ភ្នំពេញ៖ ​អតីត​អ្នក​ប្រដាល់​មាន​បទពិសោធ​តិច​នៅ​លើ​សង្វៀន​ លោក ម៉ាក់​ សាខន បាន​និង​កំពុង​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​មាន​ភាព​ល្បី​ឡើង ក្នុង​នាម​ជា​គ្រូ​បង្វឹក​ដែល​មាន​សមត្ថភាព​អាច​​បណ្តុះបណ្តាល​បាន​​កីឡាករ កីឡាការិនី​​ប្រដាល់​ល្អៗ ខណៈ​ការងារ​នេះ ជា​កេរមរតក​បន្ត​​ពី​ឪពុក​បង្កើត​របស់​លោក គឺ​ព្រឹទ្ធាចារ្យ​ ញ៉ូវ ​ម៉ាក់ ​ដែល​​​បច្ចុប្បន្ន​មាន​វ័យ​ចំណាស់​ និង​បាន​​ចូល​និវត្តន៍​។​

ក្លិប​ប្រដាល់​តាឡីដំរី​មានឫទ្ធិ និង​ក្លិប​រតនគិរី ដែល​ស្ថិត​ក្រោម​ការ​​គ្រប់គ្រង និង​បង្វឹក​ផ្ទាល់​របស់​លោក ម៉ាក់ សាខន ​បាន​ក្លាយ​ជា​​ក្លិប​ល្បី មាន​ភាព​លេចធ្លោ ​​ក្នុង​ចំណោម​​ក្លិប​ជាង ​១០០​ ដែល​​ចុះ​បញ្ជី​នឹង​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ហើយ​ក្លិប​នេះ មាន​កូន​សិស្ស​ជា​អចិន្រៃ្តយ៍ ​១៥ ​នាក់ ដែល​​ស្នាក់នៅ​ហូប​ចុក​ផ្ទាល់​នៅ​ផ្ទះ​លោក ញ៉ូវ​ ម៉ាក់ ស្ថិត​នៅ​ភូមិ​តាឡី​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​។​

ម៉ាក់ ​សាខន​ បាន​ប្រាប់​​ថា៖ ​«កាល​អាយុ ​១៣ ​ឆ្នាំ ​ខ្ញុំ​បាន​​ចូល​ហាត់​ប្រដាល់ ​លុះ​ដល់​ឆ្នាំ ​១៩៩៨​ និង​ឆ្នាំ​ ​១៩៩៩ ​ខ្ញុំ​បាន​ចូល​ប្រកួត​ជើងឯក​ជាតិ ​ដោយ​​ខ្ញុំ​បាន​ផ្ញើ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​​ហ្វឹកហាត់​ជាមួយ​គ្រូ​ជម្រើស​ជាតិ ​ឆោម ឆារី ​​ប៉ុន្តែ​ខ្ញុំ​​មិន​បាន​​ជាប់​ជម្រើស​ជាតិ​នោះ​ទេ ហើយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​​ឡើង​ប្រកួត​ត្រឹម​ ​៤ ​លើក គឺ​សកល ​២​ និង​គុន​ខ្មែរ ​២ ​ ដោយ​ឈ្នះ​បាន ​២ ​លើក»។

យ៉ាង​ណា​ក៏​ដោយ បុរស​វ័យ ​៤០ ​ឆ្នាំ ​លោក ​ម៉ាក់ ​សាខន​ ដែល​មាន​កូន​ក្នុង​បន្ទុក ​៤ ​នាក់ ហើយ​​មាន​កូន​​ម្នាក់​ជា​អ្នក​​ហាត់​ប្រដាល់​ដែរ​នោះ គឺ​អាច​បណ្តុះបណ្តាល​បាន​កីឡាករ​ល្អៗ ដែល​មាន​សមត្ថភាព​ខ្ពស់ ទាំង​លើ​ផ្នែក​ប្រដាល់​សកល និង​គុន​ខ្មែរ ហើយ​ក្នុង​ចំណោម​​នោះ ក៏​មាន​អ្នក​ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​ដែរ ពិសេស​​ ផល សុផាត ដែល​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ ផ្នែក​ប្រដាល់​សកល​នៅ​ស៊ីហ្គេម​ជូន​កម្ពុជា​បាន​មុន​គេ​។

