ភ្នំពេញ៖ ​អ្នក​ប្រដាល់ ​ណាត ​សៀកនិន​ (ពេជ្រ ​ម្ទេសខ្មាំង ) ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​​ស៊ីហ្គេម​នោះ គឺ​គ្មាន​ឈ្មោះ​នៅ​​​ក្រុម​ជម្រើសជាតិ​ប្រដាល់​សកល​ឆ្នាំ ​២០២០ ​ទៀត​នោះ​ទេ ​ហើយ​បញ្ហា​នេះ ត្រូវ​​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​អះអាង​ថា​ ​ម្ទេសខ្មាំង ​ខ្សោយ​ផ្នែក​វិន័យ ​នាំ​ឲ្យ​កម្រិត​បច្ចេកទេស​ធ្លាក់​ចុះ ​ប្រកួត​ចាញ់​ជើង​ថ្មី​ថ្មោង​ងើប​មុខ​មិន​រួច​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ថ្ងៃ​អាទិត្យ​​នេះ ​ពេជ្រ ​ម្ទេសខ្មាំង ​ត្រូវ​បាន​គណៈកម្មការ​ប្រកួត​នៅ​សង្វៀន​ថោន​ ​ផ្គូផ្គង​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦០ គីឡូក្រាម ជាមួយ​ជើង​ថ្មីថ្មោង​ចំនួន ៣ នាក់​ទៀត ​ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ​។ យ៉ាង​នេះ​ក្តី​ បេក្ខភាព​ទាំង ​៣ ​ដែល​ខ្ចី​វស្សា​ និង​មាន​បទពិសោធ​តិច​នោះ គឺ​​មាន​កម្លាំង​ល្អ ​និង​ការ​វាយ​សម្រុក​ខ្លាំង ​ព្រម​ទាំង​មាន​សមត្ថភាព​យក​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​ច្រើន​មក​ហើយ​ ហើយ​អ្នក​ទាំង ​៣ ​នោះ មាន អេលីត​ ឡុងឡី ​មក​ពី​ក្លិប​ប៉ែន​កាត់​គុន​ខ្មែរ​, ​សំ ​អាន​ ​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ និង​ សេក ​ចៅជូត ​ក្លិប​អង្គរជ័យ​ខេត្ត​សៀមរាប​។

ប្រភព​ពី​គណៈកម្មការ​ផ្គូផ្គង​ឲ្យ​ដឹង​​ថា ​ក្នុង​ចំណោម​បេក្ខភាព​ថ្មី​ទាំង ​៣ ​នាក់​នេះ ប្រសិន​​បើ ​ពេជ្រ ​ម្ទេស​ខ្មាំង ​មិន​អាច​យក​ឈ្នះ​បាន​នោះ​ គឺ​អាជីព​របស់​ ម្ទេសខ្មាំង ​ទំនង​ជា​អស់​ប្រិយភាព​ហើយ​ ​ព្រោះ​ការ​រៀបចំ​នេះ ​គឺ​ផ្តល់​ឱកាស​ឲ្យ ​ម្ទេសខ្មាំង ​មាន​លទ្ធភាព​ និង​មាន​ប្រៀប​ច្រើន​ផង​ដែរ ​ដើម្បី​ស្តារ​មុខ​មាត់​ក្នុង​គុន​ខ្មែរ​វិញ​ម្តង​ ខណៈ​ប្រហែល ​១ ឆ្នាំ​ចុង​ក្រោយ​ ​ម្ទេសខ្មាំង ប្រកួត​ចាញ់​​ញឹកញាប់ ​​សូម្បី​តែ​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ ទើប​តែ​ឡើង​មក​ថ្មីៗ ​ក៏​ចាញ់​ដែរ ​គឺ​បង្ហាញ​នូវ​កម្លាំង​ធ្លាក់​ចុះ​ឆ្ងាយ​ជាង​មុន​ណាស់​។​

លោក ​ប៊ុយ ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធកីឡា​ប្រដាល់​សកល​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​​ណាត ​សៀកនិន ​ឬ ​ពេជ្រ ​ម្ទេសខ្មាំង​នេះ ​ត្រូវ​បាន​កាត់​ចោល​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ ​នៅ​ឆ្នាំ ​២០២០ ​នេះ​ ដោយសារ​បញ្ហា​មិន​គោរព​វិន័យ​ក្នុង​ការ​​ប្រមូល​ផ្តុំ​ និង​ហ្វឹកហាត់។ ​កីឡា​បើ​ខ្សោយ​វិន័យ​ និង​ហាត់​មិន​បាន​ល្អ ​គឺ​ឡើង​ប្រកួត​ចាញ់ ​​ហើយ​បន្ទាប់​មក​​​ក្នុង​រយៈពេល​ជិត ​១ ​ឆ្នាំ​នេះ ​ម្ទេសខ្មាំង​ ប្រកួត​ចាញ់​ច្រើន​ពេក»​។​

