ភ្នំពេញៈ ស្ថានភាព​សុខភាព ដោយ​ហ៊ុមព័ទ្ធ​ទៅដោយ​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជាង ៣ ឆ្នាំ របស់​គ្រូបង្វឹក​ជើង​ចាស់ សុខ វិជ័យ បាន​រុញ​ច្រាន​ឲ្យ​ស្ត្រី​វ័យ ៥៧ ឆ្នាំ គឺ​អ្នក​ស្រី ម៉េង សុខា ដែល​ជា​ប្រពន្ធ​ត្រូវ​រែក​ពុន និង​រ៉ាប់​រង​នូវ​រាល់​បញ្ហា ដើម្បី​ឲ្យ​ក្លិប​ឃ្លាំង​មឿង​កីឡា អាច​ដំណើរការ​ទៅ​បាន​ទាំង​លំបាក ជា​ពិសេស​អ្នកស្រី បាន​ប្រែ​ក្លាយ​ពី​ស្ថានភាព​ជា​ស្ត្រី​មេផ្ទះ ទៅ​ជា​គ្រូ​ប្រដាល់ ដែល​ត្រូវ​បង្វឹក​ដល់​សិស្ស​ក្នុង ក្លិប​ជា​ប្រចាំ។

ជាមួយ​ការខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​ក្លិប​ឃ្លាំងមឿង​កីឡា អាច​បន្តសកម្មភាព​បាន ទាំង​លំបាក​លំបិន ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកស្រី ម៉េង សុខា បាន​អះអាង​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ថា៖ «មុខរបរ​គ្រប់គ្រង​ដឹកនាំ និង​ហ្វឹកហាត់​កីឡាករ​ប្រដាល់​នេះ មហា​លំបាក ប៉ុន្តែ​វា​ជា​មរតក​បន្សល់​ទុក​ពី​ប្តី ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ប្រដាល់​ដែរ ទើប​ខ្ញុំ​អាច​ទ្រាំ​បន្ត​ទៅ​បាន ខណៈ​ពេល​នេះ ប្តី​របស់​ខ្ញុំ ដែល​ជា​ស្ថាបនិក​ក្លិប និង​ជា​គ្រូបង្វឹក បាន​អស់​ថាមពល ដោយ​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​វ័យ​កាន់​តែ​ចាស់»។

លោក សុខ វិជ័យ បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី​ឆ្នាំ ២០១៦ ហើយ​គិត​មកដល់​ពេល​នេះ​សភាព​កាន់​តែ​ធ្ងន់ធ្ងរ និង​មាន​ការ​ក្រ​លំបាក ប៉ុន្តែ​សេចក្តី​ស្រឡាញ់ និង​ការ​និយម​ចូលចិត្ត​ផ្នែក​កីឡា​ប្រដាល់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ គឺ​អ្នកស្រី ម៉េង សុខា នៅ​តែ​មាន​មនោ​សញ្ចេតនា​ស្រឡាញ់ ជ្រាល​ជ្រៅ មិន​អាច​លះបង់​ចោល​បាន ដោយ​គាត់​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ថែរក្សា និង​ប្រមែ​ប្រមូល​កីឡាករ​ហ្វឹកហាត់​បន្ត ក្នុង​ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ និង​លំបាក​លំបិន​បំផុត។

