ភ្នំពេញ៖ កីឡាការិនីកូនខ្មែរកាត់បារាំង វ័យ ១៧ ឆ្នាំ ម៉ា រីយ៉ាន មានចំណង់ចំណូលចិត្តខ្លាំងទៅលើប្រភេទកីឡាប្រយុទ្ធ ពិសេសការប្រណាំងម៉ូតូហោះ ហើយកញ្ញាបានអះអាងថា នឹងមិនបោះបង់ចោលជំនាញនេះឡើយ បើទោះបីជាប្រភេទកីឡានេះ មានផលប៉ះពាល់ និងធ្លាប់ជួបឧបសគ្គគ្រោះថ្នាក់ធំក៏ដោយ។
ម៉ា រីយ៉ាន បានចាប់យកការសិក្សា និងសិល្បៈ ប៉ុន្តែកញ្ញាបានភ្ជាប់ខ្លួនជាកីឡាប្រយុទ្ធមានហាត់ប្រដាល់គុនខ្មែរ ល្បុក្កតោ ហើយនាងជាកីឡាការិនីឆ្នើម គ្មានគូប្រៀបលើជំនាញជិះម៉ូតូហោះ (ម៉ូតូឆ្លងកាត់ឧបសគ្គ) នៅកម្ពុជា ដោយនាងបានឆ្លៀតយកពេលទំនេរមកហ្វឹកហាត់នៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ បន្ថែមលើនេះ ម៉ា រីយ៉ាន អាចប្រើប្រាស់ភាសាអង់គ្លេស បារាំង និងភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ ហើយនាងក៏កំពុងរៀនភាសាអេស្ប៉ាញបន្ថែម ១ ទៀតផងដែរ។
យុវតីដែលកំពុងសិក្សាថ្នាក់ទី ១២ នៅសាលាភាសាបារាំងស្ថិតនៅភ្នំពេញ ម៉ា រីយ៉ាន បាននិយាយថា៖ «ខ្ញុំហាត់ល្បុក្កតោតាំងពីអាយុ ១១ ឆ្នាំ ក្នុងក្លិបល្បុក្កតោស ខេត្តរតនគិរី នៅសណ្ឋាគារតែរ៉ូរបស់ឪពុកម្តាយខ្ញុំ ដែលមានលោក វី ដារ៉ា ជាគ្រូបង្វឹក និងធ្លាប់ចូលរួមប្រកួតសម្តែងក្នុងកម្មវិធីផ្សេងៗនៅភ្នំពេញ ហើយខ្ញុំក៏ធ្លាប់បានហាត់ប្រដាល់គុនខ្មែរ និងលេងបាល់ឱបផងដែរ»។
«បច្ចុប្បន្ន ខ្ញុំវិលមកហាត់កីឡាប្រណាំងម៉ូតូហោះឆ្លងកាត់ឧបសគ្គជាប់ជាប្រចាំសប្តាហ៍តែផ្អាកពេលកូវីដ ១៩ ផ្ទុះខ្លាំង។ ខ្ញុំហាត់ជិះរយៈពេលជាង ៥ ឆ្នាំហើយ ដោយពីដំបូងឪពុកខ្ញុំចូលចិត្ក និងគាំទ្រខ្ញុំ ព្រោះគាត់ជាអ្នកជិះដែរ អ៊ីចឹងហើយទោះបីការហាត់ និងប្រកួតមានបញ្ហាជួបគ្រោះថ្នាក់ធ្ងន់ តែខ្ញុំមិនបោះបង់ចោលកីឡានេះទេ ហើយបើមានព្រឹត្តិការណ៍ប្រកួតខ្ញុំចូលរួមជានិច្ច»។
