ភ្នំពេញ៖ ​អ្នក​ប្រដាល់​សញ្ជាតិ​កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ប្រទេស ​គុយបា ​វ៉ែន រដ្ឋា ដែល​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ ផ្នែក​កីឡា​ប្រដាល់​សកល​ នៅ​ក្នុង​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម ​លើក​ទី ​២៨ ​ឆ្នាំ ​២០១៥ ​នៅ​សិង្ហបុរី​នោះ បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​វិល​ត្រឡប់​​មក​ចូលរួម​​ជាមួយ​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​វិញ ​បន្ទាប់​ពី​ជាប់​ពិន័យ​រយៈពេល ​៤ ​ឆ្នាំ​ ពី​ស្ថាប័ន​ប្រឆាំង​សារធាតុ​ញៀន​របស់​កីឡា​ ឈ្មោះ​ C Rado ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពិនិត្យ​រក​ឃើញ​នូវ​សារជាតិ​ញៀន ​ក្នុង​ឈាម​កាល​ពី ​៤ ​ឆ្នាំ​មុន ​ហើយ​បន្ទាប់​មក​រូប​គេ​បាន​​ខកខាន​ក្នុង​អាជីព​ប្រដាល់​ឲ្យ​ជម្រើស​​ជាតិ​ប្រដាល់​សកល​កម្ពុជា​។​

ទោះ​បី​ជា​ការ​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ប្រចាំ​ឆ្នាំ ​២០២០​ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​នៅ​មិន​ទាន់​ចេញ​លិខិត​ឧទ្ទេសនាម​ទទួល​ស្គាល់​នៅ​ឡើយ​ ប៉ុន្តែ​នៅ​ក្នុង​បេក្ខភាព​ព្រាង​បណ្តោះ​អាសន្ន​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រដាល់​សកល​ត្រូវ​បាន​​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​បាន​បញ្ជូន​ឈ្មោះ​រួច​ទៅ​ហើយ​ តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ហើយ​នៅ​ក្នុង​បេក្ខភាព​ទាំង​នោះ ក៏​មាន វ៉ែន រដ្ឋា ផង​ដែរ​​។​

លោក ​ប៊ុយ ​សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ធនធាន​សមត្ថភាព​របស់​កីឡាករ​ វ៉ែន​ រដ្ឋា​ នេះ​ គឺ​ល្អ​ណាស់​នៅ​ក្នុង​ទម្ងន់ ​៦៤ ​គីឡូក្រាម។​ វ៉ែន ​រដ្ឋា ​មាន​កម្ពស់ ​១,៨០ ​​ម៉ែត្រ​ ហើយ​អ្នក​ប្រដាល់​រូប​នេះ មាន​កណ្តាប់​ដៃ​លឿន​រហ័ស និង​ធ្លាប់​បាន​​ឈ្នះ​មេដាយ​ប្រាក់​ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ ​២០១៥ ​នៅ​សិង្ហបុរី។ ​នៅ​ក្នុង​តំបន់​អាស៊ាន​ គឺ​មាន​តែ​កីឡាករ​នៅ​ប្រទេស ​ថៃ ​ប៉ុណ្ណោះ ​ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​ វ៉ែន រដ្ឋា»​។​

នៅ​ក្នុង​កំណត់ត្រា​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​កីឡាករ​ វ៉ែន ​រដ្ឋា ​កើត​ថ្ងៃទី ​២៥​ ខែ ​កញ្ញា ​ឆ្នាំ ​១៩៨៩ ​នៅ​ប្រទេស ​គុយបា​ ហើយ​គេ​បាន​មក​រស់នៅ​ចូល​សញ្ជាតិ​ខ្មែរ​ដល់​បច្ចុប្បន្ន ដោយ​មាន​លំនៅ​ភូមិ​ត្នោត​ជ្រំ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​។ ​កីឡាករ​ វ៉ែន​ រដ្ឋា​ បាន​ប្រកួត​ឈ្នះ​មេដាយ​ប្រាក់​ ពី​កីឡា​ស៊ីហ្គេម ​លើក​ទី ​២៨ ​ឆ្នាំ ​២០១៥​ នៅ​ប្រទេស ​សិង្ហបុរី​ បន្ទាប់​ពី​បាន​ចាញ់​កីឡាករ​ថៃ​ទាំង​ប្រផិត​ប្រផើយ​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន ​មើល​ឃើញ​ថា​ការ​កាត់​ក្តី​កាល​នោះ ​មាន​ភាព​លម្អៀង​ទៅ​លើ​ភាគី​ថៃ​។​

