The Phnom Penh Post Search

Search form

ម្ចាស់​មេដាយមាស ហេង ស៊ីវឡាង សុំ​ឲ្យ​មាន​ការគាំទ្រ​អ្នក​ជិះកង់​ជា​ស្ត្រី

Content image - Phnom Penh Post
ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ី ហេង ស៊ីវឡាង ពេល​ចូលរួម​ការប្រណាំង​កង់​ភ្នំ​នៅ​គិរីរម្យ​។ រូប ឈន ណន

ម្ចាស់​មេដាយមាស ហេង ស៊ីវឡាង សុំ​ឲ្យ​មាន​ការគាំទ្រ​អ្នក​ជិះកង់​ជា​ស្ត្រី

ភ្នំពេញៈ កីឡាការិនី​ជើងចាស់ ហេង ស៊ីវឡាង ដែល​ជា​ស្ត្រី​ដំបូង​គេ​បាន​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​ប្រណាំងកង់​ជើងឯក​អាស៊ី Asian Road & Para Cycling Championship 2018 នៅ​មីយ៉ាន់ម៉ា​ឲ្យ​កម្ពុជា​នោះ​បាន​ទទួច​សុំ​ឲ្យ​មាន​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​វ័យក្មេង​ចូលរួម​ការប្រណាំង​កង់​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ក្លាយ​ជា​កីឡាការិនី​មាន​សមត្ថភាព​អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ នៅពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ​ ២០២៣​។

ម្ចាស់​មេដាយមាស ស៊ីវឡាង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​តាមពិត​ទៅ​កីឡាការិនី​ភាគច្រើន​ចង់​ហាត់​ជិះ​កង់ ប៉ុន្តែ​ដោយសារ​ស្ថានភាព​គ្រួសារ​គាត់ ជូន​កាល​អាច​មកពី​ឪពុកម្តាយ​មិន​សូវ​ចូលចិត្ត ឬ​អាច​មកពី​ការរៀនសូត្រ និង​ខ្លះទៀត​ដោយសារ​គាត់​អត់​មាន​ការជំរុញ​លើក​ទឹកចិត្ត​ពី​ក្រុមគ្រួសារ ដូច្នេះ​ហើយ​ខ្ញុំ​សូម​ឲ្យ​ឪពុកម្តាយ បងប្អូន និង​បណ្តា​ក្លិប​ផ្សេងៗ​ជួយ​គាំទ្រ​ដល់​កីឡាការិនី​យើង​ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរួម​ហ្វឹកហាត់ និង​ប្រណាំង​កង់​ឲ្យ​បាន​ច្រើន​»​។

យ៉ាងណា​ក៏ដោយ​តាមរយៈ​ការប្រកួត​កង់​ភ្នំ Cambodia MTB Series ចំនួន​ ៥ ​ដំណាក់កាល​ដែល​បាន​បញ្ចប់​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៨ អ្នកស្រី ហេង ស៊ីវឡាង ដែល​ទទួលបាន​ជយលាភី​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​សប្បាយ​ចិត្ត​ពេល​ឃើញ​ចំនួន​កីឡាការិនី​ចូលរួម​ការប្រណាំង​កង់​បាន​កើនឡើង​។

«​កាលពី​មុន​មាន​តែ​ខាង​ក្រសួង​មហាផ្ទៃ និង​ក្លិប​កង់​ហោះ​ទេ​ដែល​មាន​កីឡាការិនី ប៉ុន្តែ​ឥឡូវ​នេះ​ឃើញ​ថា​ក្លិប​ផ្សេងៗ​ទៀត​បាន​ព្យាយាម​រក​កីឡាការិនី​មក​ប្រកួត​ដែរ ដែល​ធ្វើឲ្យ​ចំនួន​អត្តពលិក​ជា​ស្ត្រី​មាន​ការកើនឡើង​ពី​ ៥ ​នាក់​ទៅ​ជាង ​១០ ​នាក់​។ ប៉ុន្តែ​បើ​យើង​ចង់​មាន​ឱកាស​ឈ្នះ​បាន​មេដាយ នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ គឺ​យើង​ត្រូវ​តែ​ជំរុញ​គាត់ និង​បង្ហាត់​ពួកគាត់​ចាប់ពី​ឥឡូវ​ទៅ​ព្រោះ​បើ​មាន​ភាពយឺតយ៉ាវ​កម្រិត​របស់​យើង​នឹង​នៅ​តែ​ខ្សោយ​ជាង​កីឡាការិនី​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​»​។

បន្ថែម​លើ​នេះ​កីឡាការិនី ហេង ស៊ីវឡាង ដែល​ជា​អាជីវករ​លក់​កង់ និង​មាន​ស្វាមី​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​គឺ​លោក​ឧកញ៉ា វង្ស ខាន់ពៅ នោះ បាន​បង្ហើប​ថា​ការ​ជិះ​កង់​ធ្វើឲ្យ​ស្ត្រី​មាន​ភាពរឹងមាំ​ទាំង​កម្លាំង​កាយ និង​កម្លាំងចិត្ត​ក្នុង​ការជម្នះ​ឧបសគ្គ​នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ក្រៅពី​ការប្រកួត​ប្រជែង​រក​មេដាយ​គឺ​កីឡា​ប្រណាំង​កង់​នេះ​បាន​នាំមក​នូវ​សុខភាព និង​ជួយ​ឲ្យ​ស្ត្រី​មាន​ភាពរហ័សរហួន​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​ខ្លួន​បាន​ជួប ហើយ​នៅក្នុង​ការរស់នៅ​ក៏​អ៊ីចឹង​ថា គឺ​គាត់​អត់​មាន​ការរារែក​ចិត្ត​ក្នុង​ការធ្វើ​អ្វី​មួយ​នោះ​ទេ ដោយសារ​ការ​ជិះ​កង់​បាន​ជួយ​ឲ្យ​គាត់​មាន​ទឹកចិត្ត និង​ស្មារតី​រឹងមាំ​មិន​ចាញ់​បុរសៗ​នោះ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