Los Angeles: ប៉ូលិស​បាន​បញ្ជាក់​ពី​ថ្ងៃ​ចន្ទ​ថា កីឡាករ​ប្រដាល់​សកល​ Pernell Whitaker អតីត​ម្ចាស់​មេដាយ​មាស​អូឡាំពិក ​និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​កម្រិត​ទម្ងន់​ ៤ ​ប្រភេទ​បាន​ស្លាប់​ក្រោយពី​រូប​គេ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក​។

របាយការណ៍​ប៉ូលិស​បាន​និយាយ​ថា កីឡាករ​វ័យ​ ៥៥ ​ឆ្នាំ​រូប​នេះ​បាន​ស្លាប់​ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​នៅ​ចំណុច​ផ្លូវ​រង្វង់​មូល​នៅក្នុង​ទីក្រុង Virginia Beach កាលពី​ថ្ងៃ​អាទិត្យ​។

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «​នៅពេល​មន្ត្រី​ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ពួកគេ​បាន​ឃើញ​បុរស​ម្នាក់​ដែល​បាន​​រងគ្រោះ​ដោយសារ​រថយន្ត​បុក​ ហើយ​ជនរងគ្រោះ​នេះ​បាន​ស្លាប់​​នៅ​កន្លែង​កើតហេតុ​ដោយសារ​ស្ថានភាព​របួស​របស់​គាត់»។

ប៉ូលិស​បាន​និយាយ​ថា អ្នក​បើក​រថយន្ត​ដែល​​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​​មិន​បាន​រត់​គេច​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​​ជួយ​ផ្ដល់​ចម្លើយ​ប្រាប់​ប៉ូលិស​ទៀត​ផង​​។

កីឡាករ​ Whitaker ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដែល​ទទួល​បាន​ពាន​រង្វាន់​ច្រើន​បំផុត​នៅ​ក្នុង​ជំនាន់​របស់​​គេ​ និង​ជា​អ្នក​ពោរពេញ​ដោយ​ជំនាញ​ និង​បច្ចេកទេស​នៅក្នុង​អាជីព​ដ៏ជោគជ័យ​របស់​រូបគាត់​ក្រោយពី​បាន​មេដាយ​មាស​​ក្នុង​កម្រិត​ទម្ងន់​ស្រាល​​នៅ​ការប្រកួត​អូឡាំពិក​ឆ្នាំ​ ១៩៨៤ ​នៅ​ទីក្រុង​ Los Angeles សហរដ្ឋ​អាមេរិក​។

កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត ៤៦ ​លើក​គឺ​ឈ្នះ​ ៤០ ​លើក​ក្នុង​នោះ​ផ្ដួល​ឲ្យ​ដៃ​គូ​សន្លប់​ ១៧ ​លើក ចាញ់ ៤ លើក​ និង​ស្មើ​ ១ ​លើក​ ហើយ​រូប​គេ​មិន​បាន​ប្រកួត​ជាមួយ​កីឡាករ​​ណា​ម្នាក់​​ទេ​នៅ​មុន​ពេល​រូប​គេ​បាន​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​ ២០០១​។

កីឡាករ Whitaker បាន​ឈ្នះ​ខ្សែ​ក្រវាត់​ក្នុង​កម្រិត​ទម្ងន់​ ៤ ​​ប្រភេទ​គឺ​កម្រិត​ទម្ងន់ lightweight, ទម្ងន់ light welterweight, ទម្ងន់​ welterweight និង​ទម្ងន់ light middleweight។

កីឡាករ Whitaker រហស្សនាម​ថា «​Sweet Pea»​ នោះ​ត្រូវ​បាន​ទស្សនាវដ្ដី Ring ចាត់ទុក​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ ១៩៨៩​ និង​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​អាច​ប្រកួត​នៅ​​​គ្រប់​កម្រិត​ទម្ងន់​ល្អ​បំផុត​នៅក្នុង​ពិភពលោក​ក្នុង​អំឡុង​ពេល​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០។

កីឡាករ​ Whitaker ធ្លាប់​បាន​ប្រកួត​ជាមួយ​វីរបុរស​ប្រដាល់​សញ្ជាតិ​ម៉ិកស៊ិក Julio Cesar Chavez ដែល​ទទួល​​បាន​លទ្ធផល​ចម្រូងចម្រាស​ជា​ខ្លាំង​​នៅ​ពេល​នោះ​។

កីឡាករ​ទាំង​ ២ បាន​ប្រកួត​គ្នា​បែក​មុខ​រៀង​ៗ​ខ្លួន​​ ប៉ុន្តែ​ពួកគេ​បាន​បន្ត​ការប្រកួត​រហូត​ដល់​ចុងបញ្ចប់​នៅ​សង្វៀន​ San Antonio កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ១៩៩៣។

អ្នក​ទស្សនា​ភាគច្រើន​ជឿ​ថា កីឡាករ Whitaker បាន​ឈ្នះ​នៅក្នុង​ការប្រកួត​នោះ​ ប៉ុន្តែ​លទ្ធផល​គឺ​ចៅក្រម​បាន​សម្រេច​​ផ្ដល់​ពិន្ទុ​ឲ្យ​ស្មើ​គ្នា​ទៅ​វិញ​​។

កីឡាករ​រងគ្រោះ​រូប​នេះ​បាន​បន្ត​ចាញ់​ការប្រកួត​នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ Oscar de la Hoya នៅ​ឆ្នាំ​ ១៩៩៧ ជា​ពេល​ដែល​រូប​គេ​បាន​ដាក់​ខ្សែក្រវាត់​ WBC កម្រិត​ទម្ងន់​ក្រោម​មធ្យម​របស់​ខ្លួន​​។

បន្ទាប់ពី​ចាញ់​កីឡាករ Felix Trinidad នៅ​ឆ្នាំ​ ១៩៩៩ ហើយ Whitaker បាន​ប្រកួត​បន្ត​ទៀត​មុន​ពេល​ទី​បំផុត​បាន​ប្រកាស​ចូលនិវត្តន៍​ក្រោយពី​ប្រកួត​ចាញ់​កីឡាករ Carlos Bojorquez នៅ​ខែ​មេសា ឆ្នាំ​ ២០០១​៕ SN