
ពេជ្រ ម្ទេសខ្មាំង (ឆ្វេង) បានត្រៀមចិត្តរួចជាស្រេចក្នុងការប្រកួតជាមួយជើងខ្លាំងរបស់វៀតណាម។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ: កីឡាករកម្ពុជាមានជំនាញទាំងប្រដាល់សកល និងសេរី ពេជ្រ ម្ទេសខ្មាំង បានធ្វើការប្តូរផ្តាច់ខ្លាំងទៅនឹងឧបសគ្គដែលរូបគេអាចនឹងប្រឈម សម្រាប់ការធ្វើដំណើរទៅប្រកួតជាមួយអ្នកប្រដាល់របស់វៀតណាម Nguyen Tran Duy Nhat ក្នុងព្រឹត្តិការណ៍ World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ានាយប់ថ្ងៃសុក្រចុងសប្តាហ៍នេះ ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតខ្សែក្រវាត់ពិភពលោក។
ម្ទេសខ្មាំងដែលបានយកឈ្នះកីឡាករមីយ៉ាន់ម៉ា Mite Yine ក្នុងការប្រកួតលើកទី ១ ក្នុងព្រឹត្តិការណ៍ World Lethwei Championship នេះកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ បានចាត់ទុកកីឡាករវៀតណាម Nguyen Tran Duy Nhat ដែលរូបគេត្រូវជួបលើកនេះថាជាជើងខ្លាំងដែលមានក្បាច់ និងចលនានៃការប្រកួតដូចគ្នាជាមួយរូបគេបេះបិទ។
កីឡាករមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រដាល់សកលរូបនេះបានប្រាប់កាលពីម្សិលមិញថា៖ «តាមការសិក្សា និងមើលទៅលើការប្រកួតរបស់កីឡាករវៀតណាម (Nguyen Tran Duy Nhat) នោះគឺគេជាកីឡាករល្អម្នាក់ដែរ ហើយរបៀបនៃការវ៉ៃដូចខ្ញុំអ៊ីចឹង គឺទាំងចលនាចេញ ចូល និងល្បិចនៃការប្រកួត អត់ខុសគ្នាអីបន្តិច គឺប្រឆាំងគ្នាតែម្តង ប៉ុន្តែមាឌរបស់គេ រាងធំជាងខ្ញុំបន្តិច»។
ទោះបីជាយ៉ាងណាម្ទេសខ្មាំងបានបញ្ជាក់ថា៖ «ទោះបីជាអ្នកឯងកូនផ្កាយ ៥ ឬមានមាឌធំប៉ុនគោ ក៏ខ្ញុំអត់ញញើតដែរ គឺឲ្យតែឡើងដល់លើសង្វៀនហើយ ទោះជាបងប្អូនបង្កើត ក៏ខ្ញុំវ៉ៃដែរ។ ទឹកចិត្តរបស់ខ្ញុំបែបនេះគឺគ្មានខ្លាចអ្នកឯងនោះទេ ហើយខ្ញុំតែងតែសង្ឃឹមទៅលើការប្រឹងប្រែងរបស់ខ្លួនឯង តែលទ្ធផលបែបណានោះយើងមើលមិនឃើញទេ គឺពេលប្រកួតចប់ទើបដឹងច្បាស់»។
កីឡាករ ពេជ្រ ម្ទេសខ្មាំង បានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាជាមួយគ្រូ MMA លោក ហ៊ុន ចាន់រាជ កាលពីម៉ោង ៤ ទៀបភ្លឺថ្ងៃពុធនេះ ហើយរូបគេបានហ្វឹកហាត់យ៉ាងដិតដល់ដើម្បីត្រៀមការប្រកួតជាមួយកីឡាករវៀតណាម Nguyen Tran Duy Nhat លើកនេះ។
ប៉ុន្តែបញ្ហារបួសឈឺដៃទាំងសងខាងដែលបន្សល់ទុកតាំងពីប្រកួតជាមួយកីឡាកររបស់មីយ៉ាន់ម៉ា Mite Yine កាលពីខែកញ្ញា ឆ្នាំ ២០១៨ នោះវាបានក្លាយការបារម្ភមួយចំពោះម្ទេសខ្មាំងផងដែរ។ កីឡាកររូបនេះបានបញ្ជាក់ថា៖ «ខ្ញុំបានហ្វឹកហាត់ត្រៀមរួចរាល់អស់ហើយដោយខ្ញុំបានបង្កើនបច្ចេកទេសខ្លាំងជាងមុន និងសុហ្វ តែខ្ញុំនៅបារម្ភរឿងឈឺដៃតិចតួច»។
ទោះបីជាយ៉ាងណាការចង់ពង្រីកភាពល្បីល្បាញ «គុនខ្មែរ» នៅលើឆាកអន្តរជាតិ និងមហិច្ឆតាយកឈ្នះ ដើម្បីទទួលបានឱកាសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅក្នុងកម្មវិធី World Lethwei Championship នៅមីយ៉ាន់ម៉ានេះបានជំរុញឲ្យម្ទេសខ្មាំងមានការតាំងចិត្តខ្ពស់បំផុត ដើម្បីជួបកីឡាករវៀតណាមក្នុងការប្រកួតដ៏សំខាន់មួយនេះ។
ពេជ្រ ម្ទេសខ្មាំង បានបញ្ជាក់ថា៖ «ខ្ញុំនឹងខិតខំតស៊ូ និងប្តេជ្ញាធ្វើឲ្យអស់ពីសមត្ថភាពដើម្បីកិត្តិយសខ្លួនឯង និងផ្សព្វផ្សាយគុនខ្មែរឲ្យគេបានស្គាល់ ពិសេសដើម្បីឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ ព្រោះបើខ្ញុំឈ្នះការប្រកួតនេះខ្ញុំនឹងបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកហេតុនេះសូមបងប្អូនទាំងអស់ជួយលើកទឹកចិត្ត និងគាំទ្រដល់ខ្ញុំផង ដើម្បីខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការប្រកួតដ៏សំខាន់នេះ»៕