កីឡាការិនីកូនកាត់ ដែលមានចំណាត់ថ្នាក់ល្អលើសគេខាងប្រណាំងម៉ូតូហោះផ្នែកស្ត្រី នៅកម្ពុជា ម៉ា រីយ៉ាន បានបន្ថែមថា៖ «ខ្ញុំធ្លាប់ដួលម៉ូតូបាក់ឆ្អឹងដងកាំបិត ចូលព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែក្រោយមក ខ្ញុំមិនបោះបង់ចោលទេ ដោយខ្ញុំបានចូលហាត់វិញ ជាមួយឪពុកខ្ញុំ។ ចំណែកការប្រកួតជាមួយប្រុសៗ កាលពីឆ្នាំ ២០១៥ និង ២០១៧ ខ្ញុំបានលេខ ៥ ក្នុងចំណោមប្រុស និងស្រី ប៉ុន្តែសម្រាប់ស្ត្រី ខ្ញុំជាប់ចំណាត់ថ្នាក់លេខ ១»។
ម៉ា រីយ៉ាន បានបញ្ជាក់ថា៖ «នៅពេលប្រឡងបាក់ឌុបរួច ក្រោយឆ្នាំ ២០២១ នេះ គឺតាមគម្រោង ខ្ញុំចង់បន្តសិក្សាថ្នាក់មហាវិទ្យាល័យនៅប្រទេសបារាំង និងស្វែងរកបទពិសោធការងារចំនួន ៥ ឆ្នាំ ហើយខ្ញុំនឹងបន្តការហាត់ជិះម៉ូតូនៅទីនោះ ដើម្បីក្លាយជាអ្នកប្រណាំងមានឈ្មោះល្បីជាងគេ ព្រោះខ្ញុំស្រឡាញ់ និងបានជាប់ចិត្តលើកីឡាប្រភេទនេះ តាំងពីក្មេង ដោយសារឪពុកខ្ញុំ បងប្រុសខ្ញុំ និងប្អូនស្រីខ្ញុំ សុទ្ធតែនិយមចូលចិត្តទៅហាត់ជិះម៉ូតូនៅក្លិបប្រណាំងព្រែកលៀបរាល់ចុងសប្តាហ៍ ហេតុនេះក្រោយទទួលបានបទពិសោធនៅបារាំង គឺខ្ញុំនឹងត្រឡប់មកគ្រប់គ្រងការងារ ជាអ្នកបន្តមរតកពីឪពុកម្តាយខ្ញុំនៅកម្ពុជាវិញ»។
គួរបញ្ជាក់ថា ម្តាយរបស់ ម៉ា រីយ៉ាន ជាជនជាតិខ្មែរ និងជាសាស្ត្រាចារ្យភាសាបារាំង ហើយឪពុករបស់នាងជាជនជាតិបារាំង និងជាអ្នកនិពន្ធសៀវភៅកីឡា និងទេសចរណ៍ ហើយពួកគាត់ទាំង ២ ជាអ្នកជំនួញផ្នែកវិស័យទេសចរណ៍នៅកម្ពុជា។
ចំណែកលោក ព្យែ ក្លេ ជាឪពុករបស់ ម៉ា រីយ៉ាន បានប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះមានឈ្មោះ ២ ទី១ ឈ្មោះ ម៉ា រីយ៉ាន ដែលដាក់យោងតាមឪពុកជាជនជាតិបារាំង ទី២ ឈ្មោះ សោម៉ា គឺដាក់យោងតាមម្ដាយជាជនជាតិខ្មែរ។ លោកបញ្ជាក់ថា៖ «ម៉ា រីយ៉ាន រៀនបានល្អលើ ៣ ភាសា ចំណែកផ្នែកកីឡា ម៉ា រីយ៉ាន ចូលចិត្តសម្តែងម៉ូតូហោះ និងលេងកីឡាចំនួន ៣ ប្រភេទ រួមមានល្បុក្កតោ ប្រដាល់ និងបាល់ឱប តែនាងស្រឡាញ់ម៉ូតូហោះខ្លាំងជាងគេ»៕