The Phnom Penh Post Search

Search form

ម្ចាស់​មេដាយ​តេក្វាន់ដូ​អាស៊ី មក​ដល់​មាតុ​ភូមិ​វិញ​ហើយ

Content image - Phnom Penh Post
អត្ត​ពលិក​តេក្វាន់​ដូ ពេល​ធ្វើ​ដំណើរ​មក​អាកាស​យានដ្ឋាន​​​អន្តរ​ជាតិ​ភ្នំ​ពេញ​​។ ស្រេង ម៉េងស្រ៊ុន

ម្ចាស់​មេដាយ​តេក្វាន់ដូ​អាស៊ី មក​ដល់​មាតុ​ភូមិ​វិញ​ហើយ

ភ្នំពេញ: ម្ចាស់​មេដាយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​តេក្វាន់ដូ ITF ថ្នាក់​អាស៊ី លើក​ទី ៩ នាទី​ក្រុង Ulaanbaatar ប្រទេស​ម៉ុងហ្គោលី បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ ទី ១៥ ខែ​ឧសភា ឆ្នាំ ២០១៨ ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​ជាន់​ខ្ពស់​មាន​លោក​កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា តេក្វាន់ដូ ITF លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​លោក​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​នៅ​ឯ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ថ្មី។ លទ្ធផល​របស់​ក្រុម​អត្តពលិក​កម្ពុជា​ដណ្តើម​បាន រួម​មាន​មេដាយ ២១ គ្រឿង​ក្នុង​នោះ​មាន​មាស​ចំនួន ៨ (ជា​គូ និង​ក្រុម) ប្រាក់​ចំនួន ៥ និង​សំរឹទ្ធ ៨។

កីឡាករ​តេ​ក្វាន់​ដូ ITF ប៉ាល់ ជីវ័ន្ត ដណ្តើម​មេដាយមាស ១ កីឡាករ​វ័យ​ក្មេង​សុ​ភ័​ក្គ្រ ចន្ទ​ឧត្តម ដណ្តើម​បាន​មេដាយ​មាស ៣ មេដាយ​ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ១។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កីឡាករ​ឃឿន ប៊ុនឡេង ដណ្តើម​បាន​មេដាយ​មាស ២ ខណៈ​ដែល​កីឡាករ​សុ ស៊ូណា ដណ្តើម​បាន​មេដាយ​មាស ២ មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ១។

ដោយឡែក កីឡាករ នេត្រ ហាក់​លី ដណ្តើមបាន​មេដាយមាស ១ និង​មេដាយ​សំរឹទ្ធ ១ ហើយ​កីឡាករ កាង ប៊ុនឡុង ឈ្នះ​មេដាយ​មាស ១ មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ១ ស្រប​ពេល​កីឡាករ​ចេង រោង​រាជ ទទួល​មេដាយ​មាស ១ មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ១។ កីឡាករ​កួយ មុទិតា ទទួល​មេដាយ​មាស ១ មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ ១។ កីឡាករ ម៉េត សុខមាន ទទួល​មេដាយ​មាស ១ មេដាយ​ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ១។

កីឡាករ សៀង អេង​ហ៊ុយ ទទួល​មេដាយមាស ១ និង​មេដាយ​សំរឹទ្ធ ១ ខណៈ​កីឡាករ ជា ច័ន្ទឡា ទទួល​មេដាយ​មាស ១ និង​មេដាយ​សំរឹទ្ធ ១។

ដោយឡែក កីឡាករ តាំង សៀង​សុង ទទួល​មេដាយមាស ១ ហើយ​កីឡាករ ស៊ុ គង់​ហេង ទទួល​មេដាយ​មាស ១ ខណៈ​ដែល​កីឡាករ ឃឿន ប៊ុនលាង ទទួល​មេដាយ​មាស ១។ កីឡាការិនី រស់ ស្រីនិច មេដាយ​ប្រាក់ ២ ខណៈ​កីឡាករ គន ផល្លី ទទួល​បាន​មេដាយ​ប្រាក់ ១ ហើយ​កីឡាករ គនលី រតនៈ ឈ្នះ​មេដាយ​សំរឹទ្ធ ១។ កីឡាករ បុត្រ សិរី​គង្គា ឈ្នះ​មេដាយ​សំរឹទ្ធ ១ កីឡាករ ហ៊ វិចិត្រ មេដាយ​សំរឹទ្ធ ១ ហើយ កីឡាករ តាត់ ឧត្តម ឈ្នះ​មេដាយ​សំរឹទ្ធ ១ ខណៈ​ដែល​កីឡាករ ទ្រី វរលក្ខ័ណ៍ ឈ្នះ​មេដាយ​សំរឹទ្ធ ១ ដូចគ្នា។

ថ្នាក់ដឹកនាំ​បាន​កោតសរសើ​រ និង​ជួប​សំណេះសំណាល​លើកទឹកចិត្ត ហើយ​កីឡាករ​ដែល​ឈ្នះ​មេដាយ​នេះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​តាម​ប្រកាស​អន្តរ​ក្រសួង​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ ដោយ​ទឹកប្រាក់​ឈ្នះ​មេដាយ​មាស មាន ១៦ លាន​រៀល ប្រាក់ ១៣ លាន​រៀល និង​សំរឹទ្ធ ១១ លាន​រៀល។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម ហើយ​សម្តេច​នឹង​មាន​ផ្តល់​រង្វាន់​បន្ថែម​ជា​មិន​ខាន៕

អត្ថបទគួរចាប់អារម្មណ៍