ភ្នំពេញៈ ការប្រកួតប្រដាល់គុនខ្មែរដណ្តើមពាន TV5 Boxing Knock Out Serie (K Cement) បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះនៅសង្វៀនប៉ុស្តិ៍លេខ ៥ ដោយក្នុងនោះ ម៉ន សាម៉េត ត្រូវជួប គួន ប៊ុនហ៊ីម ហើយ ធន់ អៀងឡៃ ជួប បឺត សង្ឃឹម ដើម្បីរកអ្នកឈ្នះទៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួតជម្រុះតាំងពីវគ្គ ៣២ នាក់ដំបូងមកនេះ ម៉ន សាម៉េត បានឈ្នះ ឯម សុធី ក្នុងជុំទី ១ រួចបន្តផ្តួលមិត្តរួមគ្រូ រឿន សុខលី ឲ្យសន្លប់ត្រឹមទឹកទី ២ និងជុំទី ៣ ឈ្នះពិន្ទុ យុគ យក្សផ្លែ។ រីឯ គួន ប៊ុនហ៊ីម បានឈ្នះ រិទ្ធ ប្រាក់ប៊ិន ឈ្នះ ជា ចំរើន ហើយជុំទី ៣ គេបានឈ្នះ យ៉ន ពិសី។
សម្រាប់ជំនួបដោយផ្ទាល់ចំនួន ៦ លើ ម៉ន សាម៉េត ឈ្នះ គួន ប៊ុនហ៊ីម ទាំងអស់។ ទោះជាយ៉ាងណា ម៉ន សាម៉េត បាននិយាយថា៖ «ការប្រកួតនេះមិនមែងងាយស្រួលទេ ព្រោះ គួន ប៊ុនហ៊ីម ឥឡូវហាត់ និងប្រកួតបានល្អ ខ្ញុំមានទំនុកចិត្តឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ។ ខ្ញុំនឹងឈ្នះ ប៉ុន្តែឆ្លងឧបសគ្គធំៗ គឺឈ្នះទាំងលំបាក»។
ចំណែកលោក សៅ ប៊ុនធឿន គ្រូបង្វឹក គួន ប៊ុនហ៊ីម បាននិយាយថា៖ «ការប្រកួតជាមួយ ម៉ន សាម៉េត ពិតជាលំបាកឈ្នះ ប៉ុន្តែការប្រឹងប្រែងហ្វឹកហាត់ឡើងប្រកួត យើងនៅតែមានសង្ឃឹមឈ្នះជានិច្ច»។ លោក ប៊ុនធឿន អះអាងថាធានាវ៉ៃអស់ពីសមត្ថភាព និងមានទំនុកចិត្តឈ្នះ ៥០ ភាគរយ។
ចំពោះ បឺត សង្ឃឹមវិញនៅជុំទី ១ គេបានឈ្នះ សយ សី រួចឈ្នះ ឆាយ មាស និងជុំទី ៣ ឈ្នះ ស៊ឹម ប៊ុនឆៃ។ ចំណែក ធន់ អៀងឡៃ នៅជុំទី ១ បានឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ ហើយបន្តឈ្នះ សេក គឹមសាន្ដ នៅទឹកទី ១ និងបានឈ្នះពិន្ទុលើរៀមច្បងរបស់គេគឺ សៀវ ង៉ុយ។ ការវិលមកជួបគ្នារបស់អ្នកទាំង ២ នេះត្រូវបានគេវាយតម្លៃថាអាចនឹងយកឈ្នះចាញ់គ្នាយ៉ាងតានតឹងបំផុត។
លោក ជួន សំណាង គ្រូប្រដាល់ ១ រូបបានវាយតម្លៃថា ប្រសិនបើ បឺត សង្ឃឹម រក្សាក្បាច់ជង្គង់ល្អ និងមានប្រៀបជាង ប៉ុន្តែបើវាយក្បាច់កណ្តាប់ដៃ ឬចម្រុះនោះ ធន់ អៀងឡៃ អាចមានប្រៀបជាងវិញ។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក អៀងឡៃ បានប្រាប់ថា៖ «ខ្ញុំមានទំនុកចិត្តឈ្នះ ៨០ ភាគរយ។ តាមរយៈការហ្វឹកហាត់ និងរក្សាសុខភាព គឺ អៀងឡៃ ត្រៀមបានល្អ និងកំណត់យកឈ្នះឲ្យបានក្នុងភាគរយខ្ពស់ ប៉ុន្តែវាឈ្នះដោយតឹងតែង»។
បន្ថែមពីលើគូខ្សែក្រវាត់នេះគឺអ្នករៀបចំសង្វៀនប៉ុស្តិ៍លេខ ៥ លោក សេង កដិកា បានអះអាងថាគូមិត្តភាពអន្តរជាតិគឺដាក់ជើងខ្លាំងទម្ងន់ធ្ងន់ ព្រំ សំណាង ឲ្យប្រកួតជាមួយថៃ Manouv Van ក្នុងប្រភេទទម្ងន់ ៧៧ គីឡូក្រាម ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះកាន់តែមានភាពទាក់ទាញ៕