ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចិត្ត​ធំ ​ម៉ន ​សាម៉េត​ ​របស់​​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ​ដែល​កំពុង​តែ​ត្អូញត្អែរ​ពី​ការ​លំបាក​រក​ទីផ្សារ​ប្រកួត​នោះ​ បាន​ឡើង​ប្រកួត​ស្តារ​​លទ្ធផល​ល្អ​ប្រសើរ​វិញ ​ដោយ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ ​Buo ​VY ​បន្ទាប់​ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ចំនួន ​៥ ​ទឹក​ពេញ​យ៉ាង​តឹងតែង នៅ​លើស​ង្វៀន​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​នេះ​ ម៉ន​ សាម៉េត​ សប្បាយ​ចិត្ត​ខ្លាំង ​ដោយ​រពឹង​ថា​ នឹង​មាន​កម្មវិធី​ប្រកួត​បន្ត​បន្ទាប់​ឡើង​វិញ ​ក្នុង​ពេល​ខាង​មុខ​នេះ​ ព្រោះ​រូប​គេ​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​ប្រកួត​ធ្លាក់​ចុះ​បន្តិច​ គឺ​ការ​ចាញ់​ថៃ Kamlayok ​​កាល​ពី​ចុង​ខែធ្នូ​ ឆ្នាំ ​២០១៩​ និង​ការ​​បន្ត​ចាញ់​ថៃ ​Khom Pichit កាល​ពី​ថ្ងៃទី ​៥​ ខែ ​មករា​ ឆ្នាំ​ ២០​២០ ​រួច​មក ​ទើប​តែ​​ទទួល​បាន​ការ​ប្រកួត​ជា​ថ្មី​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ។

ជាមួយ​គ្នា​នេះ ​ការ​​យក​ឈ្នះ​កីឡាករ​ថៃ ​Buo ​Vy លើក​នេះ ​អាច​ចាត់​ទុក​ថា ​បាន​ស្តារ​មុខ​មាត់​ឡើង​វិញ ​ដើម្បី​ងាយ​ស្រួល​ស្វែងរក​ទីផ្សារ​ប្រកួត​ទៀត​ ខណៈ​ប្រកួត​លើក​​នេះ​មាន​លក្ខណៈ​ប្រទាញ​ប្រទង់​គ្នា​​ខ្លាំង គឺ ម៉ន​ សាម៉េត​ មាន​ប្រៀប​លើ ​Buo​ Vy ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ពិសេស​នៅ​ក្នុង​ទឹក​ទី ​៤ ​ហើយ​ក្រៅ​ពី​នេះ​លំបាក​ក្នុង​ការ​ផ្តល់​ដាក់​ពិន្ទុ​ដូច​គ្នា​។

ម៉ន ​សាម៉េត ​​បាន​និយាយ​ប្រាប់​ក្រោយ​ការ​ប្រកួត​​ថា​៖ «​ការ​ប្រកួត​លើ​នេះ​ លំបាក​ខ្លាំង​ហើយ​ខ្ញុំ​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ​ដើម្បី​យក​ឈ្នះ​​សន្សំ​ក្រេឌីត​ ងាយ​ស្រួល​សុំ​ឡើង​ប្រកួត​លើក​ក្រោយ​»។​ បន្ទាប់​ពី​ខកខាន​ប្រកួត​ជិត ​២ ខែ​ ឥឡូវ ​ម៉ន​ សាម៉េត​ បាន​វិល​មក​កាន់​ការ​ប្រកួត​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ ប៉ុន្តែ​ភាព​រហ័ស​រហួន​ទំនង​ជា​ធ្លាក់​ចុះ​ជាង​មុន ​ខណៈ​ដែល​ទឹក​ចិត្ត​ប្រកួត និង​ការ​វាយ​សម្រុក​ គឺ​នៅ​តែ​មោះ​មុត​ដូច​មុន។​

សម្រាប់​ភាគី​ខាង​កីឡាករ​ថៃ ​លោក​ ថៃ​ អ៊ូ​ បាន​និយាយ​ថា​៖ ​«ខ្ញុំ​មើល​ឃើញ​ពី​ការ​ប្រកួត​ចំនួន ​៥ ​ទឹក​នេះ​ គ្មាន​ទឹក​ណា​គួរ​ឲ្យ​ ម៉ន ​សាម៉េត ​ឈ្នះ​នោះ​ទេ​ ព្រោះ​ក្បាច់​ឱប​ឡើង​ជង្គង់​ និង​ស្នៀត​ទាត់​ចេញ​របស់​កីឡាករ​ Buo ​Vy មាន​ប្រៀប​ជាង​»។​

លោក​បន្ត​ថា៖ ​«​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ និង​កីឡាករ​ថៃ​ មិន​តវ៉ា​ទេ​ ដោយសារ​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​ ពិសេស​ក្នុង​ទឹក​ចិត្ត​របស់​ខ្ញុំ ​គឺ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​មែន​ ប៉ុន្តែ​មាន​ភក្តីភាព ​និង​ស្រឡាញ់​កីឡាករ​ខ្មែរ​ជាង​ ព្រោះ​ជាតិ​របស់​យើង​ ហើយ​ការ​ចាញ់​ ឬ​ឈ្នះ​មិន​មែន​ខ្ញុំ​សម្រេច​នោះ​ទេ​ គឺ​នៅ​លើ​គណៈកម្មការ​វិនិច្ឆ័យ​»​។​

ចំណែក​ការ​ប្រកួត​រវាង​ ឡុង ​ជិន ​​និង​​កីឡាករ​ថៃ​ចំណូល​ថ្មី ​Sem​morokouth​ បាន​​តស៊ូ​ជាមួយ​គ្នា​ពេញ​ចំនួន ​៥ ​ទឹក ​ខណៈ​ដែល ​ឡុង ​ជិន ​ហាក់​បី​ដូច​លំបាក​ខ្លាំង​ណាស់​ ក្នុង​ការ​បង្ក្រាប​ទៅ​លើ​កីឡាករ​ថៃ​រូប​នេះ​ ហើយ​មួយ​រយៈ​នេះ​ ឡុង ​ជិន ​ក៏​ធ្លាក់​ចុះ​នូវ​កម្រិត​វិជ្ជា​គុន​ ព្រម​ទាំង​កម្លាំង​ជាង​មុន​ រីឯ​​ស្នៀត​ជង្គង់ ​និង​ក្បាច់​សម្លាប់​របស់​គេ ​វ៉ៃ​ស្លូត​ជាង​មុន​ឆ្ងាយ​ណាស់​។​

ទោះ​ជា​យ៉ាង​ណា​ ឡុង​ ជិន​ បាន​អះអាង​ថា​ បាន​ហ្វឹកហាត់​ល្អ​ ប៉ុន្តែ​កម្លាំង​របស់​គេ​ធ្លាក់​ជាង​មុន​ ជា​ហេតុ​នាំ​ឲ្យ​ការ​វាយ​សម្រុក​ខ្លាំងៗ​នោះ ​ត្រូវ​ប្តូរ​មក​វ៉ៃ​តាម​របៀប​មួយៗ​តាម​បច្ចេកទេស​ដើម្បី​សន្សំ​កម្លាំង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ឡុង​ ជិន​ មាន​ប្រៀប​បន្តិច​បន្តួច​លើ​កីឡាករ​ថៃ​ ផ្នែក​ក្បាច់​ជង្គង់​ ខណៈ​ដែល​ចៅក្រម​កាត់​ក្តី និង​គណៈកម្មការ​វិនិច្ឆ័យ ​សម្រេច​ឲ្យ ​ឡុង ​ជិន ​ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​៕​ ​​