ភ្នំពេញ៖ អ្នក​ប្រដាល់​របស់​ក្លិប​ព្រែក​ឯង ម៉ន សាម៉េត ដែល​ជា​បេក្ខភាព​ឆ្នើម ត្រៀម​ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​របស់​សង្វៀន​ហង្សមាស​នោះ​ទទួល​បាន​ឱកាស​ឡើង​សង្វៀន​ប្រដាល់​ជា​ថ្មី នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ដោយ​រូប​គេ​ត្រូវ​ជួប​កីឡាករ​ជើង​ចាស់​ដូច​គ្នា វៀត ប៊ុនឌឿន របស់​សមាគម​ប្រដាល់​កងយោធពល​ខេមរភូមិន្ទ​នៅ​សង្វៀន​បាយ័ន ហើយ​នេះ​ជា​ក៏​ជា​ជំនួប​ប្រកួត​សងសឹក​ជា​ថ្មី​ផង​ដែរ ខណៈ​ប្រវត្តិ​ជួប​គ្នា​ចំនួន ៤ ដង​កន្លង​មក សាម៉េត បាន​ឈ្នះ​ពិន្ទុ​ទាំង ៤ លើក។

ទោះបី​ជា​យ៉ាងណា​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ម៉ន សាម៉េត ខកខាន​ប្រកួត​ច្រើន​ខែ ហើយ​កម្លាំង និង​បច្ចេកទេស​លំបាក​ប៉ាន់​ស្មាន ស្រប​ពេល​ដែល​សាមី​ខ្លួន ក៏​មិន​ហ៊ាន​អួត​ផង​ដែរ ប៉ុន្តែ​សម្រាប់ វៀត ប៊ុនឌឿន កំពុងតែ​រីក​ចម្រើន​ខ្លាំង​នូវ​វិជ្ជា​គុន ដោយ​មួយរយៈ​នេះ ប្រកួត​ទាក់ទាញ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ ៣ ប្រកួត​ចុង​ក្រោយ​នេះ រូប​គេ​បាន​ឈ្នះ ជ័រ ពៅ ឈ្នះ ឯម សុធី ប៉ុន្តែ​ចាញ់ ឃីម បូរ៉ា។

ម៉ន សាម៉េត បាន​និយាយ​ថា៖ «កន្លង​មក ខ្ញុំ​ធ្លាប់​ប្រកួត​ឈ្នះ វៀត ប៊ុនឌឿន ចំនួន ៤ លើក​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ប៉ុន្តែ​ឥឡូវ​នេះ ឡើង​មក​ប្រកួត​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ខ្ញុំ​មិន​ដឹង យ៉ាង​ណា​ទេ​ ព្រោះ​គាត់​ឥឡូវ​ល្អ​ជាង​មុន ហើយ​ខ្ញុំ​ខកខាន​ឡើង​ប្រកួត​យូរ​គួរ​សម គឺ​ជាង ៣ ខែ​មក​ហើយ»។

កីឡាករ ម៉ន សាម៉េត ដែល​ទើប​រួច​ផុត​ពី​ការ​ធ្វើ​ចត្តាឡីស័ក ដោយសារ​ប្អូន​របស់​គេ ម៉ន វិរៈ បាន​ឆ្លង​កូវីដ ១៩ នោះ បាន​ប្រាប់​បន្ថែម​ថា៖ «ខ្ញុំ​មិន​ហ៊ាន​អះអាង​ពី​លទ្ធផល​ឈ្នះ​មុន​បាន​ទេ គឺ​សង្ឃឹម ៥០ ភាគរយ​ប៉ុណ្ណោះ។ ចំពោះ​ប្រវត្តិ​ប្រកួត ៥ លើក​ចុង​ក្រោយ ខ្ញុំ​ឈ្នះ​ទាំង​អស់ តែ​ការ​ហ្វឹកហាត់​ត្រៀម​របស់​ខ្ញុំ​លើក​នេះ មិន​សូវ​បាន​ល្អ​ទេ ដោយ​ហាត់​ខ្លួន​ឯង ព្រោះ​ក្លិប​បិទ​ទាំង​ស្រុង ដោយសារ​បញ្ហា​កូវីដ ១៩»។

ចំណែក វៀត ប៊ុនឌឿន ជា​កីឡាករ​ចាស់​វស្សា​មាន​បទពិសោធ​ច្រើន​ដូច​គ្នា ពិសេស​គេ​មាន​ស្នៀត​ជង្គង់​ល្អ ប៉ុន្តែ​កន្លង​មក វិជ្ជា​គុន​របស់​គេ​ធ្លាប់​ល្អ​ខ្លាំង និង​ធ្លាប់​ធ្លាក់​ចុះ​មិន​ទៀង​ទាត់។យ៉ាង​ណា​ក៏​មួយ មួយរយៈ​នេះ ការ​ប្រកួត​របស់ ប៊ុនឌឿន ល្អ​ដោយ​ភាគច្រើន​ឈ្នះ ពិសេស ៣ ប្រកួត​ចុងក្រោយ​ឈ្នះ​ជើង​ខ្លាំង ជ័រ ពៅ និង​ឈ្នះ​ជើង​ខ្លាំង ឯម សុធី និង​ចាញ់ ឃីម បូរ៉ា។

លោក ធន់ សុភា ជា​គ្រូបង្វឹក និង​ជា​ជំនួយ​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ផង​នោះ បាន​និយាយ​ថា៖ «ទោះបី ម៉ន សាម៉េត ធ្លាប់​ឈ្នះ​កន្លង​មក ប៉ុន្តែ​លើក​នេះ វៀត ប៊ុនឌឿន ហាត់​ត្រៀម​បាន​ល្អ និង​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់ ព្រោះ​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ប៊ុនឌឿន សឹង​តែ​រក​គូប្រកួត​មិន​បាន​ទេ គឺ​អាច​ថា មាន​តែ ឃីម បូរ៉ា ម្នាក់​ទេ ដែល​លំបាក​ឈ្នះ»។

អតីត​អ្នក​លេង​កណ្តាប់​ដៃ​ធ្ងន់ ធន់ សុភា បាន​បន្ត​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា បើ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ប៊ុនឌឿន លំបាក​ឈ្នះ ព្រោះ​ទម្ងន់​ពិត​របស់​វា គឺ ៦០ គីឡូក្រាម​អ៊ីចឹង​ពេល​បញ្ចុះ​ទម្ងន់ គឺ​កម្លាំង​វា​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​ប្រកួត​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​នេះ គឺ​ត្រូវ​តែ​ម្តង គឺ​សង្ឃឹម​ឈ្នះ​វិញ ដល់​ទៅ ៨០ ភាគរយ»។

លោក ធន់ សុភា ក៏​បាន​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​ដល់​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន ២ គូ​ទៀត ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ។ លោក​និយាយ​ថា កីឡាករ​ជើង​ថ្មី ស៊ឹម ប៊ុន មក​ពី​ក្លិប​កងពល​លេខ ៩០ នឹង​ឈ្នះ​ជើងចាស់ នូវ ដារ៉ូ ក្នុង​ទំនុក​ចិត្ត ៧០ ភាគរយ ហើយ​ជើង​ថ្មី ធន់ ផានិត នឹង​ឈ្នះ​លើ​ជើង​ចាស់ គង់ ហូវ ក្នុង​ទំនុក​ចិត្ត ៦០ ភាគរយ ប៉ុន្តែ​ការ​ប្រកួត​ទាំង​នេះ សុទ្ធ​តែ​មាន​លក្ខណៈ​តឹង​តែង​ដូច​គ្នា៕