ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​ឆ្នើម​ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ពី​ស៊ីហ្គេម ផល សុផាត ​ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ជា​ច្រើន​ឆ្នាំ​នោះ ​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី ​នៅ​លើ​​សង្វៀន​ប្រដាល់​សកល​​ក្នុង​ឋានៈ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ជម្រើស​​ជាតិ​ប្រចាំ​ឆ្នាំ ​២០២០ នៅ​ក្នុង​ពហុកីឡដ្ឋាន​ ដែល​ទើប​បាន​បញ្ចប់​កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ កន្លង​មក​នេះ។

ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​ក្នុង​នាម​ជា​គណៈកម្មការ​ប្រកួត ក្រោយ​បាត់​មុខ​ពី​វិស័យ​ប្រដាល់​សកល​ជិត ​១០ ​ឆ្នាំ​​របស់ ​ផល​ សុផាត បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​អ្នក​ស្នេហា​វិស័យ​​​ប្រដាល់​ ហើយ​ការ​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​នេះ ត្រូវ​បាន ផល សុផាត ទម្លាយ​ថា ដោយសារ​តែ​ការ​ប្រកួត​ប្រដាល់​សកល​ទទួល​បាន​ប្រាក់​កម្រៃ​តិច មិន​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន។

ក្នុង​វ័យ ​៣៦ ​ឆ្នាំ ផល សុផាត ដែល​​មាន​ប្រពន្ធ ​និង​កូន ​២ ​​នាក់​​នោះ ​​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​​ថា​៖ «​ខ្ញុំ​ឃ្លាត​ពី​សង្វៀន​ប្រដាល់​ ដោយ​បញ្ហា​ជីវភាព​លំបាក​ ​ព្រោះ​រំពឹង​​លើ​ប្រាក់​ចំណូល​ពី​ប្រដាល់​​សកល​ គឺ​បាន​ចំណូល​តិច​ណាស់ ​មិន​ដូច​ប្រដាល់​គុន​ខ្មែរ​ទេ ​គេ​មាន​តម្លៃ​ខ្លួន​ប្រកួត​ច្រើន​ជាង​ ហេតុ​នេះ​ខ្ញុំ​ចេញ​ទៅ​រក​ការងារ​ក្រៅ គឺ​មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​គ្រួសារ​បាន​ប្រសើរ​ជាង​ ហើយ​​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បច្ចុប្បន្ន​នេះ ​ជា​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ​ The Kin ​នៅ​ជិត​រង្វង់​មូល​កួរ​ស្រូវ ​ខេត្ត​កណ្តាល​ ដោយ​ខ្ញុំ​ទទួល​បាន​កម្រៃ​អាច​ទ្រទ្រង់​ជីវភាព​បាន​សមរម្យ»​។​

យ៉ាង​ណា​ក៏​ដោយ ផល សុផាត ដែល​​ធ្លាប់​ដណ្តើម​បាន​មេដាយ​ប្រាក់​ពី​​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី​២៥​ នៅ​ប្រទេស​ឡាវ ​ឆ្នាំ ​២០០៩ ​នោះ នៅ​តែ​មាន​ចិត្ត​អាឡោះ​អាល័យ និង​ចង់​វិល​មក​​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ក្នុង​នាម​ជា​គ្រូ​បង្វឹក ឬ​គណៈកម្មការ​ប្រកួត​វិញ​ម្តង បើ​សិន​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន អនុញ្ញាត​ឱ្យ​រូប​គេ​បាន​បំពេញ​ការងារ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​នៅ​តាម​សង្វៀន​ឯកជន ដូច​អតីត​កីឡាករ​ប្រដាល់​មួយ​ចំនួន​ដែល​កំពុង​ប្រកប​របរ​នេះ។

បង​ប្រុស​​របស់​ជើង​ខ្លាំង ផល សោភ័ណ្ឌ រូប​នេះ បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​​ធ្លាប់​ជា​អ្នក​ហាត់​ប្រដាល់​ ឡើង​ប្រដាល់​ និង​ធ្លាប់​ឈ្នះ​បាន​មេដាយ​ប្រាក់ ​១​ ជូន​ជាតិ​ អ៊ីចឹង​ខ្ញុំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ ចង់​វិល​មក​បំពេញ​ការងារ​កីឡា​ជា​គ្រូ​បង្វឹក ​ឬ​គណៈកម្មការ​ណា​មួយ​ក្នុង​វិស័យ​កីឡា​នេះ​ណាស់​ ប៉ុន្តែ​ពុំ​ទាន់​មាន​ឱកាស​នៅ​ឡើយ​។​ ហេតុ​នេះ ​បើ​សិន​​លោក​ប្រធាន​​សហព័ន្ធ ​គាត់​អនុញ្ញាត​ឱ្យ​ធ្វើ​ចៅក្រម​អាជ្ញា​កណ្តាល​នៅ​តាម​សង្វៀន​ឯកជន​ទទួល​បាន​ប្រាក់​កម្រៃ​នោះ ​ខ្ញុំ​នឹង​មក​បំពេញ​បាន»​។​

អ្នក​លេង​កណ្តាប់​ដៃ ផល សុផាត បាន​បន្ថែម​ថា៖ ​«ទោះ​ជា​យ៉ាង​ណា​ បច្ចុប្បន្ន​ ​ខ្ញុំ​នៅ​មាន​ប្អូន​ប្រុស​បង្កើត ផល ​សោភ័ណ្ឌ​ និង​ក្មួយ ​២ ​នាក់​ទៀត​ កំពុង​ហ្វឹកហាត់​ល្អ​គួរ​សម ​មាន ​ផល ​ស៊ីឡុង​ និង ផល ​ស៊ីលីន ចំណែក​គោល​បំណង​ទៅ​ថ្ងៃ​​អនាគត ​ខ្ញុំ​ចង់​ធ្វើ​គ្រូ​បង្វឹក ​ដោយ​​មាន​ក្លិប​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​បង្វឹក​ក្មេងៗ ​ប៉ុន្តែ​ពេល​នេះ​ពុំ​ទាន់​មាន​លទ្ធភាព​នៅ​ឡើយ ​ហើយ​ក៏​កំពុង​ព្យាយាម​ដែរ»​។​

គួរ​រំឭក​ថា​ ​ផល ​សុផាត ​ជា​អ្នក​ប្រដាល់​ឆ្នើម​ម្នាក់​នៅ​ក្នុង​ក្លិប​តាឡីដំរី​​មាន​រិទ្ធ ដោយ​​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ប្រដាល់​សកល​ពី​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០១១​ ក្នុង​នោះ​មាន​ស្នាដៃ​ជា​ច្រើន​ដូច​ជា​ជាប់​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ ​ពី​ទម្ងន់​តាំង​ពី​ ៥៤ ​ដល់​ ៦០​ គីឡូក្រាម​ និង​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ពី​ស៊ីហ្គេម​ លើក​ទី​២៥​ ឆ្នាំ​ ២០០៩​ នៅ​ឡាវ​ មុន​ពេល​រូប​គេ​បាន​ចាក​ចេញ​ពី​ប្រដាល់​សកល​នៅ​ឆ្នាំ​ ២០១២​៕​