វ៉ែន រដ្ឋា ឡើង​ទទួល​ប្រាក់រង្វាន់​ពី​ស្រាបៀរ​អង្គរ ចំពោះការ​ឈ្នះមេដាយ​ប្រាក់។ ណន

លោក ​ជឹម ​ផល្លា​ គ្រូ​ពេទ្យ​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​៖ «ការ​រក​ឃើញ​នូវ​សារធាតុ​ញៀន​ក្នុង​ឈាម​របស់​កីឡាករ ​វ៉ែន ​រដ្ឋា ​មិន​មែន​ខាង​យើង​នោះ​ទេ ​គឺ​ស្ថាប័ន​ដូពីង​អន្តរជាតិ ព្រោះ​​គ្រប់​អត្តពលិក​ជម្រើស​ជាតិ​​​របស់​យើង​ ដែល​បាន​បញ្ជូន​ឈាម​ទៅ​ គឺ​គេ​តែង​ពិនិត្យ​គ្រប់​គ្នា»​។​

លោក​​បាន​បន្ត​ថា​៖ «​តាម​ការ​ស្រាវជ្រាវ ​និង​តាម​ដាន គឺ​​កីឡាករ ​វ៉ែន ​រដ្ឋា ​គ្មាន​ពាក់ព័ន្ធ​គ្រឿង​ញៀន​នោះ​ទេ​ ប៉ុន្តែ​ក្រៅ​ពី​ហ្វឹកហាត់​ គាត់​ទៅ​ធ្វើ​ការ​បន្ថែម​ ក្នុង​ហាង​មួយ ​ដែល​គេ​ជក់​ស៊ីហ្គា ​និង​ស៊ីសា​ អ៊ីចឹង​នាំ​ឲ្យ​គាត់​ទទួល​រង​នូវ​សារធាតុ​ផ្សែង​ញឹកញាប់​ នាំ​ឲ្យ​ពិនិត្យ​ឃើញ​មាន​ជាតិ​កញ្ឆា​ក្នុង​ឈាម​ប៉ុណ្ណោះ​»។

ជាមួយ​ការ​មាន​សារធាតុ​ហាមឃាត់ ដោយ​មិន​ដឹង​ខ្លួន​នេះ លោក ជឹម ផល្លា ​បាន​ផ្តល់​ជា​ដំបូន្មាន​ថា ​​អត្តពលិក​គួរ​យល់​ដឹង​ពី​បញ្ហា​មួយ​ចំនួន នៅ​​ក្នុង​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កំប៉ុង​មួយ​ចំនួន​ នៅ​មុន​ពេល​​ពិនិត្យ​ឈាម ព្រោះ​វា​អាច​មាន​ផល​ប៉ះពាល់​ ឬ​រក​ឃើញ​សារធាតុ​ហាម​ឃាត់ ​ហើយ​ពេល​នោះ គេ​នឹង​ទទួល​រង​ពិន័យ​មិន​ខាន ​ដោយ​តាម​ពិត​គ្មាន​ពាក់ព័ន្ធ​គ្រឿង​ញៀន​អ្វី​ទាល់​តែ​សោះ​។ ​ទោះ​ជា​យ៉ាង​ណា​ ការ​ជាប់​ពិន័យ​មិន​ឲ្យ​ឡើង​ប្រកួត​ចំនួន ​៤ ​ឆ្នាំ ​​របស់ វ៉ែន រដ្ឋា គឺ​ពេល​នេះ​គេ​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ឡើង​វិញ​ហើយ​។​

ចំណែក​លោក​ វ៉ែន​ សុផល ​គ្រូ​បង្វឹក ក្រុម​​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​បាន​​និយាយ​ថា​៖ «​បើ​កីឡាករ​ វ៉ែន​ រដ្ឋា​ មក​ហ្វឹកហាត់​ជម្រើស​ជាតិ​វិញ ​គឺ​យើង​មាន​ធនធាន​កីឡាករ​មាន​សមត្ថភាព​ល្អ និង​​មាន​លទ្ធភាព​ក្នុង​ការ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​នានា​នៅ​អន្តរជាតិ»​។​

លោក​បាន​បន្ថែម​ថា៖ ​«កាល​ពី​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ​២៨ ​ឆ្នាំ ​២០១៥ ​នៅ​ប្រទេស ​សិង្ហបុរី វ៉ែន រដ្ឋា បាន​ឈ្នះ​ជើង​ខ្លាំង​របស់​ហ្វីលីពីន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ហើយ​ឈាន​បន្ត​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ ប៉ុន្តែ​បាន​ចាញ់​កីឡាករ​ថៃ​ ទាំង​មិន​អស់​ចិត្ត​ ​ព្រោះ​គណៈកម្មការ​ គឺ​គ្មាន​ខ្មែរ​នោះ​ឡើយ​៕​​