ភ្នំពេញ៖ ​កីឡាករ​ជើង​ថ្មី ពោរពេញ​ដោយ​បទពិសោធ ខេម ចាន់ និង ហ៊ឹម គឹមរៀង ដែល​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ នៅ​ស៊ីហ្គេម ឆ្នាំ ​២០១៩ ​នោះ អាច​នឹង​ត្រូវ​ប៉ះ​គ្នា ព្រោះ​អ្នក​ទាំង ​២ គឺ​ជា​បេក្ខភាព​ ដែល​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៤ ​គីឡូក្រាម ជាមួយ ឃួន ឡាំងកូស៊ីន និង ពេជ្រ ប៊ុនសិដ្ឋ ក្នុង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​ថ្ងៃ​អាទិត្យ​នេះ។

យ៉ាង​ណា​ក៏​ដោយ ​ខេម ​ចាន់ ​ត្រូវ​បាន​គេ​មើល​ឃើញ​​​ថា​ មាន​កម្រិត​វិជ្ជា​គុន ​និង​សមត្ថភាព ​ព្រម​ទាំង​បទពិសោធ​ល្អ​ ដាច់​ជាង ហ៊ឹម គឹមរៀង និង​បេក្ខភាព ​២ នាក់​ទៀត ប៉ុន្តែ​លទ្ធផល​ចាញ់​ ឬ​ឈ្នះ​គ្នា ​អាច​នឹង​មាន​​លក្ខណៈ​តឹងតែង​បំផុត ​គឺ​​ភាគរយ​នៃ​ការ​ឈ្នះ​គ្នា​ដោយ​ផ្តួល​ឲ្យ​សន្លប់​មាន​​តិច​ណាស់​។

កីឡាករ​ជម្រើស​ជាតិ​ ខេម ចាន់ ធ្លាប់​បាន​ចូល​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ​ម្តង​ហើយ ប៉ុន្តែ​បាន​ចាញ់​ពិន្ទុ ​វ៉ាន់​ រឿន​ នៅ​ក្នុង​វគ្គ​ជម្រុះ ប៉ុន្តែ​ចំពោះ​បេក្ខភាព​ប្រកួត​លើក​នេះ ​ខេម​ ចាន់ ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ​មាន​ភាគរយ​ច្រើន​ជាង​គេ ​ក្នុង​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ឬ​ដណ្តើម​បាន​ប្រាក់​លាន​ ខណៈ​ព្រឹត្តិការណ៍​នេះ តម្រូវ​ឲ្យ​អ្នក​ទាំង ​៤ ចាប់​ឆ្នោត​មុន​ការ​ប្រកួត​វគ្គ​ជម្រុះ​មាន ​៣ ​ទឹក ហើយ​អ្នក​ឈ្នះ​ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​មាន​ត្រឹម ​១ ​ទឹក ​ស្មើ ​៩ នាទី។​

អតីត​អ្នក​ប្រដាល់​​ជើង​ខ្លាំង ​ពេជ្រ​ សុផាន់​ ដែល​​ជា​គ្រូ​បង្វឹក​របស់ ​ពេជ្រ ​ប៊ុនសិដ្ឋ បាន​ប្រាប់​ថា​៖ ​«​ប៊ុន​សិដ្ឋ ​ហ្វឹកហាត់​បាន​ល្អ​ ​តែ​ទោះ​ជា​ចាប់​ឆ្នោត​ប៉ះ​អ្នក​ណា ក៏​លំបាក​ឈ្នះ​ដូច​គ្នា​ ព្រោះ​សុទ្ធ​តែ​អ្នក​មាន​បទ​ពិសោធ​​ប្រកួត​យូរ​មក​ហើយ​ ក្នុង​នោះ ​ហ៊ឹម​ គឹម​រៀង ​និង ​ខេម ​ចាន់​ គឺ​កីឡាករ​វ័យ​ក្មេង​ដែរ ​តែ​ចាស់​វស្សា​ និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ស៊ីហ្គេម​ដូច​គ្នា ​ចំណែក​ ឃួន​ ឡាំកូស៊ីន​ វិញ​ថ្វី​ដ្បិត​មិន​សូវ​ប្រកួត​នៅ​ភ្នំពេញ​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ជាមួយ​លោក​គ្រូ ​សាន់ ​សៅយ៉ាន់​ ភាគ​ច្រើន​ចេញ​ទៅ​ប្រកួត​នៅ​ស្រុក​ថៃ ​គឺ​ល្អ​ណាស់»​។

