ភ្នំពេញ៖ កីឡាករ​គុន​ខ្មែរ​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ សៀវ សំណាង ដែល​បាន​ប្រើ​ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​ថា ធន់ វិស្នុរ នោះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បណ្តាល​ឱ្យ​មាន​របួសធ្ងន់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​កាល់ម៉ែត ហើយ​ការ​ជួប​ឧបទ្ទវហេតុ​របស់​កីឡាករ ទើប​ឈ្នះ​បាន​មេដាយ​មាស ពី​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ​រូប​នេះ មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ក្នុង​ការ​រៃ​លុយ ដើម្បី​ជួយ​ព្យាបាល។

លោក ធន់ សុភា គ្រូបង្វឹក សៀវ សំណាង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «របួស​របស់ សៀវ សំណាង មាន​សភាព​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ខណៈ សៀវ សំណាង បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឯ​ខេត្តព្រៃវែង តាំង​ពី​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ គឺ​បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ហើយ​ក៏​បាន​យកប្រាក់​រង្វាន់ ទៅ​ជូន​អ្នក​ម្តាយ។

ចំណែក​ឯ​របួស​របស់ សៀវ សំណាង គឺ​បែក​មុខ ដែល​មាន​ការ​ប៉ះពាល់​ដល់​ភ្នែក ថ្គាម ព្រម​ទាំង​មាន​របួស​នៅ​លើ​ដង​ខ្លួន​ជាច្រើន​កន្លែង​ទៀត ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ»។

គិត​មក​ដល់​ពេល​នេះ សៀវ សំណាង ដែល​កំពុង​ដេក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ គឺ​មាន​អ្នក​រួម​អាជីព សប្បុរសជន ព្រមទាំង​ថ្នាក់​ដឹកនាំ បាន​ជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​សម្រាល​ការ​លំបាក​ក្នុង​ពេល​ព្យាបាល។

ចំពោះ​រឿង​នេះ លោក ធន់ សុភា រៀបរាប់​ថា មាន​សប្បុរសជន​ច្រើន​បាន​ជួយ​ដល់ សៀវ សំណាង ក្នុង​នោះ​មាន លោក ស៊ន អេលីត ជា​គ្រូបង្វឹក​ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​បាន​ប្រមូល​ថវិកា​ពី​សប្បុរសជន​នានា​ជា​មិត្ត​រួម​អាជីព​បាន ២៤០ ដុល្លារ ដើម្បី​ជួយ។ ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ឧបត្ថម្ភ​ចំនួន ៣០០ ដុល្លារ លោក ម៉ា ស៊ីថេត តំណាង​សង្វៀន ​CNC បាន​ជួយ​ចំនួន ៣៥០ ដុល្លារ ហើយ​មិត្តភក្តិ​ក្នុង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​បាន​រៃ​គ្នា​ជួយ​បាន​ចំនួន ១៥៧ ម៉ឺន​រៀល។

លោក ស៊ន អេលីត បាន​និយាយ​ថា៖ «ទោះជា​មិនមែន​ជា​កូន​សិស្ស​ក្នុង​ក្លិប​របស់​ខ្ញុំ ប៉ុន្តែ​គ្នា​ជួប​បញ្ហា​គ្រោះថ្នាក់ អ៊ីចឹង​យើង​ត្រូវ​រួមគ្នា​ជួយ​តាម​លទ្ធភាព។ ខ្ញុំ​បាន​ផ្ដល់​ថវិកា​ទាំង​នោះ ដល់​ដៃ ធន់ វិស្នុរ ហើយ គឺ​ចំនួន ២៤០ ដុល្លារ ព្រោះ​ជីវភាព​គ្នា ទើប​តែ​ល្បី អ៊ីចឹង​មិន​ទាន់​ធូរធារ​នោះ​ឡើយ»។

គួរ​បញ្ជាក់​ថា អ្នក​ប្រដាល់​គុន​ខ្មែរ សៀវ សំណាង មាន​ប្រវត្តិ​ប្រកួត​ទើប​តែ​បាន ៣៥ ដង ឈ្នះ ២៩ និង​ចាញ់ ៦ ដង ហើយ​កីឡាករ​ទម្ងន់ ៤៨ គីឡូក្រាម​រូប​នេះ ទើប​សាង​បាន​ភាព​ល្បី​នៅ​ឆ្នាំ ២០២០។

យ៉ាងណា​មិញ សម្រាប់​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ២០២០ ដែល​លើក​យក​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ និង​បញ្ចប់ កាល​ពី​ថ្ងៃទី ២៩ ខែ​មករា កន្លងមក​នេះ សៀវ សំណាង បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​កីឡាករ លន់ សៀកលាង មក​ពី​ខេត្ត​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ»៕