ចំណែក លោក​ អាត់​ សំរិទ្ធ​ គ្រូ​បង្វឹក​ ម្ទេសខ្មាំង​ បាន​និយាយ​ថា​៖ ​«ម្ទេសខ្មាំង ​ទើប​តែ​មក​ហ្វឹកហាត់​វិញ ​ក្នុង​រយៈពេល​ខ្លី​ ហើយ​មួយរយៈ​នេះ​ ហាត់​មិន​បាន​ល្អ ​ប្រកួត​ចាញ់​ច្រើន​ ចង់​បាក់​ទឹក​ចិត្ត​ ប៉ុន្តែ​សម្រាប់​សប្តាហ៍​នេះ​ ខ្ញុំ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ប្រកួត​បាន​ល្អ​ យក​ជ័យជម្នះ​ឲ្យ​បាន»​។​

លោក​បន្ថែម​ថា​៖ «​តាម​ខ្ញុំ​ពិនិត្យ​មើល​ ក្នុង​ចំណោម​អ្នក​ប្រដាល់ ​៣ ​នាក់​ទៀត ​ដែល​ត្រូវ​ចាប់​ឆ្នោត​ប៉ះ​​គ្នា​នេះ ​គឺ​មាន​កីឡាករ ​សេក ​ចៅ​ជូត ​ល្អ​គួរ​សម​ ដែល​លំបាក​យក​ឈ្នះ​ ប៉ុន្តែ​ អេលីត​ ឡុង​ឡី​ និង​ សំ​ អាន​ មិន​ជា​ឧបសគ្គ​ធំ​នោះ​ទេ​។​​ខ្ញុំ​នឹង​ប្រឹង​ជួយ​អប់រំ​ណែនាំ​ និង​បង្វឹក​ឲ្យ ​ម្ទេសខ្មាំង​ វិល​មក​ខ្លាំង​វិញ​ឲ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​»។​

ចំណែក ម្ទេសខ្មាំង ​​និយាយ​ថា​៖ «​នេះ​ជា​ពេលវេលា​ខ្ញុំ​ត្រូវ​​ខំ​ប្រឹង​ឡើង​វិញ​។ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ខ្ញុំ​មិន​សូវ​បាន​ហាត់ ​ដោយ​ជីតា​ខ្ញុំ​ឈឺ​ ​បន្ទាប់​មក​គាត់​ស្លាប់​ ហើយ​ប្រកួត​ចាញ់​ទៅ​ចង់​បាក់​ទឹក​ចិត្ត​តែ​ម្តង​។ ​ទោះ​ជា​យ៉ាង​ណា​ សម្រាប់​ការ​ប្រ​កួត​ថ្ងៃ​អាទិត្យ​នេះ​ គឺ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ក្នុង​នោះ​សង្ឃឹម​ឈ្នះ​ ដើម្បី​ស្តារ​មុខ​មាត់​ឡើង​វិញ​ ព្រោះ​ខ្ញុំ​ចង់​សាង​ភាព​ល្បី​ នៅ​គុន​ខ្មែរ​​ម្តង​ទៀត​»​។​

យ៉ាង​ណា​ក៏​ដោយ លោក​ សន ​អេលី ​គ្រូ​បង្វឹក​ ​អេលីត ​ឡុង​ឡី​ បាន​និយាយ​ថា​៖ «​កីឡាករ​ជើង​ថ្មី​ ឥឡូវ​ល្អ​ច្រើន​ គឺ​កម្លាំង​ល្អ ​ហើយ​បទ​ពិសោធ​ក៏​ល្អ​បណ្តើរៗ​ ហេតុ​នេះ​ជើង​ចាស់​មួយ​ចំនួន​ក៏​លំបាក​ឈ្នះ​ដែរ​។ ​ទោះ​យ៉ាង​ណា ​សម្រាប់​ការ​ប្រកួត​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ទស្សន៍​ទាយ​យ៉ាង​ណា​ទេ ​​គឺ​ស៊ី​សង​លើ​ការ​ប្រកួត​ជាក់​ស្តែង»​៕​