ភ្នំពេញៈ ព្រឹត្តិការណ៏កីឡាប្រចាំឆ្នាំ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ ២០១៩ ត្រូវបានផ្អាក ១ ឆ្នាំ ហើយការផ្អាកនេះត្រូវបានគណៈកម្មការរៀបចំម៉ារ៉ាតុងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកហេតុផលថា ដោយសារតែខ្វះដៃគូឧបត្ថម្ភ ហើយបរិយាកាសខេត្តព្រះសីហនុមិនសូវមានភាពអំណោយផល។
ក្នុងរយៈពេល ៧ ឆ្នាំមកហើយ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុតែងតែត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នេរអូរឈើទាលក្នុងខេត្តព្រះសីហនុនាថ្ងៃទី ៨ ខែមីនា ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ដោយមានការគាំទ្រពីដៃគូក្រុមហ៊ុនស្រាបៀរអង្គរ ប៉ុន្តែឆ្នាំនេះស្រាបៀរអង្គរបានផ្តាច់កុងត្រាហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងប្រាប់ថា៖ «ព្រឹត្តិការណ៍កីឡាមហាជន និងទេសចរណ៍មួយនេះពិតជាត្រូវផ្អាកមែន ព្រោះដៃគូឧបត្ថម្ភរបស់យើងគឺក្រុមហ៊ុនស្រាបៀរអង្គរបានផ្តាច់ទាំងស្រុង ហើយយើងកំពុងតែស្វះស្វែងរកដៃគូបន្តទៀតដើម្បីបានចាប់ផ្តើមឡើងវិញនៅឆ្នាំក្រោយ»។
លោកបន្ថែមថា៖ «ប្រធានបទកីឡាមហាជន និងទេសចរណ៍មួយនេះមានសារសំខាន់ក្រោមខ្លឹមសារ ដើម្បីការពារធម្មជាតិសង្គ្រោះផែនដី និងសុខុមាលភាពនៃមនុស្សលោក និងកៀរគរឲ្យមានមនុស្សធម៌ពីកីឡា ដើម្បីជួយដល់សង្គមដូចជាកន្លងមកថវិកាដែលយើងបានមកពីព្រឹត្តិការណ៍រត់ប្រណាំងនេះ យើងបានយកទៅជួយដល់មន្ទីរពេទ្យកុមារជួយដល់កុមារក្រីក្រ និងឆ្មាំតាមឆ្នេរអូរឈើទាលនៅខេត្តព្រះសីហនុផងដែរ»។
ទន្ទឹងនឹងការផ្អាកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុឆ្នាំ ២០១៩ នេះមន្ត្រីជំនាញបានបង្វែរអ្នកនិយមចូលចិត្តរត់ប្រណាំងទាំងអស់ឲ្យមកចូលរួមក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ វិញដែលត្រូវធ្វើនៅកោះពេជ្រ រាជធានីភ្នំពេញដើម្បីអបអរសាទរចម្រើនព្រះជនសម្តេចម៉ែ និងទិវាអូឡាំពិក ហើយនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ ក៏មានទិវាប្រចាំឆ្នាំអង្គរចក្រភពម៉ារ៉ាតុងអន្តរជាតិនៅខេត្តសៀមរាបដែលបាននិងកំពុងទទួលការចុះឈ្មោះតាមប្រព័ន្ធអនឡាញ។
លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំការប្រកួតម៉ារ៉ាតុងរបស់ NOCC បានប្រាប់ថា៖ «បញ្ហាខ្វះដៃគូឧបត្ថម្ភគាំទ្រថវិកាគឺវាសំខាន់ណាស់ ដែលយើងគិតថាជាបញ្ហាធំចម្បង ព្រោះការចំណាយជាទូទៅ និងទាំងស្រុងក្នុងកម្មវិធីរត់ប្រណាំងលក្ខណៈអន្តរជាតិនេះគឺមួយលើកអស់ជិត ៤ ម៉ឺនដុល្លារអាមេរិកឯណោះ ហើយរយៈពេល ៧ ឆ្នាំកន្លងមកនេះយើងទទួលបានពីក្រុមហ៊ុនស្រាបៀរអង្គរ ប៉ុន្តែឆ្នាំនេះគេដកខ្លួនចេញបាត់ទៅហើយ»។
លោក សែម ផល្លា បានបន្ថែមថា៖ «បើនិយាយពីបច្ចេកទេសវិញ ប្រសិនជាយើងរកស្ពនស័របានក៏មានការលំបាកខ្លះដែរ ដោយសារខេត្តព្រះសីហនុបច្ចុប្បន្នជាខេត្តមួយកំពុងតែមមាញឹកក្នុងការសាងសង់សំណង់ជាច្រើន និងកំពុងជួសជុលផ្លូវដែលមានបរិស្ថានមិនសូវល្អ មានហុយធូលីច្រើនអាចប៉ះពាល់ដល់ភ្ញៀវរាប់ពាន់នាក់មកពីច្រើនប្រទេស អ៊ីចឹងយើងបានបង្វែរអ្នកចុះឈ្មោះរត់ទាំងនេះមកព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈប្រហែលគ្នានេះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប៉ុន្តែយើងនឹងស្វែងរកដៃគូដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យបានវិញនៅឆ្នាំក្រោយ»៕