លោក​ សាខន ​​បន្ត​ថា៖​ «​​ខ្ញុំ​ទទួល​ភារកិច្ច​នេះ​ពី​លោក​ឪពុក​ ហើយ​មិន​អួត​ទេ​ កីឡាករ​ចេញ​ពី​ក្លិប​ខ្ញុំ ​គឺ​មាន​គុណភាព​សមត្ថភាព​ល្អ​ទទួល​យក​បាន ​ក្នុង​នោះ​​មាន​​ទាំង​ប្រដាល់​សកល​ និង​គុន​ខ្មែរ ​ដូច​ជា​កីឡាករ ​ផល ​សុផាត​, ផល​ សោភ័ណ្ឌ​, ម៉ាត់​ ភិរុន​, ម៉ាក់​ សាមឿន​, ម៉ាត់ ​ភិរក្ស​យាំង​កុយ​, ចាន់ថា ប៊ូថង​, ឃួន ​ក្លាធំ​, អ៊ំ ​ចំរើនផង់ ​សុភាព​, ផង់​ សម្ភស្ស​, នៅ​ ស៊ីថា​, ងួន គា, ផាន់​ ចំណាន,​ ភួន ​ពិសិដ្ឋ, ​យ៉ន់​ ដារ័ត្ន​, ធា ​វាសនា​ កីឡាការិនី ​នៅ​ ស្រីពៅ​ និង សឹង តុ​ ជា​ដើម​ គឺ​ជា​​លំដាប់​អ្នក​ខ្លាំងៗ​ ​ចេញ​ពី​ស្នាដៃ​ខ្ញុំ​​បង្វឹក​ផ្ទាល់»​។​

ទាក់ទង​នឹង​​ជីវភាព​រស់នៅ​​វិញ​ លោក​ ម៉ាក់​ សាខន ​និយាយ​ថា៖​ «ខ្ញុំ​មាន​ប្រពន្ធ​​រក​ស៊ី​បន្តិច​បន្តួច​ទប់​ជីវភាព​ ​ចំណែក​ខ្ញុំ​ផ្ទាល់​បាន​ប្រាក់​ពី​ធ្វើ​គណៈកម្មការ​ ដោយ​ពី​ដំបូង ​១ ​ថ្ងៃ ​​​បាន​ ​៨ ​ដុល្លារ​ ហើយ​ឆ្នាំ ​២០២០ ​នេះ​ បាន ​១៥ ​ដុល្លារ ​ប៉ុន្តែ​ដោយ​បញ្ហា​កូវីដ ​១៩​ យើង​ខកខាន​ប្រកួត​ ហេតុ​នេះ​លំបាក​មែន​ទែន​។​ ចំណែក​កីឡាករ​ក៏​មាន​ការ​លំបាក​ដែរ​ ដោយ​ខកខាន​ប្រកួត​យូរ​សប្តាហ៍​ គឺ​គ្មាន​អ្វី​ហូប​ទេ»​។

លោក​​បញ្ជាក់​ថា៖ ​«ពី​មុន ​ខ្ញុំ​បាន​​ជួយ​​ត្រឹម​អង្ករ​ដាំ​បាយ​ ចំណែក​ម្ហូប គឺ​​ក្រុម​កីឡាករ​ រៃអង្គាស​លុយ​គ្នា​ទិញ​ហូប​ជុំ​គ្នា​ តាម​លទ្ធភាព​ ដោយ​​​ពេល​ខ្លះ ​ទើប​ប្រកួត​រួច​មាន​លុយ​ក៏​​ហូប​បែប​ឆ្ងាញ់​ទៅ តែ​​បើ​ខកខាន​ប្រកួត​យូរ ​អត់​លុយ ​ឆា​ត្រកួន​លាយ​សៀង​អ៊ីចឹង​ទៅ​។ ​យ៉ាង​ណា​ក៏​ដោយ​ ជីវភាព​អ្នក​ប្រដាល់​ សាមញ្ញ​បំផុត ​គឺ​​បើ​យើង​មិន​និយម​ចូល​ចិត្ត​ ​និង​ហ៊ាន​​លះបង់​ទេ​ មិន​អាច​ធ្វើ​​បាន​ទេ»​។​

ចំណែក​លោក​ព្រឹទ្ធាចារ្យ ​ញ៉ូវ ​ម៉ាក់ ​​​​ថ្លែង​ថា​៖ «កីឡា​ប្រដាល់ ​គឺ​ជា​និស្ស័យ​ និង​ចំណង់​ចំណូល​ចិត្ត​ ហើយ​ការ​រីក​ចម្រើន​មក​ដល់​ពេល​នេះ​ គឺ​ក្លិប​តាឡីដំរី​មានឫទ្ធិ​ ពិត​ជា​មាន​លំដាប់​ជួរ​មុខ។​ ពី​ដំបូង ​ខ្ញុំ​មាន​ដៃគូ​ជួយ​ជាកម្លាំង​ចិត្ត​ និង​ថវិកា​ខ្លះ ​ដូច​ជា ​លោក ​សាមឿន ​អតីត​ចៅ​សង្កាត់​ដង្កោ​ ​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ដរាប​។ ​ឥឡូវ​ខ្ញុំ​ចាស់​​ហើយ គឺ​​បាន​ប្រគល់​ឱ្យ​កូន​ ម៉ាក់​ សាខន​ គ្រប់​គ្រង ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តាម​មើល​ជានិច្ច​ ហើយ​​កូន​ខ្ញុំ​មួយ​នេះ ​ប្រកួត​​លើ​សង្វៀន​មិន​សូវ​ល្អ​ទេ​ តែ​បង្វឹក​អត្តពលិក​បាន​ល្អ​ណាស់​»៕