង​ប្រាប់​ថា ធ្លាប់​ប្រកួត​បាន ​៦៥ ​ដង ​ឈ្នះ ​៥៥​ និង​​ចាញ់ ​១០ ​ដង គឺ​តិច​ជាង ឡុង ជិន ដែល​ប្រកួត​បាន ​៨៤ ​ដង ​ឈ្នះ ​៦៤​ ​ចាញ់ ​១៨​ និង​ស្មើ ​២ ដង។

ទោះ​យ៉ាងណា​ប្រធាន​គ្រប់គ្រង​កម្មវិធី ​លោក​ ញាន ​សុធី បាន​​និយាយ​ថា​៖ «​អ្នក​ប្រដាល់​ទាំង ​២ ​នេះ ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ​ប៉ុន្តែ​សម្រាប់​ ឡុង ​ជិន ​បើ​ហ្វឹកហាត់​បាន​ល្អ ​គឺ​មាន​ប្រៀប​ជាង ​ដោយសារ​ក្បាច់​ប្រកួត​របស់ ​ឡុង​ ជិន​ មាន​ផ្លែ​សម្លាប់​ច្រើន​ ដូច​ជា​ជង្គង់​ និង​កែង​ តែ​ផ្នែក​កម្លាំង​ គឺ​ចាញ់​ប្រៀប​កីឡាករ​ថៃ​នៅ​ចុង​ទឹក​។ ហេតុ​នេះ​បើ ​ឡុង ​ជិន ​ហ្វឹកហាត់​ផ្នែក​កម្លាំង​បាន​ល្អ​វិញ ​គឺ​មាន​ភាគរយ​​ឈ្នះ​ខ្ពស់ ដោយសារ​គេ​​ចូល​វ៉ៃ​ដៃ​គូ​មុន​ជានិច្ច»​៕