The Phnom Penh Post Search

Search form

ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ឆ្នាំ​ទី ៥ រំពឹង​មាន​អ្នក​ចូលរួម​កើន​ឡើង

Content image - Phnom Penh Post
លោក ​វ៉ាត់ ចំរើន និង​លោក សែម ផល្លា បានថត​ជាមួយ​តំណាង​អ្នក​ឧបត្ថម្ភ។ ស្រេង ម៉េងស្រ៊ុន

ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ឆ្នាំ​ទី ៥ រំពឹង​មាន​អ្នក​ចូលរួម​កើន​ឡើង

ភ្នំពេញៈ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ លើក​ទី ៥ ឆ្នាំ ២០១៨ (5th Khmer Empire Full Marathon) ដែល​គ្រោង​ធ្វើ​នៅ​អង្គរ នា​ថ្ងៃ​ទី ៥ ខែ​សីហា ខាងមុខ ត្រូវ​បាន​អ្នក​ជំនាញ​រំពឹង​ថា អាច​មាន​អ្នក​ចូលរួម​កើន​ជាង​ឆ្នាំ ២០១៧ ពី ១០ ទៅ ១៥ ភាគរយ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​នាយក​គ្រប់គ្រង​កម្មវិធី បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា​៖ «ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ដ៏​ធំ​នេះ ទទួល​បាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​ធំ ២ គឺ​សកម្មភាព​កីឡា និង​ទេសចរណ៍ ដែល​ជា​គោល​ដៅ​ធំ​របស់ NOCC និង​ក្រសួង​ទេសចរណ៍»។

លោក​បន្តថា៖ «យើង​បាន​ត្រៀម​រៀបចំ​ជាស្រេច ដោយមាន​សហការ​នឹង​អាជ្ញាធរ​មូលដ្ឋាន ក្រសួង​ពាក់ព័ន្ធ ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​បាន​ចំនួន​ជាង ១៣០០ នាក់ ក្នុង​នោះ​មាន​ជន​បរទេស​ជាង ១ ពាន់​នាក់ មក​ពី ៤០ ប្រទេស ភាគ​ច្រើន​ជា​អ្នក​នៅ​អាស៊ី ហើយ​ការ​ជ្រើស​រើស​យក​ដើម​ខែ​សីហា សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នេះ ដោយសារ​ខែ​នេះ ជន​បរទេស​ភាគ​ច្រើន​សម្រាក ស្រប​ពេល​អ្នក​ទេសចរ​មក​ពី​អឺរ៉ុប និង​អាមេរិក​នៅ​អង្គរវត្ត មាន​ចំនួន​ធ្លាក់​ចុះ»។

នៅក្នុង​ចំនួន​អ្នក​ចុះឈ្មោះ​រួចហើយនោះ គឺមាន​ជនជាតិ​ចិន​ជាង ៥០០ នាក់ បន្ទាប់មក​ជប៉ុន និង​សិង្ហបុរី ប៉ុន្តែ​មិន​សូវ​មាន​អ្នក​មក​ពី​អឺរ៉ុប​ទេ។ ទោះបី​ជា​យ៉ាង​ណា លោក វ៉ាត់ ចំរើន មាន​ការ​រំពឹង​ថា ទម្រាំ​ជិត​ដល់​ថ្ងៃ​ប្រកួត គឺ​អ្នក​ចូលរួម​សរុប​អាច​នឹង​មាន​ការ​កើន​ឡើង​ពី ១០ ទៅ ១៥ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មាន​អ្នក​ចូលរួម​សរុប ២១០០ នាក់។

គួរ​បញ្ជាក់ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​នេះ មានការ​ប្រកួត​នៅលើ ៤ វិញ្ញាសា គឺ​រត់​ម៉ារ៉ាតុង​ចម្ងាយ ៤២ គីឡូម៉ែត្រ ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ ២១ គីឡូម៉ែត្រ រត់​ចម្ងាយ ១០ គីឡូម៉ែត្រ និង​រត់​បែប​កម្សាន្ត ៣ គីឡូម៉ែត្រ ហើយ​នៅ​ក្នុង​វិញ្ញាសា​នេះ លោក សែម ផល្លា នាយក​ប្រតិបត្តិ​ទទួល​ផ្នែក​បច្ចេកទេស​ព្រឹត្តិការណ៍​នេះ មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​កើន​ឡើង​នៃ​អត្តពលិក​កម្ពុជា ដែល​បាន​ចូលរួម​រត់ ៤២ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ។

លោក ផល្លា ថ្លែងថា៖ «តាម​ចំនួន​ចុះឈ្មោះ​ពេលនេះ គឺមាន​អត្ត​ព​លិ​ក​កម្ពុជា​ចូល ៣០ នាក់ បាន​ចូលរួម​រត់ ៤២ គីឡូម៉ែត្រ និង​ជាង ១០០ នាក់ បាន​ចូលរួម​រត់ ២១ គ.ម​ហើយ​ចំនួន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​របស់​អត្តពលិក​កម្ពុជា ខណៈ​ការ​ចាប់ផ្តើម​ពី​ដំបូង​មាន​តែ​កីឡាករ​ជម្រើស​ជាតិ ៥ នាក់ ប៉ុន្តែ​យើង​ត្រូវ​បន្ត​ប្រឹង​ប្រែង ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូលរួម​មាន​ការ​កើន​ឡើង​ថែម​ទៀត ដើម្បី​យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​យើង»។

ចំណែក លោក ពេជ្រ សុវណ្ណ តំណាង​ទី​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz ដែល​ឧបត្ថម្ភ​ធំ ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នេះ បាន​និយាយ​ថា៖ «ក្រុមហ៊ុន​របស់​យើង តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ ក្នុង​សកម្មភាព​កីឡា​ជា​ប្រចាំ ដែល​ក្នុង​នោះ​មាន​កីឡា​ប្រណាំង​កង់ ប្រដាល់ និង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ មួយ​ចំនួន​ទៀត។ ក្រុមហ៊ុន​របស់​យើង​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ អ៊ីចឹង​ហើយ​យើង​ត្រូវ​តែ​ជួយ​ខ្មែរ និង​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា​ជាតិ​របស់​យើង»៕

អត្ថបទគួរចាប់អារម្មណ៍