ភ្នំពេញ៖ អ្នកប្រដាល់ល្បីឈ្មោះលំដាប់ជួរមុខ និងមានបទពិសោធច្រើនចំនួន ៤ នាក់ មាន ម៉ន សាម៉េត, ធន់ អៀងឡៃ, សេក គឹមសាន្ត និង យុគ យក្សផ្លែ ត្រូវបានគណៈកម្មការផ្គូផ្គង ដាក់ឲ្យប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៥៧ គីឡូក្រាមនៃកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន នាថ្ងៃអាទិត្យខាងមុខ។
សម្រាប់ការប្រកួត ដែលតម្រូវឲ្យចាប់ឆ្នោតមុនការប្រកួតនេះ ម៉ន សាម៉េត និងភាគី ធន់ អៀងឡៃ សុទ្ធតែមានការរំពឹងខ្ពស់ថា នឹងទទួលបានជ័យជម្នះ នៅក្នុងវគ្គជម្រុះ ៣ ទឹក ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈវគ្គនេះ អ្នកអាចផ្តួលគូប្រកួតឲ្យសន្លប់ក្នុងការប្រកួតគ្នា ៩ នាទី គ្មានឈប់នឹងទទួលបានប្រាក់រង្វាន់សរុបចាប់ពី ៣,៤ លានរៀលឡើង។
កីឡាករ ម៉ន សាម៉េត ដែលមានបទពិសោធប្រកួតចាស់វស្សាជាងគេនោះ បានប្រាប់ថា៖ «ខ្ញុំព្យាយាមរកល្បិចកល ដើម្បីយកឈ្នះឲ្យបាន ព្រោះកន្លងមក ខ្ញុំធ្លាប់ឈ្នះ ធន់ អៀងឡៃ ម្តង និងឈ្នះ យុគ យក្សផ្លែ ៤ ដង តែមិនធ្លាប់ប៉ះ សេក គឹមសាន្ត ទេ។ ខ្ញុំមិនចង់និយាយពីបច្ចេកទេសទេ ដើម្បីកុំឲ្យដៃគូដឹង ប៉ុន្តែខ្ញុំសង្ឃឹម និងជឿជាក់ថា ក្នុងចំណោម ៣ នាក់ ដែលត្រូវចាប់ឆ្នោតប៉ះខ្ញុំ គឺធានាឈ្នះ ៩០ ភាគរយ»។
ចំណែកលោក ម៉ាង ម៉ន គ្រូប្រដាល់ជើងចាស់ និងជាឪពុក ម៉ន សាម៉េត បាននិយាយថា៖ «អ្នកប្រដាល់ទាំង ៤ នេះ សុទ្ធតែជម្រើសល្អ មានសមត្ថភាព គឺឈ្នះ ឬចាញ់លំបាកណាស់។ ទោះជាយ៉ាងណា អាម៉េត ដឹងតែវ៉ៃអស់ពីសមត្ថភាព ហើយបើនិយាយពីបច្ចេទេស និងបទពិសោធ វាលើសគេ ប៉ុន្តែវាចាស់មានកូន កម្លាំងធ្លាក់ចុះបន្តិច»។
លោក ម៉ាង ម៉ន ហាក់មានការបារម្ភទៅលើភាពរីកចម្រើនរបស់ ធន់ អៀងឡៃ ដោយបានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា ធន់ អៀងឡៃ ឥឡូវល្អជាងមុនមែន គឺអាចល្អផ្នែកកម្លាំង ប៉ុន្តែបច្ចេកទេសមិនងាយស៊ី អាម៉េត ទេ ហើយគេក៏ធ្លាប់ចាញ់ អាម៉េត ដែរ ហេតុនេះយើងមានរំពឹងឈ្នះ ៧០ ភាគរយ»។
ចំណែក លោក ធន់ សុភា គ្រូបង្វឹក ធន់ អៀងឡៃ ប្រាប់ថា៖ «អៀងឡៃ ធ្លាប់ចាញ់ ម៉ន សាម៉េត កាលពី ១ ឆ្នាំមុនមែន ប៉ុន្តែគិតដល់ពេលនេះ គេមានកម្រិតវិជ្ជាគុន ព្រមទាំងបទពិសោធ និងកម្លាំង ល្អជាងមុនឆ្ងាយណាស់ ហេតុនេះខ្ញុំគិតថា ឧបសគ្គក្នុងការដណ្តើមប្រាក់លាននេះ មិនធំនោះទេ ព្រោះមានតែ ម៉ន សាម៉េត ម្នាក់គត់ ដែលតឹងតែងក្នុងការយកឈ្នះ ប៉ុន្តែខ្ញុំសង្ឃឹមខ្ពស់ថា អៀងឡៃ នឹងវ៉ៃឲ្យបានល្អ ដើម្បីយកឈ្នះឲ្យបាន»។
អតីតកីឡាករជើងខ្លាំង ធន់ សុភា បានបន្ថែមថា៖ «ក្នុងពេលបច្ចុប្បន្ន អៀងឡៃ មានសមត្ថភាពល្អ ជាង ម៉ន សាម៉េត អ៊ីចឹងទោះគេជួបនរណានៅវគ្គជម្រុះ ក៏នឹងអាចយកឈ្នះបាន ដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែរឿងវ៉ៃផ្តួលដៃគូឲ្យសន្លប់ក្នុងរយៈពេល ៩ នាទី តាមច្បាប់ប្រកួត Mas Fight នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកប្រាក់លាន ខ្ញុំមិនហ៊ានធានានោះទេ»។
ផ្ទុយពីនេះ លោក ឡុង ស៊ីលីន បានមើលឃើញថា សិស្សរបស់លោក យុគ យក្សផ្លែ អាចនឹងធ្លាក់ បើចាប់ឆ្នោតប៉ះ ម៉ន សាម៉េត ឬ ធន់ អៀងឡៃ។ លោកប្រាប់ថា៖ «ម៉ន សាម៉េត និង ធន់ អៀងឡៃ មានសមត្ថភាពល្អជាង និងធ្លាប់ឈ្នះ យក្សផ្លែ អ៊ីចឹងបើចាប់ឆ្នោតជួបអ្នកទាំង ២ នេះ គឺ យក្សផ្លែ មានភាគរយតិចណាស់ ដែលអាចយកឈ្នះ ប៉ុន្តែបើ យុគ យក្សផ្លែ មានសំណាងចាប់ឆ្នោតប៉ះ សេក គឹមសាន្ត គឺធានាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមិនខាន»។
លោក ឡុង ស៊ីលីន បានបន្ថែមថា៖ «និយាយតាមត្រង់ទៅ ខ្ញុំគិតថា ទោះបីជា យក្សផ្លែ ខំហាត់បានល្អ ក៏នៅតែមានភាគរយតិច ដែលអាចយកឈ្នះលើ ម៉ន សាម៉េត និង ធន់ អៀងឡៃ ព្រោះស្នៀតប្រកួតជាអាវុធសំខាន់របស់ យក្សផ្លែ មានតែកណ្តាប់ដៃ និងកម្លាំង ចំណែក សាម៉េត និង អៀងឡៃ មានជំនាញគ្រប់ប្រភេទ ទាំងកែង ជង្គង់ និងកណ្តាប់ដៃ»៕