គួររំឭកថា ក្លិប​ប្រដាល់​ឃ្លាំងមឿង​នេះ បាន​បង្កើតជា​ផ្លូវ​ការឡើង​តាំងពី​ឆ្នាំ ២០០៤ ដោយ​លោក សុខ វិជ័យ ហើយ​ក្រោម​ការ​បង្វឹក​ផ្ទាល់​ពី​លោក សុខ វិជ័យ អាច​បណ្តុះ​បណ្តាល​បាន​កីឡាករ​មាន​សមត្ថភាព​ល្អ​ជា​ច្រើន ដោយ​កាល​នោះ​កីឡាករ សេន ប៊ុនថេប,ម៉ា ឆៃម៉ូវ,ម៉ា ឆៃមឿត,ជាម អាដាំ និង ជ័យ វណ្ណៈ ជាដើម។ ប៉ុន្តែ​ក្រោយ​ពេល​លោក សុខ វិជ័យ មាន​ជំងឺ​គ្មាន​លទ្ធភាព​គ្រប់គ្រង​បន្ត​នោះ អ្នក​ស្រី ម៉េង សុខា បាន​បន្ត​ការងារ​ប្រុស​ដ៏​ធ្ងន់ធ្ងរ​នេះ​ក្នុង​សភាព​លំបាក​បំផុត។

អ្នកស្រី ម៉េង សុខា ដែលមាន​វ័យ ៥៧ ឆ្នាំ​ទៅហើយនោះ បាន​បន្ថែមថា៖ «សព្វ​ថ្ងៃ​ក្លិប​ឃ្លាំង​មឿង មាន​ទីតាំង​នៅ​ផ្លូវ​ជាតិ​លេខ ៥ ទល់​មុខ​ស្ថានីយ​ទូរទស្សន៍ CTN សង្កាត់​មិត្តភាព ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​ទីតាំង​នេះ យើង​ជួល​គេ​ទាំង​ស្រុង ដើម្បី​យក​មក​ធ្វើ​ទីតាំង​ហ្វឹកហាត់​ដល់​សិស្ស​ទាំង​អស់ និង​ស្នាក់​នៅ​ជាមួយ​កីឡាករ​ផង​ដែរ»។

ទោះជា​ប្រឈម​ទៅនឹង​ការលំបាក​យ៉ាងណា អ្នកស្រី ម៉េង សុខា នៅតែ​រក្សាបាន​នូវ​កីឡាករ​ល្អៗ​មួយ​ចំនួន មាន​សមត្ថភាព​លំដាប់​ជា​គូ​ពិសេស និង​គូឯក ព្រមទាំង​បាន​ប្រកួត​ជា​អន្តរជាតិ និង​ជាប់​ជា​ជម្រើស​ជាតិ ដោយ​ឈ្នះ​បាន​មេដាយ​ពី​ស៊ីហ្គេម​ឆ្នាំ ២០១៧ គឺ​កីឡាករ វ៉ាន់ វឿន ហើយ ថុល មករា,ជ័យ ស៊ីនេត,មាស សុជាតិ,ថន ភឿត និង​ហូ សុភា ជាដើម សុទ្ធ​តែ​កីឡាករ​មាន​សមត្ថភាព​ក្នុង​ក្លិប​ឃ្លាំង​មឿង នា​ពេល​បច្ចុប្បន្ន។

អ្នកស្រី ម៉ែន សុខា បាន​បញ្ជាក់ថា៖ «ទោះបី​ជីវភាព​កំពុង​ជួប​ការលំបាក​យ៉ាងណា ហើយ​ប្តី​របស់​ខ្ញុំ​មាន​ជំងឺ ប៉ុន្តែ​មាន​សង្វៀន​ប្រដាល់​ចំនួន ២ គឺ​សង្វៀន CNC និង សង្វៀន​អាស៊ី​អាគ្នេយ៍ តែង​តែ​ផ្តល់​ឱកាស និង​ជួយ​គាំទ្រ​លើក​ទឹកចិត្ត ព្រមទាំង​ចាប់​គូ​ប្រកួត​ឲ្យ​កីឡាករ​ក្នុង​ក្លិប​របស់​ខ្ញុំ ធ្វើ​ឲ្យ​ពួកគេ​មាន​ឱកាស​ឡើង​ប្រកួត​ញឹក​ញាប់ ពិសេស​ប្រកួត​លក្ខណៈ​អន្តរជាតិ ដែល​អាច​មាន​ចំណូល​ទ្រទ្រង់​ក្លិប និង​ធ្វើ​ឲ្យ​ក្លិប​នៅ​តែ​អាច​បន្ត​សកម្មភាព​បាន ទោះបី​លំបាក​ខ្លាំង​ក៏ដោយ»។

