ភ្នំពេញ: កីឡាករប្រដាល់ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃនឹងជួបជាមួយអ្នកប្រដាល់ថៃ Yorth Vandy ដែលធ្លាប់ផ្តួលខ្លួនឲ្យសន្លប់ត្រឹមទឹកទី ១ កាលពី ៣ សប្តាហ៍មុនក្នុងការប្រកួតកម្តៅសាច់ដុំ។
ប៉ុនែ្តនៅថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ៨ ទម្ងន់ ៥៧ គីឡូក្រាមនារសៀលថ្ងៃសៅរ៍ ទី ១២ ខែមករា ឆ្នាំ ២០១៩ នេះនៅសង្វៀនអាស៊ីអាគ្នេយ៍ (SEATV) ពួកគេជួបគ្នាម្តងទៀតដើម្បីស្វែងរក ៣ ពិន្ទុក្នុងវគ្គជម្រុះសន្សំពិន្ទុជុំដំបូង។
ជាមួយគ្នានេះដែរកីឡាករ វ៉ាន់ វឿន មកពីក្លិបឃ្លាំងមឿងកីឡានឹងប៉ះអ្នកប្រដាល់ថៃ Deuk Ken ក្នុងការប្រជែងដណ្តើមរក ៣ ពិន្ទុដូចគ្នា។ ម៉ន សាម៉េត ដែលកំពុងហ្វឹកហាត់ល្អ និងមានទឹកចិត្តប្រកួតពុះកញ្ជ្រោលចង់សងសឹកកីឡាករថៃ Yorth Vandy នោះបាននិយាយថា៖ «តាំងពីចាញ់កីឡាករថៃ Yorth Vandy ដោយសន្លប់ត្រឹមទឹកទី ១ នោះ ខ្ញុំមិនស្ងប់ចិត្តទេ ដោយដេកមិនលក់ដោយចង់ប្រកួតសងសឹកស្តារមុខមាត់ឡើងវិញ»។
ម៉ន សាម៉េត បានបន្ថែមថា៖ «លើកនេះខ្ញុំប្រឹងហ្វឹកហាត់ខ្លាំងជាប់ជាប្រចាំ ហើយមានទំនុកចិត្តខ្ពស់ក្នុងការយកឈ្នះឲ្យបាន។ ខ្ញុំចង់វាយឲ្យកីឡាករថៃនោះសន្លប់ក្នុងទឹកណាមួយឲ្យបាន ហើយនិយាយទៅគឺមិនអាចចាញ់បានទេ ក្រោយពីបានត្រៀមល្អ»។
លោក ម៉ាង ម៉ន គ្រូបង្វឹកបាននិយាយថា៖ «សាម៉េត ហាត់ជាប្រចាំរៀងរាល់ថ្ងៃ និងចង់យកឈ្នះថៃដើម្បីបាន ៣ ពិន្ទុក្នុងវគ្គជម្រុះដំបូង។ តាមខ្ញុំគិត សាម៉េត អាចយកឈ្នះបានសម្រេចគឺសឹងតែ ៩០ ភាគរយពេលជួបកីឡាករថៃ»។
កីឡាករប្រដាល់ថៃ Yorth Vandy មានសមត្ថភាពក្នុងប្រដាល់គុនខ្មែរល្អដែរ ប៉ុន្តែ ម៉ន សាម៉េត មានជំនឿទុកចិត្តលើកណ្តាប់ដៃរបស់ខ្លួនអាចបង្ក្រាបអ្នកប្រដាល់ថៃនេះ។
Yorth Vandy ធ្លាប់មកប្រកួតនៅអាស៊ីអាគ្នេយ៍តែម្តងគត់ដោយបានផ្តួលឲ្យ ម៉ន សាម៉េត សន្លប់ត្រឹមទឹកទី ១ ដោយប្រើកណ្តាប់ដៃចូលចង្កា។
លោក ថាញ់ វ៉ាឡែក គ្រូបង្វឹកកីឡាករថៃបាននិយាយថា៖ «ខ្ញុំមិនទាន់ហ៊ាននិយាយទេ ពីព្រោះសមត្ថភាពរបស់អ្នកប្រដាល់ទាំង ២ មានចំណុចខ្លាំងរៀងៗខ្លួន ហើយលទ្ធផលគឺអាស្រ័យលើពេលប្រកួតជាក់ស្តែង ប៉ុន្តែការចាញ់ឈ្នះពិតជាតឹងតែង»។
ចំណែក វ៉ាន់ វឿន ត្រូវប៉ះជាមួយកីឡាករថៃ Deuk Ken ខណៈកីឡាករទាំង ២ ត្រូវការឈ្នះបាន ៣ ពិន្ទុដូចគ្នាដោយមិនអាចធ្វើធ្វេសប្រហែសបានឡើយ។ តាមគណៈកម្មការផ្គូផ្គងបានឲ្យដឹងថា អ្នកប្រដាល់ថៃ Deuk Ken មានស្នៀតប្រដាល់ និងបច្ចេកទេសមិនជាអន់នោះឡើយដោយស្ថិតិប្រកួត Deuk Ken មានចំនួន ៥៩ លើកឈ្នះ ៤៨ លើក និងចាញ់ ១១ លើក។
ចំណែកកីឡាករ វ៉ាន់ វឿន ប្រកួតចំនួន ៦៩ លើកឈ្នះ ៥៧ លើក និងចាញ់ ១២ លើកមិនដែលស្មើ។
ព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី ៨ នេះមានកីឡាករជើងខ្លាំងកម្ពុជា ៤ រូប និងកីឡាករថៃ ៤ រូបដើម្បីវាយដណ្តើមយកខ្សែក្រវាត់របស់ភេសជ្ជៈខារ៉ាបាវឆ្នាំ ២០១៩ ដែលមានទឹកប្រាក់រង្វាន់សរុបចំនួន ៨ ០០០ ដុល្លារអាមេរិក ខណៈដែលកីឡាករជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបាន ៥ ០០០ និងលេខ ២ ទទួលបានចំនួន ៣ ០០០ ដុល្លារ។
កីឡាករប្រដាល់ជើងខ្លាំងទាំង ៤ រូបរបស់កម្ពុជារួមមាន ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង តាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ កីឡាករប្រដាល់ថៃ ៤ នាក់វិញមាន Deuk Ken, Yorth Vandy, Dek Doeur និង Banda Sak ខណៈការប្រកួតចំណាយរយៈពេល ១២ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ និងបញ្ចប់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩៕