ភ្នំពេញ: ការប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន ២ ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ម៉ន សាម៉េត នៃ​ក្លិប​កងចក្រ​រាជសីហ៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​មហាជន​ដែល​អ្នក​តាម​ដាន​ទស្សនា ដោយ​សារ​តែ​ការ​ប្រកួត​របស់​គេ​បាន​វិល​ទៅ​រក​ភាព​ល្អ​ឡើង​វិញ។

ទោះបី​ការប្រកួត​កាលពី​ថ្ងៃ ៣១ ខែ​មីនា ឆ្នាំ ២០១៨ របស់​ម៉ន សា​ម៉េ​ត ជាមួយ​កីឡាករ​ថៃ​នៅឯ​ក្រុង​ប៉ាតាយា​ប្រទេស​ថៃ បាន​ចាញ់​ពិន្ទុ​ក៏ដោយ ប៉ុន្តែ​សកម្មភាព​ប្រកួត​របស់​គេ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជក់​ចិត្ត និង​គាំទ្រ​ពី​មហាជន។ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី ២២ ខែ​មេសា ឆ្នាំ ២០១៨ ការ​ប្រកួត​ចុង​ក្រោយ​របស់​ម៉ន សាម៉េត ជាមួយ​ជើង​ខ្លាំង​ថៃ Kamlay Youk នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​បាន​បង្ហាញ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង ពិសេស​លទ្ធផល​នៃ​ការ​ប្រកួត​ចំនួន ៥ ទឹក​ពេញ ដោយ​សាម៉េត ទទួល​បាន​លទ្ធផល​ឈ្នះ​ពិន្ទុ​លើ​លើ​កីឡាករ​ថៃ​គួរ​ជាទី​មោទនៈ។

ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ជិត ១០ ឆ្នាំ កីឡាករ​ដែលមាន​កម្ពស់​ទាប​មាន​មាឌ​ល្អិត​ម៉ន សា​ម៉េ​ត ធ្លាប់​ឈ្នះ​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ ២០១៦ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៥៧ គីឡូក្រាម ឆ្នាំ ២០១៧ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ សាម៉េត បាន​ផ្តល់​សម្ភាសន៍​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ពេល​ប្រកួត​ឈ្នះ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ថា៖ «ខ្ញុំ​វិល​ទៅ​ហ្វឹកហាត់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ពង្រឹង​សមត្ថភាព​ដើម្បី​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា​ជាមួយ​នឹង​កិច្ច​សន្យា​ប្រកួត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស»។

ម៉ន សា​ម៉េ​ត បាន​បន្តថា៖ «ខ្ញុំ​គិតថា ការប្រកួត មិន​ប្រកាន់​ថា​វ៉ៃ​ជាមួយ​ខ្មែរ ឬ​បរទេស​នោះ​ទេ ឲ្យ​តែ​ជាប់​កិច្ច​សន្យា និង​គ្រូ​ឲ្យ​ឡើង​ប្រកួត​គឺ​ឡើង​ប្រកួត​ជានិច្ច ប៉ុន្តែ​អ្វី​ដែល​សំខាន់ និង​មាន​បំណង​ចង់​ខ្លាំង​នោះ​គឺ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ព្រោះ​តម្លៃ​ខ្លួន​ប្រកួត​បាន​ច្រើន​ជាង​ជិត ៣ ដង​ឯណោះ»។

ម៉ន សា​ម៉េ​ត បាន​បញ្ជាក់ថា៖ «មួយរយៈ​កន្លងមកនេះ កម្រិត​វិជ្ជា​គុន​របស់ខ្ញុំ ហាក់បី​ដូច​ធ្លាក់ចុះ​បន្តិច ដោយ​បញ្ហា​កម្លាំង​ធ្លាក់ចុះ ពីព្រោះ​ហ្វឹកហាត់​មិន​បាន​ល្អ ដោយ​ជាប់​រវល់​ការងារ​រក​ស៊ី​ផ្សេងៗ​ដូចជា​នេសាទ​ត្រី និង​ធ្វើការ​ឲ្យ​គេ»។

សា​ម៉េ​ត បាន​បន្ថែមថា៖ «ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​ត្រូវ​ពង្រឹង​ការ​ហ្វឹក-ហាត់​ឲ្យ​ច្រើន​វិញ ដើម្បី​ត្រៀម​ប្រកួត​ឲ្យ​បានល្អ​ជាមួយ​អន្តរជាតិ​នានា​ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​បន្ត​បន្ទាប់»។

នៅក្នុង​ទម្ងន់៥៧គីឡូក្រាម ម៉ន សា​ម៉េ​ត ហាក់បីដូចជា​លំបាក​រក​ដៃគូ ប៉ុន្តែ​សម្រាប់​អ្នក​ប្រដាល់​ឆ្នើម​ថ្មីៗ​ចំនួន ៣ នាក់​ទៀត​មាន សុខ ធី, ឡុង ជិន និង​ប៊ឺត សង្ឃឹម ជា​ដើម ម៉ន សាម៉េត បាន​អះអាង​ថា ហ៊ាន​វ៉ៃ​ទាំង​អស់​លើក​លែង​តែ​ពេជ្រ ម្ទេសខ្មាំង ម្នាក់​គត់ ដែល​ជា​ពួកម៉ាក​គឺ​សន្យា​មិន​ប្រកួត ឬ​វ៉ៃ​គ្នា​ទេ។ សា​ម៉េត បាន​ប្តេជ្ញា​ថា៖ «ខ្ញុំ​នឹង​ខំ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ដើម្បី​ត្រៀម​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស»៕