យ៉ាងណាក៏ដោយ អ្នកស្រី ម៉េង សុខា​បាន​ស្នើសុំ​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មេត្តា​ជួយ​ឧបត្ថម្ភ ជា​សម្ភារ​ហ្វឹកហាត់​ខ្លះ ដើម្បី​បន្ត​សកម្មភាព កុំ​ឲ្យ​លំបាក​ពេក និង​សូម​ឲ្យ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​ដទៃ កុំ​រើស​អើង ដោយ​ទទួល​យក​កីឡាករ​ក្នុង​ក្លិប​របស់​អ្នក​ស្រី​ទៅ​ប្រកួត​ផង។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ បាន​ឆ្លើយតប​ចំពោះ​បញ្ហាលំបាក​នេះ​ថា៖ «សព្វ​ថ្ងៃ​យើង​មាន​ក្លិប​ប្រដាល់​ចំណុះ​ឲ្យ​សហព័ន្ធ​នៅ​ទូទាំង​ប្រទេស​ជិត ១០០ ក្លិប​ឯណោះ ប៉ុន្តែ​ក្លិប​ដែល​មាន​សកម្មភាព​ល្អ និង​មាន​កីឡាករ​ដាក់​ឲ្យ​ប្រកួត​ជា​ប្រចាំ មាន​ប្រហែល ៣០ ទេ ព្រោះ​សកម្មភាព​កីឡា​នេះ ជា​ការ​ស្ម័គ្រចិត្ត គឺ​បើក​ក៏​ស្ម័គ្រ​ចិត្ត បិទ​ក៏​ស្ម័គ្រ​ចិត្ត»។

លោក បាន​លម្អិត​ថា៖ «នៅ​ប្រទេស​គេ អ្នកបើក​ក្លិប​បាន ទាល់​តែ​មាន​សក្តានុពល​គ្រប់​គ្រាន់ គឺ​អាច​ជួយ​ឧបត្ថម្ភ​ក្លិប​បាន​ល្អ មាន​សម្ភារ​គ្រប់គ្រាន់ ទើប​អនុញ្ញាត​ច្បាប់​ឲ្យ​បើក​បាន ប៉ុន្តែ​ស្រុក​យើង មិន​តឹង​តែង​ដូច្នោះ​ទេ គឺ​មាន​ធនធាន​ល្មមៗ អាច​បើក​បាន ប៉ុន្តែ​ត្រូវ​ចេះ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ឲ្យ​បាន ទើប​ការងារ​នេះ​រលូន។ ចំណែក​សហព័ន្ធ គ្មាន​តួនាទី​រក​លុយ​ទេ គឺ​កាតព្វ​កិច្ច​ជា​ចម្បង ត្រូវ​គ្រប់គ្រង​បច្ចេកទេស និង​រដ្ឋបាល​ប៉ុណ្ណោះ»។

ទោះជា​យ៉ាងនេះ​ក្តី លោក តែម ម៉ឺន បាន​អះអាងថា នឹង​ស្វែងរក​ការជួយឧបត្ថម្ភ​ដល់​ក្លិប​ឃ្លាំង​មឿង ព្រោះ​លោក សុខ វិជ័យ ក៏​ដូចជា​ភរិយា បាន​ប្រឹង​ប្រែង​ក្នុង​វិស័យ​ប្រដាល់​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ពិសេស​លោក សុខ វិជ័យ ជា​គ្រូប្រដាល់​ជើង​ចាស់ ដែល​មាន​អាយុ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​នៅ​តែ​ខ្វាយ​ខ្វល់​ចំពោះ​ប្រដាល់ និង​លើក​ស្ទួយ​ជានិច្ច៕