ពេជ្រ សុផាន់ បាន​បន្ថែម​ថា៖​ «ការ​ប្រកួត ​៥ ​លើក​ចុង​ក្រោយនេះ ប៊ុន​សិដ្ឋ ​ឈ្នះ​ជានិច្ច​ ក្នុង​នោះ​មាន ​ម៉ន ​ភីរម្យ​, សាស្ត្រា វុធ​ និង ​ចាន់​ សាន់​ ផង​ដែរ​ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​សង្ឃឹម​ច្រើន​ទេ​ គឺ​វា​អាស្រ័យ​លើ​សង្វៀន​ជាក់​ស្តែង​។ យ៉ាង​ណា​ក៏​ដោយ ប៊ុនសិដ្ឋ ល្អ​កណ្តាប់​ដៃ​ និង​ទាត់​ជើង​ក្រោម​ ហើយ​បើ​មាន​ឱកាស​ល្អ ​យើង​ផ្តួល​បាន​ភ្លាម​ៗ ​ប៉ុន្តែ ​បើ​ប៉ះ​ ខេម ចាន់ ក្នុង​​វគ្គ​ដំបូង ​គឺ​ជា​ឧបសគ្គ​ធំ​តែ​ម្តង​​»​។​

ស្រដៀង​គ្នា​នេះ លោក ​សាន់ ​សៅយ៉ាន់ ​ប្រាប់​ថា​៖ «ឃួន ​ឡាំកូស៊ីន ​ពិត​ជា​លំបាក​ក្នុង​ការ​ប៉ះ​អ្នក​ទាំង ​៣​ ប៉ុន្តែ​មិន​មែន​គ្មាន​សង្ឃឹម​ទេ ​គឺ​យុទ្ធសាស្ត្រ​ យើង​នឹង​ផ្តល់​ឲ្យ​ភ្លាមៗ​ពេល​ប្រកួត​​ជាក់​ស្តែង​។​ ឡាំកូស៊ីន ​ថ្មី​នៅ​ភ្នំពេញ​​ តែ​ប្រកួត​បាន​ច្រើន​នៅ​ថៃ​ អ៊ីចឹង​បើ​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ការ​ចាញ់​ ឬ​ឈ្នះ​ គឺ​អស់​ចិត្ត​ ​ព្រោះ​គេ​មិន​ដាក់​ពិន្ទុ​នាំ​ឲ្យ​មាន​ភាព​អយុត្តិធម៌​កើត​ឡើង ​ប៉ុន្តែ​ខ្ញុំ​បារម្ភ​លទ្ធផល​ប្រកួត​នៅ​វគ្គ​ជម្រុះ​ ​៣ ​ទឹក​​វិញ​ទេ​ ដែល​លទ្ធផល​ពេល​ខ្លះ​មិន​អស់​ចិត្ត​»​។​

លោក ​ម៉ៅ ​វុត្ថា ​ពិធីករ ​និង​ជា​អ្នក​គ្រប់គ្រង​ទិន្នន័យ​​កីឡាករ​នៅ​សង្វៀន​ថោន​និយាយ​ថា៖​ «​​តាម​ប្រវត្តិ ​និង​បទពិសោធ​​ប្រកួត​របស់​អ្នក​ទាំង ​៤ នេះ ​​ខេម ​ចាន់ ​និង ហ៊ឹម ​គឹមរៀង​ ចាស់​វស្សា​ជាង​មែន ​ប៉ុន្តែ​ក្បាច់ ​និង​ស្នៀត​ប្រកួត ព្រម​ទាំង​កម្លាំង​​របស់​ជើង​ថ្មី​​ ​ឃួន​ ឡាំ​កូស៊ីន​ និង ​ពេជ្រ​ ប៊ុន​សិដ្ឋ ​វិញ ​សាង​សមត្ថភាព​បាន​ល្អ​ណាស់​ គឺ​ឈ្នះ​រៀម​ច្បង​មួយ​ចំនួន​ធំ​ដូច​គ្នា​។​ ហេតុ​នេះ ​មិន​អាច​ទស្សន៍ទាយ​មុន​បាន​ទេ ​ទោះបី​ជា​បទពិសោធ​ប្រកួត​ឃ្លាត​ខុស​ពី​គ្នា​ក៏​ដោយ ហើយ​គណៈកម្មការ​ផ្គូផ្គង​បាន​ពិនិត្យ​ឲ្យ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ គ្រាន់​តែ​ ខេម ​ចាន់​ចាស់​វស្សា​ជាង​មែន»​​៕​